ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារលិខិតអបអរក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។
នៅក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានក្តីសោមនស្សរីករាយក្រៃលែង ក្នុងការចូលរួម ជាមួយបងប្អូនកម្មករនិយោជិត និយោជក និងជនរួមជាតិទាំងអស់ នាឱកាសខួបអនុស្សាវរីយ៍លើកទី១៣៧ នៃ ទិវាពលកម្មអន្ដរជាតិ ១ ឧសភា ក្រោមប្រធានបទ “សន្តិភាព ស្ថិរភាព មុខរបរ និងការងារ” ដែលមានអត្ថន័យ យ៉ាងជ្រាលជ្រៅ និងមានតម្លៃជាសារវន្ត និងជាសកល ខណៈពេលដែលសេដ្ឋកិច្ចពិភពលោក កំពុងប្រឈម នឹងភាពមិនប្រាកដប្រជាកាន់តែខ្លាំង ដោយមានការប្រែប្រួលនៃនិម្មាបនកម្មសង្គម-សេដ្ឋកិច្ច ដែលបង្កឡើង មួយផ្នែកដោយការអូសបន្លាយនៃវិបត្តិជំងឺកូវីដ-១៩ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ សង្គ្រាម ពាណិជ្ជកម្ម ការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃថ្លៃថាមពល ដែលបង្កឡើងដោយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ការកើនឡើងនៃអត្រាអតិផរណា ការធ្លាក់ចុះផលិតភាព និងការធ្លាក់ចុះតម្រូវការសកល ដែលនាំឱ្យប៉ះពាល់ ដល់សេដ្ឋកិច្ច បាត់បង់ការងារ និងកាត់បន្ថយម៉ោងការងាររបស់កម្មករនិយោជិតទូទាំងសកលលោក។ ជនរួម ជាតិយើងពិតជាយល់ច្បាស់ពីអត្ថន័យ និងសារៈសំខាន់នៃប្រធានបទនេះ ដោយសារតែយើងអាចរក្សាបាននូវ សន្តិភាព ដែលជាកត្តាគ្រឹះសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យទាំងអាណាចក្រ និងពុទ្ធចក្រ ប្រជាពលរដ្ឋរស់នៅ ប្រកបដោយសេចក្តីសុខសប្បាយ និងមានជីវភាពរស់នៅកាន់តែប្រសើរឡើង មានសិទ្ធិសេរីភាព វិស័យឯកជន អាចពង្រីកនូវការវិនិយោគលើផលិតកម្ម អាជីវកម្ម ពាណិជ្ជកម្ម និងសេវាកម្ម គ្រប់ប្រភេទ បង្កើតការងារជូនបងប្អូន កម្មករនិយោជិតមានប្រាក់ចំណូល ហើយកម្រិតជីវភាពកាន់តែប្រសើរឡើង។
កន្លងមក ខ្ញុំផ្ទាល់បានចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ ចំនួន ៧៧លើក ដែលមានកម្មករនិយោជិតចំនួនប្រមាណជិត ១លាននាក់ ដោយបានដាក់ចេញនូវអនុសាសន៍ទាំង ១០ចំណុច ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរួមសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងដៃគូសង្គម អនុវត្តប្រកបដោយជោគជ័យ។
នៅក្នុងកំឡុងពេលវិបត្តិជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ និងអនុវត្តដោយជោគជ័យនូវ កញ្ចប់វិធានការអន្តរាគមន៍ចំនួន ១០ជុំ ដើម្បីរក្សាការងារ និងជួយទ្រទ្រង់លំនឹងជីវភាពរបស់កម្មករនិយោជិត។ថ្មីៗនេះ ដើម្បីបន្តរក្សាលំនឹងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត និងធានានូវស្ថិរភាពអាជីវកម្ម របស់រោងចក្រ ពេលដែលមានការថមថយខ្សែចង្វាក់ផលិតកម្មក្នុងបរិបទនៃវិបត្តិសេដ្ឋកិច្ចសកល រាជរដ្ឋាភិបាល បានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិត ដែលត្រូវបានព្យួរកិច្ចសន្យាការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ តទៅ។
លក្ខខណ្ឌការងារ សុវត្ថិភាពនិងសុខភាពការងារ ការទប់ស្កាត់ការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្ម កុមារ និងការងារដោយបង្ខំ និងសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ត្រូវបានទទួលស្គាល់ថា មានស្ថានភាពល្អប្រសើរ ជាបន្តបន្ទាប់ តាមរយៈការពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងវិស័យ ការងារ ការពង្រឹងយន្តការអធិការកិច្ចការងារ ការធ្វើទំនើបកម្មប្រព័ន្ធអធិការកិច្ចការងារ ការបង្កើតយន្តការ អធិការកិច្ចអន្តរក្រសួង សំដៅធានាបាននូវប្រសិទ្ធភាពនៃអនុលោមភាពតាមច្បាប់របស់សហគ្រាស គ្រឹះស្ថាន។
