ខេត្តឧត្តរមានជ័យ : ជនសង្ស័យម្នាក់ ចំណោម ២នាក់ ដែលហែកន្លែងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាន ខណ្ឌឬស្សីកែវ រត់គេចខ្លួន .. ពេលនេះ ប៉ូលិសចាប់បាន មកវិញហើយ នៅខេត្តឧត្តរមានជ័យ ។ ដូចឡែកជនជាតិស្បែកខ្មៅមួយរូប ទៀត មិនទាន់ឃាត់ខ្លួនបាននៅឡើយទេ។
សូមបញ្ជាក់ថា, ជនសង្ស័យ ដែលត្រូវចាប់ឃាត់ខ្លួនមកវិញនោះ មានឈ្មោះ ផល ភីរុំ ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅ យានដ្ឋានជួសជុលរថយន្ត ផ្លូវ១៨០៥ ក្រុមទី៣ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅខេត្តឧត្តរមានជ័យ បន្ទាប់ពីធ្វើសកម្មភាព លួចរថយន្តម៉ាក RANG ROVER ស៊េរីឆ្នាំ២០១៤ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2BT5818 មួយគ្រឿង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ចំណុចផ្លូវ1805 ក្រុម3 ស្ថិតក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
សូមរំលឹកថា : លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ពិតជាមានករណីជនសង្ស័យ២នាក់ បានលួចរត់ចេញពីកន្លែងឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ប្រាកដមែន កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។
ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានបញ្ជាក់ថា មូលហេតុដែលបង្កឱកាសឲ្យជនសង្ស័យទាំងពីរនាក់នោះ លួចរត់ចេញពីកន្លែងឃុំខ្លួនបណ្ដោះអាសន្ន គឺដោយសារពេលកើតហេតុមេឃភ្លៀង និងមានខ្យល់ខ្លាំង ពេលនោះស្រាប់តែឆ្លងចរន្ដអគ្គិសនីដាច់ភ្លើង។
នៅពេលដាច់ភ្លើងនោះ ក៏ស្រាបតែលឺសំឡេងឆោឡោឡើងនៅបន្ទប់ឃុំខ្លួនបណ្ដោះអាសន្ន ពេលនោះកម្លាំងនគរបាលបានចូលទៅពិនិត្យឃើញមានរបើកជ្រីជញ្ជាំង ទំហំប្រហែលកន្លះម៉ែត្រ ដែលអាចឲ្យជនសង្ស័យទាំងពីរលូនចេញក្រៅបាន។
អ្នកនាំពាក្យរូបនេះ បានបន្ដទៀតថា ជនសង្ស័យទាំងពីរនាក់នោះ ម្នាក់ជាជនជាតិបរទេស ដែលត្រូវបានចាប់ឃាត់ខ្លួនពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សាលើជនជាតិបរទេសដូចគ្នា និងម្នាក់ទៀត ជាជនជាតិខ្មែរ ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីលួចរថយន្ដនៅខេត្តបន្ទាយមានជ័យ ក្រោយលួចរថយន្តចេញពីទឹកដីខណ្ឌឬស្សីកែវ។
បច្ចុប្បន្ននេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងរួមដៃគ្នា ដើម្បីស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យទាំងពីរនាក់នេះមកផងដែរ។
ទីបំផុត ! ជនសង្ស័យម្នាក់ ចំណោម ២នាក់ ដែលហែកកន្លែងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាន ខណ្ឌឬស្សីកែវ ឃាត់ខ្លួនបានម្នាក់ហើយ ដល់ខេត្តឧត្តរមានជ័យ៕
ដោយ : សិលា