សេចក្តីថ្លែងការណ៍ របស់សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក ខួបលើកទី៣០

ចែករំលែក៖

ភ្នំពេញ សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា សូមចូលរួមជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្តែងការអបអរសាទរក្នុងឱកាស ទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ«ការកំណត់អនាគតនៃសិទ្ធិ៖ សេរីភាពនៃការបញ្ចេញមតិ ជាកម្លាំងចលករនៃសិទ្ធិមនុស្សដទៃទៀត»សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា ក៏សូមសម្តែងនូវការគោរពដល់វីរភាពរបស់អ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា និងនៅជុំវិញពិភពលោកដែលបានខិតខំ ពុះពារ និងប្រឹងប្រែង ដើម្បីបុព្វហេតុកសាងតួនាទីដ៏ពិសិដ្ឋរបស់សារព័ត៌មាននៅក្នុងសង្គមជាតិ។

 

B8BD76F6-9E7A-4677-ABA5-BDF068D89E53.png

សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា កត់សំគាល់ផងដែរថា ពិភពលោកសព្វថ្ងៃ គឺមានបញ្ហារួម និងក៏មានបញ្ហាដោយឡែក ហើយពិភពលោកគឺគ្មានស្តង់ដារនោះទេ។ ដូច្នេះ តម្លៃនៃសេរីភាពរបស់ប្រជាជាតិ មួយក៏មិនចំណុះនៅលើការដាក់ចំណាត់ថ្នាក់ពីសំណាក់ជនបរទេសមួយក្រុមណានោះដែរ។ យើងបានដឹងច្បាស់ដែរថា ពិភពលោកបច្ចុប្បន្ន កំពុងបន្តស្ថិតនៅក្នុងស្ថានភាពពហុប៉ូល និងកំពុងប្រកួតប្រជែងឥតឈប់ឈរលើបញ្ហាភូមិសាស្ត្រនយោបាយ ដែលងាយបង្កជាផលវិបាកដល់ប្រទេសតូចៗ និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ ស្ថិតក្នុងស្ថានការណ៍បែបនេះ អ្នកសារព័ត៌មានខ្លះ ត្រូវបានបំភ័ន្ត និងចាប់យកទៅប្រើប្រាស់ជាអំណាចទន់ជួរមុខ សម្រាប់បម្រើឱ្យផលប្រយោជន៍ភូមិសាស្ត្រនយោបាយ។ ជាមួយគ្នានេះដែរ ឥទ្ធិពលនៃមនោគមន៍វិជ្ជាបានបង្កើតឱ្យមានការរីកសាយភាយនូវព័ត៌មានក្លែងក្លាយ សារញុះញង់បំបែកបំបាក់សាមគ្គីនិងឧបាយកលបំផុសបដិវត្តន៍ពណ៌ រួមទាំងការចិញ្ចឹមប្រើប្រាស់សង្គ្រាមដែលកំពុងកើតមាននៅចំពោះមុខរបស់យើង។ ក្នុងន័យនេះ សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា សូមលើកទឹកចិត្តដល់សារព័ត៌មានកម្ពុជា បន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានខ្ពស់ និងបន្តបំពេញតួនាទី ដ៏មានតម្លៃដោយផ្សាយព័ត៌មានពិត ដែលមានប្រយោជន៍ដល់សង្គមជាតិរបស់យើង។ ការផ្សាយការពិត លើកតម្កើងប្រទេសជាតិរបស់ខ្លួន គឺគ្មានអ្វីខុសទេ ហើយក៏មិនបានប្រាស់ចាកពីវិជ្ជាជីវៈ និងមិនបាត់បង់ឯករាជ្យភាពរបស់ខ្លួននោះដែរ។ យើងយល់ស្របចំពោះការលើកឡើងថា៖ «បើយើងជាខ្មែរមិនប្រឹងប្រែងធ្វើ  តើនរណានឹងមកធ្វើជំនួសយើង?»

