ខេត្តព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃចន្ទទី០១ ខែឧសភា ឆ្នាំ២០២៣នេះ បានមានប្រសាសន៍សំខាន់ៗ នាឱកាសក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្អន្តរជាតិ១ឧសភា ,ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ដែលប្រារព្ធធ្វើឡើងនៅចំណតកំពង់ផែក្រុងព្រះសីហនុ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
សម្ដេចតេជោ ថ្លែងបញ្ជាក់ថា ការគោរពសិទ្ធិកម្មករ មិនមែនមានតែមួយថ្ងៃ គឺនៅថ្ងៃទី១ ខែឧសភានោះទេ ប៉ុន្ដែគឺជាការគោរពសិទ្ធិរបស់កម្មកររាល់ថ្ងៃ រវាងម្ចាស់រោងចក្រ និងកម្មករ។
សម្ដេចតេជោ ថ្លែងថា ចំពោះបុគ្គលមួយក្រុម ដែលនាំគ្នាធ្វើបាតុកម្មរាប់ឆ្នាំ មិនមែនរាជរដ្ឋាភិបាលមិនដឹងថា ក្រុមនេះបើកលុយនៅទីណា? កន្លែងណា? ដើម្បីស៊ីឈ្នួលធ្វើបាតុកម្មនោះទេ។
សម្ដេចតេជោ ថ្លែងថា សម្ដេចបានធ្វើការងារជាមួយមិត្តជប៉ុនរយៈពេល៣៣ឆ្នាំហើយ ជប៉ុនបានចូលរួមចំណែកក្នុងការស្វែងរកសន្ដិភាពនៅកម្ពុជា បន្ទាប់មកជប៉ុនបានដើរតួនាទីសំខាន់ក្នុងការនាំមុខលើការអភិវឌ្ឍកម្ពុជា ជាពិសេសលើការផ្ដល់ជំនួយឥតសំណង។
សម្ដេចតេជោ ថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលមានវិធីដោះបំណុលយ៉ាងល្អដល់កម្ពុជា ដែលប្រទេសផ្សេងៗអាចយកធ្វើជាគំរូ ខណៈដែលកម្ពុជាជំពាក់បំណុលជប៉ុន ដោយជប៉ុនបង្វែជាការផ្ដល់ជំនួយផ្សេងៗដល់កម្ពុជាជាការដោះដូររួចបំណុលពីជប៉ុន។
សម្ដេចតេជោ ថ្លែងថា រាល់កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំប្រទេសជប៉ុន សម្ដេចតែងតែអំពាវនាវចំពោះការអភិវឌ្ឍកំពង់ផែទឹកជ្រៅនៅក្នុងកំពង់ផែស្វយ័តក្នុងព្រះសីហនុនេះ។
សម្តេចតេជោ ថ្លែងថា កម្ពុជា-ជប៉ុន បានការយកចិត្តទុកដាក់លើផ្នែកភស្តុភារកម្ម និងពន្លឿន ដោយធ្វើយ៉ាងណាឱ្យទឹកនៅកំពង់ផែនេះរឹតតែជ្រៅ ដើម្បីអាចឱ្យនាវាធំៗចូលចតនៅកំពង់ផែនេះបាន ដើម្បីកាត់បន្ថយតម្លៃ នៃការដឹកជញ្ជូន។
សម្ដេចតេជោ ថ្លែងរម្លឹកកាលពីជាង ៣ឆ្នាំមុន កំពង់ផែក្រុងព្រះសីហនុ បានធ្វើកិច្ចការដ៏សំខាន់មួយនោះ គឺការសង្គ្រោះនាវាទេសចរណ៍ Westerdam ដែលមានមនុស្សរាប់ពាន់នាក់ជាប់គាំងក្នុងដោយសារការភ័យខ្លាចជំងឺកូវីដ-១៩ ហើយប្រទេសជាច្រើនបានបដិសេធការចូលសុំចត។
សម្តេចតេជោ ថ្លែងថា ការសង្គ្រោះនាវាទេសចរណ៍ Westerdam គឺជាកាយវិកាសប្បុរសធម៌មួយរបស់កម្ពុជា ហើយនៅខែធ្នូ ឆ្នាំ២០២៣នេះ នាវានេះនឹងមកកម្ពុជាម្ដងទៀត ដើម្បីរម្លឹកដល់ទឹកចិត្តសប្បុរសធម៌របស់កម្ពុជា និងកសាងនិមិត្តរូបរួមគ្នា។
សម្តេចតេជោ ប្រកាសផ្ដាំផ្ញើដល់ក្រុមបរទេសដែលផ្ដល់លុយឱ្យ ក្រុមធ្វើបាតុកម្មនោះ សូមដកខ្លួនចេញ និងកុំយកបាតុកម្មមកធ្វើជាឈ្នាន់នយោបាយឱ្យសោះ។ សម្តេចបញ្ជាក់ថា ក្រុមរបស់សម្តេចក៏នៅក្នុងនឹងដែរ រឿងអ្វីៗក៏សម្តេចបានដឹង និងជ្រាបផងដែរ។