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុង វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ដល់ចំនួន ២០០ដុល្លារ អាម៉េរិកក្នុងមួយខែ សម្រាប់ឆ្នាំ២០២៣ ហើយបើបូករួមទាំងប្រាក់រង្វាន់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ ផ្សេងៗ កម្មករនិយោជិតម្នាក់ៗទទួលបានប្រាក់ឈ្នួលជាមធ្យមចាប់ពី ២១៧ ទៅ ២២៨ ដុល្លារអាម៉េរិកក្នុងមួយខែ។
ដោយអនុវត្តតាមទិសស្លោក សហគ្រាស គ្រឹះស្ថានមួយ ជាសហគមន៍សុខសាន្តមួយ សុខដុមនីយកម្ម ទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានពង្រឹង។ ការដោះស្រាយវិវាទការងារ កាន់តែមានប្រសិទ្ធភាព តាមរយៈការពង្រឹង សមត្ថភាពមន្ត្រីផ្សះផ្សា អាជ្ញាកណ្ដាល និងភាគីពាក់ព័ន្ធ ការលើកកម្ពស់កិច្ចសន្ទនាសង្គម តាមរយៈយន្តការត្រីភាគី និងការពង្រីកវិសាលភាពសេវាកម្មរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលក្នុងការដោះស្រាយវិវាទបុគ្គល។ ការអនុវត្តច្បាប់ស្ដីពីសហជីព បានបន្តលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ ដោយគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ អង្គការវិជ្ជាជីវៈ បានចុះបញ្ជីបានកើនឡើងគួរឱ្យកត់សម្គាល់មានចំនួនសរុប ៦ ០៦៤ ដោយក្នុងនោះ សហជីពមូលដ្ឋាន ចំនួន ៥ ៧៤១សហព័ន្ធសហជីព ចំនួន ២៦៨សហភាពសហជីព ចំនួន ៤២ និងសមាគម និយោជក ចំនួន ១៣។
រាជរដ្ឋាភិបាល បានកំណត់យកការអភិវឌ្ឍធនធានមនុស្សជាកត្តាអាទិភាពនៅក្នុងយុទ្ធសាស្ត្រចតុកោណ គ្រប់ដំណាក់កាល។ ការអភិវឌ្ឍធនធានមនុស្សបានក្លាយជាអាទិភាពទី១ នៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ និងទី៤ សំដៅលើកកម្ពស់ចំណេះដឹងជំនាញវិជ្ជាជីវៈ សមត្ថភាព សហគ្រិនភាព ការច្នៃប្រឌិត នវានុវត្តន៍ គុណធម៌ សីលធម៌ មនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវសុខភាពល្អនិងកាយសម្បទា រឹងមាំ, តួនាទីស្ត្រី និងកិច្ចគាំពារសង្គម។
ការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ និងសកលលោក ភាពជឿនលឿននៃផ្នែកបច្ចេកវិទ្យាក្នុងបដិវត្តន៍ ឧស្សាហកម្ម៤០ គម្លាតជំនាញ ការប្រែប្រួលក្នុងពិភពការងារ និងផលប៉ះពាល់នៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិដ៏ជាក់លាក់មួយ ដើម្បីធ្វើការអភិវឌ្ឍមូលធនមនុស្សដែលជា ធនធានចន្ទល់គាំទ្រឱ្យការរីកចម្រើននៃសង្គម-សេដ្ឋកិច្ចជាតិក្នុងរយៈពេលខ្លី មធ្យម និងវែង។
រាជរដ្ឋាភិបាល បានត្រៀមរៀបចំផែនការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់យុវជននៅគ្រួសារក្រីក្រ និងងាយរងគ្រោះ ទូទាំងប្រទេសចំនួន ១លាន ៥សែននាក់ ដោយរដ្ឋធានាផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីឆ្នាំ២០២៣ នេះតទៅ ដើម្បីផ្ដល់ឱកាសឱ្យពួកគេទទួលបានជំនាញ សម្រាប់យកទៅធ្វើការងារ ឬបង្កើតមុខរបរដោយខ្លួនឯង និងបំពេញតម្រូវការនៃកម្លាំងពលកម្មជំនាញសម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា។
រាជរដ្ឋាភិបាលបាននិងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍទីផ្សារការងារ ដែលមានប្រាក់ ចំណូលខ្ពស់។ បន្តពង្រឹងប្រសិទ្ធភាពនៃយន្តការសម្របសម្រួលទីផ្សារការងារ តាមរយៈការពង្រីកវិសាលភាព នៃការផ្តល់សេវាការងារនិងព័ត៌មានទីផ្សារការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយបានបង្កើនមជ្ឈមណ្ឌលការងារ និងមជ្ឈមណ្ឌលការងារចល័ត បានដាក់ឱ្យអនុវត្ត ថ្នាល់ឌីជីថលសេវាការងារ ព្រមទាំងរៀបចំ “វេទិកាការងារ” ថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន ដោយបានផ្ដល់ សេវាជួយស្វែងរកការងារ និងប្រឹក្សាការងារ។ អត្រាមានការងារធ្វើនៅកម្ពុជាបច្ចុប្បន្នមានចំនួន ៩៩,៣%។
ទន្ទឹមនឹងឱកាសការងារក្នុងស្រុក រាជរដ្ឋាភិបាលខិតខំផ្ដល់ជម្រើសជូនប្រជាពលរដ្ឋដែលមានបំណង ចង់ធ្វើការងារនៅក្រៅប្រទេស ដោយបានខិតខំពង្រឹងកិច្ចសហការជាមួយបណ្ដាប្រទេសដៃគូ ដើម្បីទទួលបាន ឱកាសការងារនៅក្រៅប្រទេសជូនបងប្អូនពលករយើងសរុបចំនួនប្រមាណ ១៣លាននាក់ ដែលមិនត្រឹមតែ អាចបានប្រាក់ចំណូល បានចំណេះជំនាញប៉ុណ្ណោះទេថែមទាំងអាចផ្ញើប្រាក់បញ្ញើមកក្នុងប្រទេសជូនគ្រួសារ និងចូលរួមការអភិវឌ្ឍប្រទេសជាតិ។
រាជរដ្ឋាភិបាល បាននិងកំពុងជំរុញការអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦- ២០២៥ ដែលមានភាពគ្រប់ជ្រុងជ្រោយ ស្របតាមដំណាក់កាល និងកម្រិតនៃការអភិវឌ្ឍប្រទេស ដែលបាន និងកំពុងអនុវត្ត។ ការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម ឆ្នាំ២០១៩ បានធ្វើឱ្យប្រព័ន្ធសន្តិសុខសង្គមកម្ពុជា កាន់តែមានលក្ខណៈពេញលេញ។ មកទល់ពេលនេះ កម្ពុជាកំពុងអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនសម្រាប់កម្មករនិយោជិតដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពី ការងារ និងមន្ត្រីសាធារណៈ។ ជាក់ស្តែង ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់កម្មករ និយោជិតដែលបម្រើការនៅក្នុងវិស័យឯកជន កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ គឺជាសមិទ្ធផលដ៏ធំធេង មួយក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលនាំឱ្យប្រព័ន្ធគាំពារសង្គមមានលក្ខណៈពេញលេញសម្រាប់ជាប្រយោជន៍ដល់ កម្មករនិយោជិតគ្រប់ៗរូប។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកំពុងពង្រីកវិសាលភាពទៅក្នុងវិស័យសេដ្ឋកិច្ចក ប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍។
រាជរដ្ឋាភិបាលសូមកោតសរសើរក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានខិតខំអនុវត្ត ដោយជោគជ័យនូវយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ និង គោលនយោបាយនានារបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សូមសម្តែងនូវអំណរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និយោជក សហជីព កម្មករ និយោជិត ដៃគូអភិវឌ្ឍ ដៃគូសង្គម អង្គការអន្តរជាតិខាងការងារ(ILO) អង្គការជាតិ-អន្តរជាតិនានា ដែលបានរួម ចំណែកខិតខំប្រឹងប្រែងសម្រេចបាននូវលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈជូនជាតិមាតុភូមិ និងបានផ្តល់ការការពារ សិទ្ធិ អត្ថប្រយោជន៍ និងកិច្ចគាំពារ រួមទាំងការផ្តល់នូវសេវានានាជូនបងប្អូនកម្មករនិយោជិតទាំងសេដ្ឋកិច្ចក្នុង ប្រព័ន្ធ និងក្រៅប្រព័ន្ធ និងបងប្អូនពលករខ្មែរនៅក្រៅប្រទេស។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរដល់បងប្អូនជនរួមជាតិ បងប្អូនកម្មករនិយោជិត ដែលកំពុងធ្វើការទាំងក្នុងនិង ក្រៅប្រទេស ក៏ដូចជា និយោជក កម្មករនិយោជិតបរទេស ដែលកំពុងស្នាក់នៅ និងបំពេញភារកិច្ចនៅក្នុង ព្រះរាជាណាចក្រកម្ពុជា សូមមានសុខភាពល្អ និងទទួលជោគជ័យនៅក្នុងគ្រប់ភារកិច្ចការងារ កុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ៖សហការី