អំពើហិង្សាពាក់ព័ន្ធនិងការប្រគួតបាល់ទាត់អឺរ៉ុបឆ្នាំ២០១៦ បានធ្វើឲ្យមនុស្សរហូតដល់ទៅ ៥៥៧នាក់ត្រូវចាប់
កាលពីថ្ងៃទី២០ ខែមិថុនា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារំាង លោក Bernard Cazeneuve និងរដ្ឋមន្ត្រីក្រសួងកីឡា លោក Patrick Kanner បានបញ្ចាក់ថា មានមនុស្ស ៥៥៧នាក់ត្រូវបានចាប់ខ្លួនដោយសារតែពួគគេបង្កអំពើហឹង្សានិងមានសកម្មភាពល្មើសច្បាប់ចាប់តាំងពីការប្រគួតបាល់ទាត់ពាន់រង្វាន់អឺរ៉ុបបានចាប់ផ្តើមឡើង។
ក្នុងចំណោមមនុស្សទាំង ៥៥៧នាក់ដែលបានចាប់ខ្លួននោះមាន ៣៤៤នាក់កំពុងឃុំខ្លួននៅឡើយ ២៧នាក់ត្រូវកាត់ទោសជាប់គុក និង២៥នាក់ដែលជាជនជាតិរុស្សីនោះត្រូវបណ្តេញចេញពីអឺរ៉ុប។
នេះជាតួលេខគួរឲ្យបារម្ភខណៈដែលការប្រគួតមិនទាន់ទាំងចប់វគ្គជម្រុះតាមពូលផងនោះ។ ប៉ុន្តែសម្រាប់បារំាងវិញដែលជាម្ចាស់ផ្ទះនោះមានការពេញចិត្តនិងសកម្មភាពការពារសន្តិសុខរបស់កម្លាំងប៉ូលិសរាប់ម៉ឺននាក់ ហើយការចាប់ខ្លួននោះគឺមិនចង់ឲ្យមានអំពើហឹង្សាកើតឡើងអាចជាលេសសម្រាប់ក្រុមភេរកម្មឆ្លៀតឱកាសវាយប្រហារ។
អំពើហិង្សាកើតឡើងនៅក្នុងទីក្រុងប៉ារីស រវាងក្រុមអ្នកគាំទ្រអង់គ្លេសនិងរុស្ស៊ីបណ្តាលឲ្យមានមនុស្សដល់ទៅ៣០នាក់រងរបួស។ ពលរដ្ឋរុស្ស៊ីនិងអង់គ្លេសមិនត្រឹមតែមានគំនុំនយោបាយនោះឡើយ ពលរដ្ឋប្រទេសទាំងពីរក៏ស្អប់គ្នាខ្លាំងណាស់ដែរ។
បញ្ហាសន្តិសុខគឺជាបញ្ហាសំខាន់បំផុត ហើយដែលអាជ្ញាធរបារាំងខិតខំប្រឹងប្រែងធ្វើព្រោះថា ដូចយើងដឹងស្រាប់ហើយទីក្រុងប៉ារីសបានរងភេរវកម្មផ្ទួនៗគ្នានៅឆ្នាំ២០១៥។ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពានរង្វាន់អឺរ៉ុបលើកនេះគឺជាព្រឹត្តិការណ៍ធំណាស់។ បើតាមការប៉ាន់ស្មានមានមនុស្សចូលរួមដែលជាអ្នកគាំទ្រកីឡាបាល់ទាត់នោះ ប្រមាណជា ៨លាននាក់ ហើយក្នុងនោះគឺ ២លាននាក់គឺជាជនបរទេសដែលធ្វើដំណើរមកបារាំងដើម្បីទស្សនាការប្រកួត។
រដ្ឋាភិបាលបារាំងបានប្រកាសថា ការការពារសន្តិសុខនឹងត្រូវធ្វើឲ្យបានកម្រិតខ្ពស់បំផុតមិនថានៅតាមពហុកីឡាដ្ឋាន ឬក៏នៅតាមទីប្រជុំជននានាទេ។ មានទីក្រុងធំៗរបស់បារាំងចំនួន១០ ដែលនឹងត្រូវទទួលធ្វើជាអ្នករៀបចំការប្រកួត។ កម្លាំងការពារសន្តិសុខ ប្រមាណជា៩ម៉ឺននាក់នឹងត្រូវដាក់ពង្រាយនៅតាមទីតាំងសំខាន់ក្នុងឱកាសការប្រកួត ដែលមានរយៈពេលមួយខែនេះ។ អាជ្ញាធរបារាំងក៏បានបង្កើតកម្មវិធីទូរស័ព្ទមួយផងដែរដើម្បីអនុញ្ញាតិឲ្យអ្នកប្រើប្រាស់ធ្វើការជូនដំណឹងបន្ទាន់ក្នុងករណីមានការសង្ស័យថា អាចមានអំពើភេរវកម្មនៅទីកន្លែងណាមួយ។
តែយ៉ាងណាក៏ដោយសម្រាប់អ្នកដែលខ្លាច អ្នកដែលមិនទុកចិត្តក៏គេនៅតែព្រួយបារម្ភដដែល។ ជាក់ស្តែងកីឡាករបាល់ទាត់មួយចំនួនបានទាំងហាមប្រាមមិនឲ្យប្រពន្ធកូនរឺក្រុមគ្រួសារមកមើលការប្រកួតនៅបារាំងទេ ដោយខ្លាចក្រែងមានភេរវកម្ម។ ប៉ុន្តែសម្រាប់លោក ហ្រ្វង់ស័រ ហូឡង់ ក៏ដូចជាក្នុងនាមរដ្ឋាភិបាលបារាំង លោកបានប្រកាសថា គ្រប់គ្នាដឹងអំពីគ្រោះថ្នាក់ តែបើយើងសំងំនៅតែក្នុងផ្ទះមិនធ្វើអ្វីសោះមានន័យថា ពួកយើងចុះចាញ់ពួកភេរវករយង់ឃ្នងទាំងនោះ។ កីឡាគឺបង្ហាញពីមិត្តភាព ភាតរភាពរវាងជាតិសាសន៍ទាំងអស់ ដូច្នេះគ្រប់គ្នាត្រូវតែមានសិទ្ធិ មានឱកាសសប្បាយរីករាយជាមួយនឹងការប្រកួតទាំងនេះ ដែលបារាំងមានកិត្តិយសធ្វើជាម្ចាស់ផ្ទះ៕
ប្រែសម្រួល៖ សាធី