ខេត្តសៀមរាប៖ នៅថ្ងៃទី២ខែឧសភា ឆ្នាំ២០២៣ បាន បែកធ្លាយព័ត៌មានមកថា កូនមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបើករថយន្តពាក់ស្លាកលេខន.ប បុកម៉ូតូបណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់នៅកន្លែងកើតហេតុ នៅត្រង់ចំណុចមុខរ៉ូហ្សាណា ស្ថិតនៅលើផ្លូវជាតិលេខ៦ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
នៅវេលាម៉ោងកើតហេតុមានរថយន្តម៉ាកម៉ាសស្តាពណ៌ ខ្មៅ ពាក់ផ្លាកលេខ នគរបាល ២-១២៦០ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានបើកបរមានទិសដៅពីខាង កើត ទៅខាងលិច លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប 1AH-៣២៤៣ អ្នកបើកបរឈ្មោះ លឹម ពុទ្ធាវី ភេទប្រុស អាយុ ៣៤ ឆ្នាំ រស់នៅផ្ទះជួលភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប មានទិសដៅពីទិស ខាង លិចបត់ឆ្វេងទៅខាងជើង បណ្តាលឲ្យឈ្មោះលឹម ពុទ្ធាវី ស្លាប់នៅនឹង កន្លែងកើតហេតុ។ រីឯម៉ូតូ និងរថយន្ត ខូចខាតធ្ងន់ធ្ងរ។
ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការរដ្ឋាននគរបាល ខេត្តសៀមរាប លោក សោម វីរៈ បានឲ្យដឹងថា តាមការពិនិត្យជាក់ស្តែង នៅកន្លែងកើត ហេតុ អ្នកបើកបររថយន្តបើកបរ ក្នុងល្បឿនលឿន។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់។ ប៉ុន្តែបើទោះជា យ៉ាងនេះក្តីសមត្ថកិច្ចក៏កំពុងស្រាវជ្រាវរកអត្តសញ្ញាណអ្នកបើកបរ រូបនេះផងដែរ។
បើតាមការបញ្ជាក់ពីលោក សោម វីរៈ រថយន្តបង្កមិនុំមែនជារថយន្ត នៅក្នុងអង្គភាព ណាមួយ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នោះទេ។
មន្ត្រីនគរបាលខេត្តសៀមរាប បានបញ្ជាក់ថា រថយន្តពាក់ផ្លាកលេខ នគរបាល ដែលបានបុកមនុស្សស្លាប់ កាលពីយប់មិញ ផ្លាកលេខ រថយន្តនោះ មិនមាននៅក្នុង បញ្ជីឯកសារនោះទេ មានន័យថា ផ្លាកលេខក្លែងក្លាយ ហើយជាមួយគ្នានេះ អ្នកបើក បររថយន្តរូបនោះ ក៏មិនមែនជានគរបាលដែរ ប៉ុន្តែរស់នៅខេត្តសៀមរាប។
បើយោងតាមប្រភពព័ត៌មាន ដែលគួរឱ្យទុកចិត្តបាននោះបានឱ្យដឹងថា អ្នកបើករថយន្តម៉ាកម៉ាសស្តាពណ៌ ខ្មៅ ពាក់ផ្លាកលេខ នគរបាល ២-១២៦០ នោះ គឺឈ្មោះ វ៉ាន់ វីរ៉ុត ធ្វើការនៅក្រុមហ៊ុន សួស្តីហ្វាយណែន ត្រូវជាកូនលោក វ៉ាន់ វីរៈ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ។ ប្រភពព័ត៌មាននេះ បានអះអាងថា ជនបង្ក បានរត់គេចពីខេត្តសៀមរាបហើយ៕ ដោយ៖ សូរិយា