ខេត្តកណ្តាល : តាមរយៈ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានបង្ហោះព្រោងព្រាតពី ឈ្មោះ បាន ប្រាក់ ឋានះឧត្តមសេនីយ៍ទោ យោធា ល្បីខាងរំលោភយកដីប្រជាពលរដ្ឋ និងយកឈ្មោះថ្នាក់លើ មកប្រើ ថែមទៀត តើសម័យនេះហើយ លោកផ្កាយ២ បាន ប្រាក់ ធ្វើបានទៀតមែន ខណៈលោកម្នាក់នេះ មានរឿងរ៉ាវដីធ្លីច្រើនណាស់ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល រហូតដល់ឧកញ៉ាម្នាក់ ដែលធ្លាប់អោយ លោក បាន ប្រាក់ រៀបចំដីអោយ ក្លាយជាអ្នកក្រ អស់ទ្រព្យសម្បត្តិ ផ្ទះសម្បែង ។
facebook មួយបានសរសេរថា, ឪពុកស្លាប់ , ម្តាយឈឺដេកពេទ្យ កូនស្រីធ្វើសន្តិសុខ រ៉ាប់រងចិញ្ចឹមកូន៥នាក់ ព្រោះតែលោកផ្កាយ២ ធ្វើសុីយកដីគាត់ សូមបងប្អូនជួយសែរអោយបានដល់សម្តេចផង….!
facebook ដដែលបានលើកឡើងថា, កាលពីថ្ងៃទី២៧/០៤/២០២៣ ក្រុមការងារយើង បានស្កាត់ទៅជួបប្អូនស្រី ដែលមានវ័យជាង៣០ឆ្នាំ នាងបានរៀបរាប់ទាំងទឹកភ្នែកថា ៖ ដើមឡើយក្នុងឆ្នាំ ២០០៧ ខែ១២ ថ្ងៃ១២ លោកផ្កាយ២ឈ្មោះ បាន ប្រាក់ មកទិញដីឪពុកនាង១០ហត្ថ ដែលជាដីស្រះឈូក ដោយអោយក្នុង១ហត្ថ ៣៥០០ដុល្លារ ដោយធ្វើកិច្ចសន្យាកក់លុយ ៩០០ដុល្លា រថ្ងៃទី៣០ខែ០៨ឆ្នាំ២០០៨ ។
ក្រោយៗមក លោកផ្កាយ២ដដែលនេះ បានឃុបឃិតគ្នាជាប្រព័ន្ធ ក្លែងបន្លំឯកសារទិញលក់ លេបត្របាក់យកដីលោកតា ឡឹក ធន ដែលត្រូវជាឪពុកនាងបានសំរេច ដើម្បីយកលក់អោយ មុំ មរកត ។ ក្រោយការធ្វើសុីដីគាត់មក ក៏មានការប្តឹងផ្តល់គ្នាទៅព្រហ្មទណ្ឌ ខាងព្រហ្មញ្ញក៏បានបញ្ចាក់យ៉ាងច្បាស់ថា ឯកសារការទិញលក់របស់លោកផ្កាយ២ ជាឯកសារក្លែងក្លាយ មិនប្រក្រតី ។
ដោយសារឈឺចិត្តគ្រាំទ្រូង យល់ថាអយុត្តិធម៌ ឪពុកនាងក៏បានលាចាកលោក ឯម្តាយចាស់ជរារបស់នាង ក៏ត្រូវឈឺធ្ងន់កំពុងសង្រ្គោះបន្ទាន់ក្នុងមន្ទីរពេទ្យ ។ នាង និងប្តីត្រូវគ្មានជំរកស្នាក់នៅ សុំកូនបន្ទប់គេស្នាក់នៅ ដោយត្រូវរ៉ាប់រងចិញ្ចឹមកូន៥នាក់ក្នុងបន្ទុក ដែលសព្វថ្ងៃកូនៗមិនបានរៀនសូត្រ ព្រោះម្តាយរវល់ធ្វើសន្តិសុខប្រាក់ខែ ១៦០ដុល្លា ដើម្បីចិញ្ចឹមក្រពះ ហើយបន្ទុកគ្រួសារមើលប្អូនៗ ធ្លាក់លើកូនបង ដែលសព្វថ្ងៃមានអាយុត្រឹមតែ១០ឆ្នាំ គឺមើលប្អូន៤នាក់ ។
សូម #សម្តេចតេជោសែន #សម្តេចគតិព្រឹទ្ធបណ្ឌិត សូមជួយរកយុត្តិធម៌អោយគ្រួសារគាត់ផង ។ ព្រោះជីវិតគ្រួសារគាត់ ត្រូវលោកផ្កាយ២ ឈ្មោះ បាន ប្រាក់..ធ្វើការគំរាមគំហែងគ្រប់ពេល ដែលលោកផ្កាយ២រូបនេះ តែងតែយកឈ្មោះឯកឧត្តម #ហ៊ុនម៉ាណែត ធ្វើរឿងអោយពលរដ្ឋក្តៅក្រហាយច្រើនណាស់ ។
សូមបញ្ចាក់ថា ៖ ទីតាំងដីកើតហេតុ ស្ថិតក្នុងភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ឯកសារក្លែង ដែលលោកផ្កាយ២ បន្លំជាមួយនិងស្នាមមេដៃ ចែកជា៣ប្លង់
១/លោកតា ឡឹក ធន និងប្រពន្ធ ៤ហិតា
២/ឌៀប ណុប និងប្រពន្ធ ពាំង ស្រីហាច ៣ហិតា
៣/អាន អុល និង ពាំង សុខគឿន ៣ហិតា ដោយលោកផ្កាយ២ ដាក់ថាជាប្តីប្រពន្ធ តែធាតុពិតទាំង២នាក់នេះ ជាបងថ្លៃប្អូនថ្លៃ ហើយជាមនុស្សប្រុសទាំងពីរនាក់
៤/ឯកសារ និងស្នាមមេដៃ សុទ្ធតែក្លែងក្លាយ។
បើតាមការអោយដឹងពី ប្រជាពលរដ្ឋ លោក បាន ប្រាក់ ហក់លោត រឿងដីធ្លីនេះ តាំងជាក្មេងពាក់ស័ក្តិ៣មកម្លេះ រឿងនៅតុលាការខេត្តកណ្តាលរាប់ភ្លេច ប៉ុន្តែ បាន ប្រាក់ នៅតែ បាន ប្រាក់ ដដែល ?
ពាក់ព័ន្ធក្នុងករណីនេះ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត” មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេពីលោកឧត្តមសេនីយ៍ទោ បាន ប្រាក់ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ដោយគ្មានលេខទូរស័ព្ទ ប៉ុន្តែអង្គភាពយើងខ្ញុំរង់ចាំការទទួល ជុំវិញរាល់ការបកស្រាយ គ្រប់ម៉ោងរដ្ឋបាល ប្រសិនបើមានហេតុផលច្បាស់លាស់៕
ដោយ : សហការី