ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២២កន្លងទៅនេះ សមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនជនសង្ស័យចំនួនជាង ២០នាក់ ទាក់ទងនឹងការផលិត និងការជួញដូរផលិតផលក្លែងក្លាយបញ្ជូនទៅកាន់តុលាការ ខណៈផលិតផលក្លែងក្លាយប្រមាណជាង ៣០តោន ត្រូវបានរឹបអូស និងដុតកម្ទេចចោលជាបន្តបន្ទាប់។
តាមការបញ្ជាក់របស់លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅ ឆ្នាំ២០២៣ របស់ គ.ប.ផ.ក កាលពីថ្ងៃទី២៦ ខែមេសាកន្លងទៅនេះ បានលើកឡើងថា ផលិតផលដែលត្រូវរឹបអូសបាន កាលពីកន្លងមក សុទ្ធតែមានហានិភ័យខ្ពស់ចំពោះអ្នកបរិភោគ និងអ្នកប្រើប្រាស់ ដោយវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ដោយសារតែការធ្វើរបស់ពួកគេខុសពីស្តង់ដា និងខ្លះទៀតហួសសុពលភាព (កាលបរិច្ឆេទ) ដូចជាប្រហិត និងសាច់ចម្រុះជាដើម។
លោកបញ្ជាក់ថា ក្នុងពេលប្រតិបត្តិការចុះបង្រ្កាបដល់ទីតាំងផលិតផលក្លែងក្លាយទាំងនោះ ក្រុមការងារក៏បានជួបនូវឧបសគ្គមួយចំនួនផងដែរ ដោយទីតាំងខ្លះខ្វះការសហការជាមួយ និងអាជ្ញាធរ និងខ្លះទៀតត្រូវបានអ្នកមានអំណាចមកកាង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមការងារនៅតែបន្តធ្វើដើម្បីសុខភាពរបស់ប្រជាពលរដ្ឋ និងដើម្បីសន្តិសុខជាតិ ខណៈផលិតផលក្លែងក្លាយទាំងនេះ ត្រូវបានអន្តរជាតិចាត់ទុកថា ជាបទឧក្រិដ្ឋឆ្លងដែនដ៏ធំនោះ៕ដោយ៖សហការី