ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ ប្រធានអង្គការពុទ្ធសាសនិកពិភពលោកលោក ផាឡុប ថៃអារី បានថ្លែងក្នុងពិធីប្រកាសគោរមងារជូនសម្ដេចតេជោ នៅវត្តភ្នំក្នុងរាជធានីភ្នំពេញថា ការផ្ដល់គោរមងារខ្ពស់បំផុតនេះគឺដោយសារការស្ងើចសរសើរចំពោះដំណើរការកសាងសន្ដិភាព និងការបង្រួមបង្រួមជាតិជាច្រើនឆ្នាំដែលផ្ដើមចេញពីនាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន។
សមាជិកក្រុមប្រឹក្សាភិបាលអង្គការពុទ្ធសានាពិភពលោកបានសម្រេចផ្ដល់គោរមងារ «ពុទ្ធមាមកាភិបាល» ជូនដល់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដោយសារការលះបង់របស់សម្ដេចចំពោះជាតិ ប្រជាជន និងពុទ្ធសាសនានៅកម្ពុជា។
លោកថា៖ «សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសកម្ពុជាតាមការទូន្មានរបស់ព្រះពុទ្ធសាសនា លើមាគ៌ានៃការកសាងប្រទេសជាតិ និងតាមរយៈនយោបាយឈ្នះ=ឈ្នះ។ សម្ដេចតេជោ ហ៊ុនសែន បាននាំមកជូនប្រជាជនវិញនូវភាពសម្បូរសប្បាយ ក្នុងសន្ដិភាពពេញលេញ ភាពសុខដុមរមនាសង្គម និងសាសនា ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព»។
សូមបញ្ជាក់ថា «ពុទ្ធមាមកាភិបាល» គឺជាគោរមងារដែលត្រូវបានផ្ដល់ជូនថ្នាក់ដឹកនាំកំពូលទាំងក្នុងអាណាចក្រនិងថ្នាក់ដឹកនាំពុទ្ធចក្រដែលជាអ្នកគ្រប់គ្រងថែរក្សា គោរពប្រតិបត្តិ ឧបត្ថមទ្រទ្រង់ និងលើកតម្កើងតម្លៃព្រះពុទ្ធសាសនា ប្រកបដោយសទ្ធាជ្រះថ្លា ខ្ពង់ខ្ពស់ និងឧត្ដុងឧត្តម តាមរយៈព្រះពុទ្ធសាសនានានា រួមទាំងសកម្មភាពរបស់អង្គការពុទ្ធសាសនិកពិភពលោក។
បច្ចុប្បន្នមានព្រះមហាក្សត្រ និងថ្នាក់ដឹកនាំប្រទេសដែលកាន់ព្រះពុទ្ធសាសនាចំនួន ៨អង្គនិងរូបរួចហើយដែលទទួលគោរមងារនេះរួមមាន សម្ដេចសង្ឃរាជនៃព្រះរាជាណាចក្រថៃ ព្រះមហាថេរមហានាយកនៃសាធារណរដ្ឋស្រីលង្កា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ ប្រធានាធិបតីនៃប្រទេសនេប៉ាល់ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា ប្រធានាធិបតីនៃសាធារណរដ្ឋស្រីលង្កា នាយករដ្ឋមន្ត្រីប្រទេសថៃ និងប្រធានសហព័ន្ធពុទ្ធសាសនិកជប៉ុន៕ដោយ : សហការី