ភ្នំពេញ៖ បើតាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះថា, កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចអនុម័តលើសេចក្ដីព្រាងច្បាប់ស្ដីពី «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន»។
សេចក្ដីព្រាងច្បាប់នេះបានពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសជាសមាជិកទាំងអស់ តាមរយៈការលើកកម្ពស់ និងការសម្របសម្រួលដល់ការប្រើប្រាស់នូវកាលានុវត្តភាពកាន់តែប្រសើរ ដែលផ្ដល់ដោយកិច្ចព្រមព្រៀងនេះ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងផ្នែកនិយ័តកម្ម ការបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស និងការបង្កើនការចូលរួមរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងសកម្មភាពពាណិជ្ជកម្មនិងការវិនិយោគ និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងប្រទេសសមាជិកអាស៊ាន ដើម្បីសម្រេចបាននូវសមភាពតុល្យភាព និងនិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
លោកបានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន នឹងផ្តល់នូវអត្ថប្រយោជន៍លើការ ពង្រីកបន្ថែមនិងធ្វើឱ្យកាន់តែស៊ីជម្រៅនូវសមាហរណកម្មពាណិជ្ជកម្មសេវាកម្ម ដើម្បីជំរុញសមាហរណកម្មពាណិជ្ជកម្មសេវាកម្មអាស៊ានទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងវិស័យសេវាកម្មរបស់ប្រទេសសមាជិកផងដែរ ។
លោក ផៃ ស៊ីផាន បានឱ្យដឹងថា សេចក្ដីព្រាងច្បាប់ស្ដីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន មានគោលបំណងសំខាន់ៗ លើការ ពង្រឹងការតភ្ជាប់សេដ្ឋកិច្ចនិងផ្តល់កាលានុវត្តភាពកាន់តែប្រសើរឡើង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។ បង្កើនការធ្វើពាណិជ្ជកម្មនិងការវិនិយោគលើវិស័យពាណិជ្ជកម្មសេវាកម្ម ដោយបង្កើតទីផ្សារកាន់តែទូលំទូលាយ និងកាត់បន្ថយការរឹតត្បិតចំពោះពាណិជ្ជកម្មសេវាកម្ម ការវិនិយោគ និងបង្កើតបរិយាកាសពាណិជ្ជកម្មដែលអាចព្យាករណ៍បាន៕
ដោយ : សហការី