សម្ដេចតេជោ រម្លឹកថា ដើម្បីការពារកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅជារបស់ឯកជន សម្ដេចបានខិតខំខ្លាំងណាស់ ក្នុងការការពារ ។សម្តេចបន្តថា បើសិនជាកំពង់ផែនេះ ធ្លាក់ក្នុងដៃឯកជន នឹងមិនទទួលបានជំនួយពីប្រទេសជប៉ុន ដើម្បីធ្វើការអភិវឌ្ឍដូចសព្វថ្ងៃនេះនោះទេ។
សម្តេចតេជោ ថ្លែងថា សម្ដេច គឺជាគ្រូពេទ្យវះកាត់ ក្នុងការរីកលូតលាស់នៃកំពង់ផែនេះ រហូតដល់មានការរីកចម្រើនដូចពេលបច្ចុប្បន្ននេះ។
សម្ដេចតេជោ ថ្លែងថា ការពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែទឹកជ្រៅ នឹងធ្វើឱ្យចំនួននាវាធំៗចូលចតមានការកើនឡើងច្រើនជាងមុន ហើយធ្វើឱ្យតម្លៃនៃការចូលចតរបស់នាវានឹងមានតម្លៃថោកជាងមុនផងដែរ។
សម្ដេចតេជោ ប្រកាសទៅបុគ្គលមួយចំនួនដែលបានលើកឡើងពីការផ្ដល់ជំនួយរបស់ជប៉ុនដល់កម្ពុជាថា មានអំពើពុករលួយ គឺសូមអញ្ជើញទៅសួរជប៉ុនដោយខ្លួនឯងទៅចុះ។ សម្ដេចបញ្ជាក់ថា «ជប៉ុនមិនមែនល្ងង់ចេះតែផ្ដល់លុយឱ្យគេផ្ដេសផ្ដាសនោះទេ..[]ជប៉ុនដេញថ្លៃនៅតូក្បូ ដោយកម្ពុជាចាំតែសម្ពោធ និងប្រគល់-ទទួលប៉ុណ្ណោះ»។
សម្តេចតេជោ ថ្លែងថា ដើម្បីក្លាយជាដៃយុត្តិសាស្ត្រជាមួយបរទេសទាំងឡាយត្រូវគោពគោលការណ៍ចំនួន៣ ដោយទី១-គោលគៅសន្តិភាព និងការអភិវឌ្ឍ ទី២-មិនធ្វើឡើងដើម្បីប្រឆាំងប្រទេសដទៃ ឬក្រុមណាទេ និងទី៣- ត្រូវគោរពមជ្ឈភាពអាស៊ាន និងឥណ្ឌូប៉ាស៊ីហ្វិក ។
សម្ដេចតេជោ ថ្លែងថា ទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-ជប៉ុន កំពុងមានការរីកចម្រើន ដោយសម្ដេចស្នើឱ្យមានការបន្តពង្រីកបន្ថែមទៀត លើទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំងពីរ។
សម្ដេចតេជោ ប្រកាសទៅកាន់ក្រុមជនមួយចំនួនដែលកំពុងញុះញង់បំបែបបាក់នៅក្នុងប្រទេសកម្ពុជា ដោយយកព្រះមហាក្សត្រទៅភ្ជាប់នឹងព្រឹត្តិការណ៍ស៊ីហ្គេមថា «បើសិនជាមិនចេះ មិនយល់ពីកិច្ចការងារទេ កុំធ្វើសកម្មភាពញុះញង់ និងបំបែកបំបាក់កម្ពុជា»។
សម្ដេចតេជោ ថ្លែងថា កាលពីមុនកម្ពុជា ជាប្រទេសរង់ចាំជំនួយពីប្រទេសជប៉ុន ប៉ុន្ដែឥឡូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់ ១.៩៤៨លានដុល្លារអាមេរិក ក្នុងនោះកម្ពុជានាំទំនិញទៅជប៉ុនចំនួន ១.
១៧៣លានដុល្លារអាមេរិក ហើយជប៉ុននាំចូលមកកម្ពុជាវិញចំនួន ៧៧៤លានដុល្លារអាមេរិក។
សម្ដេចតេជោ ថ្លែងអំណរគុណដល់មិត្តជប៉ុន ដែលបានផ្ដល់កែវភ្នែកដល់សម្ដេច។ សម្ដេច បានកោតសរសើរចំពោះកែវភ្នែកជប៉ុន គឺមានគុណភាពល្អ ពីព្រោះសម្ដេចបានប្រើប្រាស់រយៈពេល ៣៣ ឆ្នាំមិនដែលធ្វើឱ្យមានបញ្ហាសុខភាព ឬឈឺក្បាលអ្វីឡើយ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់គ្រប់ទូរទស្សន៍ទាំងអស់ត្រូវផ្សាយពីព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាពិសេសការប្រគួតកីឡានានា។
សម្ដេចតេជោ បានដាក់បទបញ្ជាក់ដល់ទូរទស្សន៍ជាតិ និងអំពាវនាវដល់ទូរទស្សន៍ឯកជននានា ចូលរួមចាក់ផ្សាយឱ្យបានទូលំទូលាយអំពីការប្រកួតផ្សេងៗ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ៕ដោយ៖សហការី