ភ្នំពេញ : ក្រសួងទេសចរណ៍ បានចេញ សេចក្តីជូនដំណឹងស្តីពីការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងកីឡា កម្ពុជា វៀតណាម និងថៃ នៅទីលានតេជោ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។
ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សមាគមទេសចរណ៍ ផ្នែករដ្ឋ ឯកជន ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជនមេត្តាជ្រាបថា ក្រសួងទេសចរណ៏ សហការជាមួយមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ រដ្ឋបាលខេត្តព្រះសីហនុ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំ “ព្រឹត្តិការណ៍ទេសចរណ៍ និងកីឡា កម្ពុជា វៀតណាម និងថៃ នៅទីលានតេជោ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយយុទ្ធនាការ “ឆ្នាំទស្សនា កម្ពុជា ២០២៣ ក្រោមពាក្យស្លោក “គ្រប់ថ្ងៃគឺជាអច្ឆរិយភាព” និង “កម្ពុជា ជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២” ព្រមទាំងផ្សព្វផ្សាយ “ផែនការយុទ្ធសាស្ត្រ និងទាក់ទាញទេសចរជាតិ- អន្តរជាតិរវាងខេត្តតាមតំបន់ឆ្នេរនៃប្រទេសកម្ពុជា វៀតណាម និងថៃ។ ពិព័រណ៍នេះរំពឹងថានឹងមានការចូលរួមពី អ្នកលក់សរុបចំនួន ២០០ស្តង់ អ្នកទិញអន្តរជាតិចំនួន ៥០នាក់ សារព័ត៌មានជាតិ-អន្តរជាតិចំនួន ២០ស្ថាប័ន និង ភ្ញៀវជាតិ-អន្តរជាតិចូលរួមទស្សនាប្រមាណជាង ៧០ម៉ឺននាក់។ ក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះផងដែរនឹងមានកម្មវិធី សំខាន់ៗដូចជា សិក្ខាសាលាផ្សព្វផ្សាយស្តីពីការអភិវឌ្ឍ និងផែនការទាក់ទាញទេសចរណ៍ទៅកាន់តំបន់ឆ្នេរ ជំនួបរវាង អ្នកទិញ អ្នកលក់ផលិតផល ឬសេវាកម្មទេសចរណ៏ និងកីឡា មកពីបណ្តាខេត្តជាបំតំបន់ឆ្នេរនៃប្រទេសកម្ពុជា ប្រទេសវៀតណាម និងប្រទេសថៃ អមជាមួយសកម្មភាពកីឡាផ្សេងៗរួមមាន៖ ប្រដាល់គុនខ្មែរ រត់ប្រណាំង ប្រណាំងកង់ និងបាល់ទះបុរសពីរនាក់លើឆ្នេរខ្សាច់ជាដើម។
សេចក្ដីជូនដំណឹងនេះគឺជាការអញ្ជើញសមាគមទេសចរណ៍ ផ្នែករដ្ឋ ឯកជន សា្ថប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន ជាតិ-អន្តរជាតិ និងសាធារណជន ដែលមានបំណងចូលរួម ផ្សព្វផ្សាយ-លក់ផលិតផល និងសេវាកម្មរបស់ខ្លួន ឬ ស្វែងរកដៃគូធុរកិច្ចជាតិ អន្តរជាតិ ឬមានបំណងឧបត្ថម្ភក្នុងព្រឹត្តិការណ៍ខាងលើ សូមទំនាក់ទំនងចុះឈ្មោះ M:118 +855 1793 83 93/+855 12 41 41 91/+85512615 567 prakvuthy [email protected] ឬ scthonythor://gmail.com ឱ្យបានមុនថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ៕
ដោយ : សិលា