ភ្នំពេញ៖ ខណៈមេឃកំពុងភ្លៀងខ្លាំងជនសង្ស័យ២នាក់បានលួចហែកទ្រុងដែកនៃបន្ទប់ឃាត់ខ្លួនក្នុងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវរត់យករួចខ្លួនបានសម្រេច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង ៥០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅចំណុចអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងបន្ទាប់ពីមេឃភ្លៀងលាយឡំខ្យល់កន្ត្រាក់ខ្លាំង ហើយភ្លាមៗនោះសមត្ថកិច្ចនៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានចេញកម្លាំងជាច្រើននាក់តាមស្វែងរកជនសង្ស័យទាំង២នាក់ដែលបានធ្វើសកម្មភាពហែកទ្រុងដែកបន្ទប់ឃាត់ខ្លួនក្នុងអធិការដ្ឋានខណ្ឌឫស្សីកែវ។
គួរបញ្ជាក់ផងដែរថា ជនសង្ស័យទាំងពីរ ក្នុងនោះម្នាក់ជាជនជាតិខ្មែរ និងម្នាក់ទៀតជាជនបរទេសស្បែកខ្មៅ ដោយជនសង្ស័យទាំង២បានជាប់ពាក់ព័ន្ធក្នុងករណី២ផ្សេងគ្នា ក្នុងនោះជនបរទេសស្បែកខ្មៅជាប់ពាក់ព័ន្ធពីបទឧក្រិដ្ឋកម្មសម្លាប់មនុស្សដោយចេតនា និងត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។
ចំណែកជនសង្ស័យជនជាតិខ្មែរ ជាប់ពាក់ព័ន្ធករណីលួចរថយន្តសេរីទំនើបពីមូលដ្ឋានខណ្ឌឫស្សីកែវ និងបានរត់គេចខ្លួនដល់ខេត្តបន្ទាយមានជ័យ ខណៈឈប់ចាក់សាំងនៅចំណុចស្រុកព្រះនេត្រព្រះ តែអត់លុយឱ្យគេ ត្រូវសមត្ថកិច្ចឃាត់បានកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ត្រូវបានបញ្ជូនខ្លួនមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។
រហូតមកដល់វេលាម៉ោង៨ព្រឹកថ្ងៃទី២៦ខែមេសាឆ្នាំ២០២៣នេះមិនទាន់មានដំណឹងពីជនសង្ស័យនៅឡើយនោះទេ ដោយជនទាំងពីរនេះកំពុងរត់គេចខ្លួន និងស្ថិតក្រោមការតាមដានស្រាវជ្រាវរបស់សមត្ថកិច្ច ដើម្បីតាមឃាត់ខ្លួនយកមកផ្តន្ទាទោសវិញផងដែរ៕ ដោយសហការី