សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣ បានផ្សាយថា ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ចេអរ (Ferdinand Marcos Jr) បាននិយាយថា ការអនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើប្រាស់ មូលដ្ឋានយោធារបស់ប្រទេសហ្វីលីពីន គឺជាចំណាត់ការការពារមួយ ដែលអាចនឹងមានប្រយោជន៍ប្រសិនបើចិនវាយប្រហារលើតៃវ៉ាន់។
ថ្លែងនៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ ក្នុងទីក្រុងវ៉ាស៉ីនតោន ដែលរួមមាននូវកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ព្រមទាំងការធ្វើបច្ចុប្បន្នភាពលើសន្ធិសញ្ញាការពារជាតិ ដែលមានរយៈពេលជាង៧០ឆ្នាំរបស់ប្រទេសទាំងពីរផងដែរនោះ លោក ម៉ាកូស មិនបានឆ្លើយតបដោយចំៗឡើយ នៅពេលត្រូវបានសាកសួរថា តើសហរដ្ឋអាមេរិកអាចនឹងដាក់ពង្រាយសព្វាវុធនៅតាមមូលដ្ឋានហ្វីលីពីនឬទេ ប្រសិនបើចិនសម្រេចបើកការវាយប្រហារលើតៃវ៉ាន់?
ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន Reuters លោកប្រធានាធិបតីហ្វីលីពីន បាននិយាយថា កិច្ចព្រមព្រមព្រៀង EDCA ស្តីពីការផ្តល់សិទ្ធិប្រើប្រាស់មូលដ្ឋានយោធាឱ្យកងទ័ពអាមេរិកកាលពីឆ្នាំ២០១៤ គឺត្រូវបានបង្កើតឡើងដំបូងក្នុងគោលបំណងពង្រឹងសមត្ថភាពឆ្លើយតប ចំពោះគ្រោះមហន្តរាយតែប៉ុណ្ណោះ។
លោក ម៉ាកូស បាននិយាយដូច្នេះថា «ប៉ុន្តែឥឡូវគឺមានចំណុចបន្ថែមមួយទៀត ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះ នោះគឺភាពតានតឹងនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ដែលហាក់កំពុងតែបន្តកើនឡើង។ ហេតុដូច្នេះហើយ សុវត្ថិភាពរបស់ប្រជាជនហ្វីលីពីនយើងនៅឯកោះតៃវ៉ាន់ បានក្លាយជារឿងដ៏សំខាន់បំផុត។ ម៉្យាងវិញទៀត មូលដ្ឋាន EDCA ទាំងនេះ ក៏នឹងអាចផ្តល់ប្រយោជន៍សម្រាប់យើងផងដែរ ប្រសិនបើហេតុការណ៍អាក្រក់កើតឡើង» ដោយលោកចង់សំដៅលើការវាយប្រហាររបស់ចិនទៅលើតៃវ៉ាន់។
កាលពីខែកុម្ភៈ ហ្វីលីពីនបានអនុញ្ញាតឱ្យអាមេរិកប្រើប្រាស់មូលដ្ឋានយោធារបស់ខ្លួន ចំនួន៤បន្ថែមទៀត ខណៈវាជាបញ្ហាដ៏រសើបមួយសម្រាប់ទីក្រុងម៉ានីល ដែលចង់បានទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធជាមួយទីក្រុងវ៉ាស៉ីនតោន ប៉ុន្តែទន្ទឹមគ្នានេះគឺមិនចង់ឱ្យចិនដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន កើតក្តីព្រួយបារម្ភខ្លាំងនោះទេ។ ទីក្រុងប៉េកាំងបានចោទប្រកាន់ថា ការសម្រេចចិត្តនោះនឹងធ្វើឱ្យភាពតានតឹងកាន់តែកើនឡើងថែមទៀត នៅក្នុងតំបន់ ខណៈដែលលោក ម៉ាកូស ផ្ទាល់ ធ្លាប់បានអះអាងថា មូលដ្ឋានយោធា EDCA ទាំងនោះ នឹងមិនត្រូវប្រើប្រាស់សម្រាប់សកម្មភាពបើកការវាយប្រហារណាមួយឡើយ៕ ដោយធីរីណា
រូបថត : Reuters