 

សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា ទទួលស្គាល់ថា វិស័យសារព័ត៌មាននៅប្រទេសកម្ពុជាយើង នៅប្រឈមបញ្ហាមួយចំនួនរួមមាន បញ្ហាហិរញ្ញវត្ថុ សុវត្ថិភាពការងារ សិទ្ធិទទួលបានព័ត៌មាន រួមទាំងសមត្ថភាពធនធានមនុស្សរបស់យើង លើផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យានៅមានកម្រិត។ ទោះបីជាយ៉ាងណាក៏ដោយសម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា សូមលើកទឹកចិត្តដល់អ្នកសារព័ត៌មានបន្តជម្នះការប្រឈមនេះ ព្រមទាំងបន្តបំពេញការងារដោយឈរលើភាពត្រឹមត្រូវ មានសីលធម៌វិជ្ជាជីវៈ សុចរិតភាព និងដោយគ្មានការភ័យខ្លាច។

 

សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា មានមោទនភាពចំពោះ ព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសមានវប្បធម៌សម្បូរបែបដ៏អស្ចារ្យ និងកំពុងក្លាយទៅជាប៉ូលទេសចរណ៍មួយរបស់ពិភពលោក។ បន្ថែមពីនេះមោទនភាពដែលប្រជាជនកម្ពុជាកំពុងមាន គឺកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ ឧត្តមភាពរបស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ កំពុងត្រូវបានផ្សព្វផ្សាយតាមរយៈវប្បធម៌ ដ៏អស្ចារ្យ តាមរយៈលទ្ធផលនៃកិច្ចប្រជុំអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងតាមរយៈកម្ពុជាធ្វើជាម្ចាស់ ផ្ទះនៃព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏ធំនេះ។ នៅក្នុងឆ្នាំ២០២៣នេះដែរ កម្ពុជា នឹងរៀបចំដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដាខាងមុខ ដែលជា ការពង្រឹងនូវដំណើរការប្រជាធិបតេយ្យឱ្យកាន់តែរឹងមាំ និងក៏ជាឱកាសសម្រាប់ប្រជាជនជ្រើសរើស    មេដឹកនាំដែលប្រកបដោយលក្ខណៈសម្បត្តិនិងគុណសម្បត្តិ ដើម្បីបន្តដឹកនាំប្រទេសតទៅមុខទៀត។កម្ពុជា យើងពិតជាមានជម្រើសដ៏ល្អមួយ ដែលឆ្លើយតបរួមសម្រាប់ទាំងអស់គ្នា នោះគឺកម្ពុជាត្រូវតែមាន«សន្តិភាពជាអចិន្ត្រៃយ៍» ដើម្បីធានាវិបុលភាព និងការរីកចម្រើនដោយចីរភាព។ យើងសូមលើកទឹកចិត្តដល់សារព័ត៌មានចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ជាតិទាំងនេះឱ្យបានទូលំទូលាយ។

 

សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា សូមចូលរួមអបអរសាទរនិងកោតសរសើរដល់ សមាគម ក្លិប សម្ព័ន្ធ និងគ្រឹះស្ថានរួមទាំងក្រសួងស្ថាប័ននានា ដែលបានប្រឹងប្រែងជាប្រចាំ បើកវគ្គបណ្តុះបណ្តាល ស្តីពីសារព័ត៌មាន ដើម្បីចែករំលែកបទពិសោធន៍ ចំណេះដឹង ដែលជាសេចក្តីត្រូវការឥតឈប់ឈរក្នុងការអភិវឌ្ឍសមត្ថភាពសារព័ត៌មានជាបន្តបន្ទាប់។ យើងក៏មានសេចក្តីរំពឹងថា ភាគីពាក់ព័ន្ធនឹងបានអង្គុយ  ជុំគ្នាដើម្បីពិនិត្យនិងពិភាក្សាបន្ថែមទៀតថា តើយើងចង់បានលំហសេរីភាពសារព័ត៌មានទូលំទូលាយបែបណាហើយតើសារព័ត៌មានគប្បីបង្កើនសមត្ថភាព និងក៏មានតម្រូវការបែបណាបន្ថែមទៀតសម្រាប់ ការបំពេញតួនាទីឱ្យកាន់តែមានគុណតម្លៃរួមចំណែកដល់សង្គមជាតិរបស់យើង៕  

...

ដោយ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print