ខេត្តស្ទឹងត្រែង÷ អាជ្ញាធរឃុំសាមឃួយ ស្រុកសេសានខេត្តស្ទឹងត្រែង បានដឹកនាំប្រជាពលរដ្ឋជាច្រើនរយគ្រួសារ រស់នៅភូមិស្រែតាប៉ានជួសជុលស្ពានអូរតាថាន់ទ្រុឌទ្រោមខ្លាំង ដើម្បីឆ្លងផុតភាពលំបាក ឲ្យងាយស្រួលធ្វើចរាចរណមុនរដូវវស្សាឈានមកដល់ មានសុវត្ថិភាព ពេលកូនចៅទៅរៀនទាន់ពេលវេលា។
លោកសាន ខាំផៃ សមាជិកក្រុមប្រឹក្សាឃុំសាមឃួយបានបញ្ជាក់ថា ស្ពាននេះមានប្រវែង២៤ម៉ែត្រទទឹងជិត ៤ម៉ែត្រ តភ្ជាប់ផ្លូវជួរមាត់ទន្លេរវាងភូមិស្រែតាប៉ានឃុំសាមឃួយ មកភូមិហាងខូបានសង្កត់សាមគ្គីក្រុងស្ទឹងត្រែង ហើយយើងបានជួសជុលរួចហើយនៅក្រោយពេលចួលឆ្នាំនេះ។
លោកបន្តទៀតថា ប្រជាពលរដ្ឋរួមកម្លាំងគ្នាជួសជុល ដើម្បីបម្រើផលប្រយោជន៍រួមទាំងអស់គ្នា ក្នុងការធ្វើចរាចរណ៍ទៅមក ដើម្បីបញ្ចៀសការគ្រោះថ្នាក់នៅរដូវទឹកទន្លេសេកុងឡើងមក។
បើយើងបានស្ពាននេះរួចប្រជាជនគាត់ ធ្វើដំណើរមិនពិបាកទេ ហើយការចុះតាមផ្លូវវាង វាមានហានីភ័យច្រើន ទីមួយផ្លូវវាបែកភក់ ទី២មកគឺទឹកឡើងមិនអាចដំណើរ ការបាន មានការគ្រោះថ្នាក់ តែបើយើងជួសជុលហើយស្ពាននេះ គឺប្រជាពលរដ្ឋយើងធ្វើដំណើរដឹកទំនិញ ឬក៏ដឹកកសិផលរបស់យើងទៅកាន់ទីផ្សារបាន។
លោក ផៃឡា តំណាងឲ្យប្រជាពលរដ្ឋនៅភូមិស្រែតាប៉ាន បានទទួលសស្គាល់ថា ស្ពាននេះមានអាយុកាលជាង១៥ឆ្នាំមកហើយ និងមានសភាពទ្រុឌទ្រោមបង្កឲ្យអ្នកដំណើរមានការព្រួយបារម្ភនៅពេលធ្វើដំណើរឆ្លងកាត់ ព្រោះខ្លាចបាក់នៅរដូវវស្សា ក្នុងពេលដែលទឹកទន្លេសេកុងជន់លិចមកនោះ។
លោកសាទរចំពោះ កម្លាំងសាមគ្គីរបស់បងប្អូនប្រជា ពលរដ្ឋយើងក្នុងភូមិដែលបានរួមគ្នាជាកម្លាំង ធ្វើសកម្ម ភាពជួសជុលបានរួចរាល់សម្រាប់បម្រើផលប្រយោជន៍ទូទៅ ក្នុងការទំនាក់ទំនងគ្នាពីភូមិមួយទៅភូមិមួយ និងងាយស្រួលបានទៅដោះដូរទំនិញនៅទីផ្សារ បង្កើនជីវ ភាពរស់នៅជាលក្ខណៈគ្រួសារ ព្រោះនៅតំបន់កសិករយើងភាគច្រើនជាអ្នកដាំបន្លែបង្ការ។
សូមបញ្ជាក់ថា ស្ពានអូរតាថាន់នេះបានសាងសង់ឡើងនៅឆ្នាំ២០០៨មានប្រវែង២៤ម៉ែត្រ ទទឹងជិត៤ម៉ែត្រ ហើយរងការខូចខាត ដោយសារទឹកជំនន់ទន្លេសេកុងលិចផ្ទួនៗគ្នា កាលពីឆ្នាំ២០១២កន្លងមក ទើបបង្កឲ្យបាក់ទ្រុឌទ្រោម ហើយភាពលំបាកនេះលោកស្វាយសំអ៊ាងអភិបាលខេត្ត បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន៥លានរៀល ឲ្យធ្វើការជួសជុលឡើងវិញ ដើម្បីប្រជាពលរដ្ឋយើងធ្វើចរាចរណ៍ទៅមកធានាមានសុវត្ថិភាព៕