ភ្នំពេញ : លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា សូមអបអរសាទរក្រុមកីឡាបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានជ័យជម្នះក្នុងការប្រកួតពូល A ប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ក្នុងទឹកដី នៃព្រះរាជាណាចក្រកម្ពុជា យកឈ្នះលើក្រុមកីឡាបាល់ទះជម្រើសជាតិហ្វីលីពីន ក្នុងលទ្ធផល ៣សិតទល់០ នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០២៣ លើទីលានវិមានពហុកីឡដ្ឋានជាតិ។
លោករដ្ឋលេខាធិការបញ្ជាក់ថា, លទ្ធផលនេះជាការចាប់ផ្ដើមដ៏ល្អមួយទៀតរបស់ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជាយើង បន្ទាប់ពីបានយកឈ្នះលើក្រុមកីឡាបាល់ទះជម្រើសជាតិសិង្ហបុរី កាលពីរាត្រីម្សិលមិញ ក្នុងលទ្ធផល ៣សិតទល់០ ក៏ប៉ុន្តែយើងនៅសល់ការប្រកួតជាច្រើនដើម្បីស្វែងរកឱកាសឡើងទៅជុំបន្តៗទៀត។
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានលើកឡើងថា, ក្នុងនាមអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណដល់ពុកម៉ែ បងប្អូនទាំងអស់ ដែលបានអញ្ជើញចូលរួមទស្សនាលើកទឹកចិត្តដល់កីឡាករយើងនៅទីលានផ្ទាល់ និងទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយនានា ទាំងក្នុង និងក្រៅប្រទេស។
ជាមួយគ្នានេះដែរ ក៏ស្នើដល់ពុកម៉ែ បងប្អូនទាំងអស់ សូមបន្តនូវការគាំទ្រអត្តពលិកកម្ពុជាគ្រប់ប្រភេទកីឡាទាំងអស់នៅតាមទីលាន និងតាមប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីជាការលើកទឹកចិត្តដល់ក្រុមកីឡាករយើង ឆ្ពោះទៅដណ្តើមមេដាយជូនជាតិមាតុភូមិនៃយើង។
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា សូមជូនពរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ក៏ដូចជាក្រុមកីឡាករ កីឡាការិនី គ្រប់ប្រភេទកីឡាទាំងអស់របស់កម្ពុជា មានសុខភាព កម្លាំងមាំមួន និងទទួលបានជោគជ័យគ្រប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដណ្តើមបានមេដាយជូនព្រះរាជាណាចក្រកម្ពុជាកុំបីខាន៕
ដោយ : សិលា