ភ្នំពេញ៖ បុរសម្នាក់ ដែលជាកសិករបានរត់ទៅស្រែកហៅអ្នកភូមិបង្កការភ្ញាក់ផ្អេីល និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកត្រួតពិនិត្យភ្លាមៗ ខណៈគាត់បានដាក់ម៉ាស៊ីនបូមទឹករណ្តៅ គោលបំណងចាប់ត្រី បែរជាប្រទះឃើញគ្រោងឆ្អឹងសាកសពមនុស្សទៅវិញ។
ហេតុការណ៍ខាងលើនេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពវេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នៅចំណុចក្នុងបឹងឈូក ខាងកើតវត្តគល់ទទឹង ស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមការបំភ្លឺពីរបស់បុរសម្នាក់មានឈ្មោះ រស់ ចាន់វណ្ណេត ជាជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បានរៀបរាប់ថា នៅមុនពេលកើតហេតុ រូបគាត់រៀបចំដាក់ម៉ាស៊ីនបូមទឹករណ្តៅ ដើម្បីចាប់ត្រី នៅចំណុចកើតហេតុ។ លុះពេលបូមជិតរីងទៅហើយនោះ ក៏ប្រទះឃើញត្រីខ្លះផងដែរ ពេលនោះគាត់បម្រុងចុះចាប់ ក៏ស្រាប់តែប្រទះឃើញគ្រោងឆ្អឹងសាកស.ពមនុស្សម្នាក់នៅក្នុងរណ្តៅនោះតែម្តង ជាហេតុធ្វើឲ្យគាត់មានការភ័យខ្លាច ហើយក៏រត់បាតជើងស.ព្រាត បន្ទាប់មកក៏ទៅរាយការណ៍ប្រាប់កម្លាំងប្រជាការពារសង្កាត់ព្រែកថ្មីតែម្តង។
បេីតាមការបញ្ជាក់ពីមន្រ្តីនគរបាលមូលដ្ឋាន បានចុះទៅដល់កន្លែងកេីតហេតុ បានឱ្យដឹងថា នៅក្បែរកន្លែងកើតហេតុ កម្លាំងជំនាញរកឃើញខោខ្លី ពណ៌ក្រហម មានគ្រោងឆ្អឹងជើងមួយចំនួន និងរកឃើញអាវយឺតដៃវែង ពណ៌ក្រហមលាយខ្មៅ ក៏មានគ្រោងឆ្អឹងជំនី និងដៃមួយចំនួនដែរ ហើយនៅក្នុងទឹកក៏មានលលាដ៍ក្បាលផងដែរ ហើយស.ពពុំមានស្លាកស្នាមអ្វីនោះទេ។ ចំណែកសពជនរងគ្រោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ព្រោះនៅសល់តែគ្រោងឆ្អឹង។
ជុំវិញករណីខាងលេីនេះ លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន ពេទ្យកោសល្យវិច័យរបស់សាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងដែរថា យើងមិនអាចសន្និដ្ឋានបានទេ ព្រោះសល់តែគ្រោងឆ្អឹង។
ក្រោយកេីតហេតុគ្រោងឆ្អឹងសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញក្រុងភ្នំពេញ និងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មី យកទៅតំកល់ទុកនៅវត្ត ដើម្បីបន្តនីតិវិធី៕ដោយ៖សហការី