បាតុកម្មក្លាយជាហិង្សានៅប្រទេសបារាំង ក្នុងទិវាពលកម្មអន្តរជាតិ ១ឧសភា

ចែករំលែក៖

មានពលរដ្ឋប្រមាណជិត៨សែននាក់ដង្ហែរក្បួនបាតុកម្ម ប្រឆាំង ការដំឡើងអាយុចូលនិវត្តនៅបារាំង នាថ្ងៃទី ១ខែឧសភា។ កម្លាំងប៉ូលិសបង្ក្រាប់បាតុកម្មហិង្សាក៏បានចាប់ខ្លួនមនុស្ស ជិត ២០០នាក់ផងដែរ ។

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២ ខែឧសភា ឆ្នាំ២០២៣ បានផ្សាយថាក្រុមបាតុករ បានប៉ះទង្គិចគ្នាដោយហិង្សាជាមួយប៉ូលិស នៅទូទាំងប្រទេសបារាំង នៅថ្ងៃចន្ទសប្ដាហ៍នេះ ខណៈមនុស្សរាប់ម៉ឺននាក់ បាននាំគ្នាចុះផ្លូវធ្វើបាតុកម្មតវ៉ា ក្នុងថ្ងៃទិវាពលកម្មអន្តរជាតិ ដើម្បីបង្ហាញការខឹងសម្បាររបស់ពួកគេប្រឆាំងនឹងការធ្វើកំណែទម្រង់សោធននិវត្តន៍របស់ប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង។
លោក ម៉ាក្រុង កាលពីខែមេសាកន្លងទៅ បានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់មួយឱ្យក្លាយទៅជាច្បាប់ផ្លូវការ ដោយតម្រូវឱ្យដំឡើងអាយុចូលនិវត្តន៍ពី ៦២ ដល់ ៦៤ឆ្នាំ បើទោះជាមានបាតុកម្មប្រឆាំងតវ៉ាក៏ដោយ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក ហ្សេរ៉ាល់ ដាម៉ាណាំង (Gerald Darmanin) បានឱ្យដឹងថាប៉ូលិសយ៉ាងហោច ១០៨នាក់បានរងរបួស នៅក្នុង ការប៉ះទង្គិចគ្នាជាមួយក្រុមបាតុករជ្រុលនិយមមួយចំនួន ក្នុងនោះមានប៉ូលិស ២៥នាក់រងរបួសនៅទីក្រុងប៉ារីស ខណៈមនុស្ស ២៩១នាក់ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេស ហើយក្នុងនោះមាន ១១១នាក់ត្រូវបានចាប់ខ្លួននៅប៉ារីស។ លោក ដាម៉ាណាំង បានថ្កោលទោសយ៉ាងខ្លាំង លើក្រុមបាតុករខ្លះដែលលោកហៅថាក្រុមឆ្វេងនិយមជ្រុល មានឈ្មោះថា «black blocs» ដែលមានសមាជិក ២,០០០នាក់នៅប៉ារីស និង១,០០០នាក់នៅទីក្រុងលីយ៉ុង ជាមួយការព្រមានថាអ្នកដែលវាយប្រហារលើប៉ូលិស នឹងត្រូវទទួលរងការដាក់ទោសយ៉ាងតឹងរ៉ឹង។
នៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សានោះដែរ ក្រុមបាតុករមួយចំនួនបានចោលដបសាំង និងបាញ់កាំជ្រួចដាក់ប៉ូលិស ព្រមទាំងបំផ្លិចបំផ្លាញទ្វារបង្អួច ហាទំនិញ រួមទាំងធនាគារផងដែរ ជាហេតុបង្ខំឱ្យប៉ូលិសបារាំងត្រូវប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកជាការឆ្លើយតប៕

...

រូប​ថត​ : Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print