ខេត្តពោធិ៍សាត់៖ ស្ត្រីម្នាក់ដែលគេតែងតែឃើញស្លៀក ពាក់សមសួន បន្លំខ្លួនធ្វើជាជំទាវចូលរួមជាមួយនឹងថ្នាក់ដឹកនាំស្ទើរគ្រប់កម្មវិធីនិងដើបោកពលរដ្ឋនៅខេត្ត ពោធិ៍សាត់នោះឥឡូវត្រូវបានសមត្ថកិច្ចចាប់ញាត់គុករួចរាល់ហើយបន្ទាប់ពីបែកការណ៍ត្រឹមអភិបាលខេត្តមានការសង្ស័យ។
ការចាប់ខ្លួនជំទាវនេះធ្វើឡើងនៅថ្ងៃទី3 ខែឧសភាឆ្នាំ 2023 ក្នុងក្រុងពោធិ៍សាត់។ លោក ម៉ូលីដា ស្នងការរងទទួលផែនព្រហ្មទណ្ទ នៃស្នងការដ្ឋាននគរបាលខេត្ត ពោធិ៍សាត់បានបញ្ជាក់ឲ្យដឹងថា ស្ត្រីជាប់ចោទ ឈ្មោះ ហុីមមុំ អាយុ 53 ឆ្នាំ ទីកន្លែងកំណើត ភូមិកោះដាច់ ឃុំកោះដាច់ ស្រុកមុខកំពូលខេត្តកណ្ដាលនិងមានទីលំនៅមុនពេលឃាត់ខ្លួន ផ្ទះលេខ 24 ផ្លូវលេខ 108 ភូមិ 18 សង្កាត់បឹងកក់ទី 2 ខណ្ឌទួលគោករាជធានីភ្នំពេញ។
ជននេះត្រូវបានលោកឡុញ ច័ន្ចចេតនាចៅក្រមស៊ើបសួរសាលាដំបូងខេត្តពោធិ៍សាត់ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នក្នុងសំណុំរឿងស៊ើបសួរលេខ 245 ចុះថ្ងៃទី 4 ខែឧសភាឆ្នាំ 2023 នេះពីបទឆបោកមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិឯកភាព ឃុំថ្មដាស្រុកវាល វែងក្នុងអំឡុងខែកក្កដាឆ្នាំ 2021កន្លងទៅ។ ដោយបោក ប្រាស់ជនរងគ្រោះម្នាក់ដែលបានមកដាក់ពាក្យបណ្ដឹងនៅតុលាការអស់ទឹកប្រាក់ចំនួន 17 700 ដុល្លារ ជាថ្នូរនិងរត់ការចូលក្របខ័ណ្ឌនគរបាលហើយនិងមានអ្នកខ្លះទៀតអស់ចំនួន18,000 ដុល្លារ15.000 ដុល្លារដែលនឹងត្រៀមដាក់ពាក្យបណ្ដឹងជាបន្តបន្ទាប់ទៀត និងពលរដ្ឋជាច្រើននាក់ផ្សេងទៀតត្រូវស្ត្រីខាងលើឆបោកតាមរូបភាពផ្សេងៗ អស់ប្រាក់ពី5ទៅ6លានរៀលផងដែរ។
បើតាមប្រភពពីអាជ្ញាធរសមត្ថកិច្ចក្នុងខេត្តពោធិ៍សាត់បានឲ្យដឹងថា នៅរៀងរាល់កម្មពិធីផ្សេងៗរបស់ថ្នាក់ ដឹកនាំ គេតែងតែសង្កេតឃើញវត្តមាន ស្ត្រីខាងលើចូលរួមអង្គុយជាកិត្តិយសនិងថតរូបស្ទើរគ្រប់កម្មពិធីទាំងអស់ដោយហៅថាជាលោកជំទាវ ៗចាប់តាំងពីជំនន់ឯកឧត្តមម៉ៅធនីនជាចៅហ្វាយខេត្តពោធិ៍សាត់មកម្ល៉េះដែលគ្មាននណាម្នាក់បានដឹងថាជាជំទាវបន្លំខ្លួនដើម្បីបង្ហាញអោយគេឃើញថាខ្លួនអស្ចារ្យធ្វើឱ្យពលរដ្ឋមាន ទំនុកចិត្តចាញ់បោកលុយអស់រាប់សិបម៉ឺនដុល្លារ។ ទើបបែកការណ៍ត្រឹមលោកខូយ រីដាអភិបាលខេត្តចាប់ អារម្មណ៍ មានការសង្ស័យ ដាក់ផែនការឲ្យអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចស៊ើបអង្កេតលេចធ្លាយចេញជាករណីឆបោកប្រជាពលរដ្ឋនិងមានបណ្ដឹងចាប់ខ្លួនញាត់គុកតែម្ដង៕ ដោយ៖ សហការី