ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះ! ។
សូមជម្រាបជូនថា ការសាងសង់ចំណតកំពង់ផែថ្មីដែលចំណាយថវិការហូតដល់ទៅជិត ១ពាន់លានដុល្លារអាមេរិកនេះ គឺដើម្បីពង្រីកសមត្ថភាពដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រឱ្យកាន់តែខ្លាំងក្លាថែមទៀត ឆ្លើយតមកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែក គាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ បរិមាណ ទំនិញឆ្លងកាត់នៅក្នុងកំពង់ផែនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូលរបស់ជាតិមានការកើនឡើងជាលំដាប់។ ក្នុងឆ្នាំ២០២២បរិមាណទំនិញឆ្លងកាត់កំពង់ផែនេះ មានចំនួន ៧លានតោន កើនឡើង ០.១៨ភាគរយ និងចំណូលសរុបមានចំនួនប្រមាណ ៣៤៤ប៊ីលានរៀល (ប្រមាណ ៨៤លានដុល្លារអាមេរិក) កើនឡើង ០,៤១ភាគរយ បើធៀបនឹងឆ្នាំ២០២១។
ដើម្បីឆ្លើយតបកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអភិវឌ្ឍ និងពង្រីកសមត្ថភាពជាបន្តបន្ទាប់ ដែលរួមមានដូចជា៖ ការសាងសង់ផែកុងតឺន័រជម្រៅទឹក ១១.៥ម៉ែត្រ, ការសាងសង់ចំណតផែពហុបំណង ជម្រៅទឹក ១៣.៥ម៉ែត្រ, ការសាងសង់ ចំណតមូលដ្ឋានផ្គត់ផ្គង់ភស្តុភារសម្រាប់ការរុករកប្រេង, ការបំពាក់ឧបករណ៍ និងមធ្យោបាយ លើកដាក់កុងតឺន័រ, ការសាងសង់ទីលានស្តុកកុងតឺន័រ ឃ្លាំងទំនិញ និងចំណតរថយន្តដឹកកុងតឺន័រ និងការសាងសង់តំបន់សេដ្ឋកិច្ចពិសេសជាដើម។
ក៏ប៉ុន្តែសេចក្តីត្រូវការឆ្លើយតបនឹងកំណើនពាណិជ្ជកម្ម និងការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ទាមទារឱ្យមានការពង្រីកសមត្ថភាពកំពង់ផែនេះ បន្ថែមទៀត។ ហេតុដូច្នេះហើយទើបរាជរដ្ឋាភិបាល សម្រេចសាងសង់ចំណត់បន្ថែមទៀត ឆ្លើយតប នឹងកំណើនកុងតឺន័រ និងដើម្បីសម្រួលដល់ការចូលចតរបស់នានាធំៗ៕ដោយ៖សហការី