ភ្នំពេញ៖ យានដ្ឋានជួសជុលរថយន្ត យីហោ យូអិនអរ (UNR) មួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅកម្លាំងសមត្ថកិច្ចជួយធ្វើអន្តរាគមន៍។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុច យានដ្ឋានជួសជុលរថយន្តយីហោ UNR តាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ នៅក្នុងយានដ្ឋានខាងលើត្រូវបានដាច់ចរន្តអគ្គិសនីប្រហែល១០នាទី ពេលនោះស្រាប់តែឮសំឡេងផ្ទុះចេញពីខាងក្នុងផ្នែកខាងក្រោយនៅក្នុងយានដ្ឋាន។ បន្ទាប់មកស្រាប់តែលេចចេញអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ភ្លាមៗនោះបុគ្គលិកបម្រើក្នុងយានដ្ឋានបានយកបំពង់ពន្លត់អគ្គិភ័យ និងទុយយោបាញ់ទឹកបាញ់ពន្លត់ ប៉ុន្តែដោយសារស្ថានភាពឆាបឆេះខ្លាំងពេក ពួកគេបានរាយការណ៍ទៅកម្លាំងជំនាញបង្ការ និងពន្លត់អគ្គិភ័យ ដើម្បីយករថយន្តពន្លត់អគ្គិភ័យមកជួយធ្វើអន្តរាគមន៍។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យជាច្រើនគ្រឿងចេញមកជួយអន្តរាគមន៍ និងប្រើប្រាស់ទឹកបាញ់ពន្លត់អស់ជាច្រើនរថយន្ត ជៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។
ក្នុងរង្វង់នៃប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានយករថយន្តបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៦គ្រឿងទៅដល់ទីតាំងកើតហេតុ និងបានប្រើប្រាស់ទឹកអស់ចំនួន៤រថយន្តទើបអគ្គិភ័យរលត់ជាស្ថាពរ។
បន្ទាប់ពីរលត់ជាស្ថាពរហើយអគ្គិភ័យបានបំផ្លាញសម្ភារនៅខាងក្នុងយានដ្ឋានជួសជុលយន្ត និងបណ្ដាលឱ្យបុគ្គលិក២នាក់ដែលបម្រើការនៅក្នុងយានដ្ឋាននេះ រងរបួសត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ចំពោះមូលហេតុបណ្តាលឱ្យឆាបឆេះ កម្លាំងជំនាញកំពុងស៊ើបអង្កេតផងដែរ៕ដោយ រ៉ារ៉ា