ខេត្តកំពង់ធំ៖ យ៉ាងហោចណាស់ មនុស្សចំនួន ៤នាក់ ខណៈពួកគេកំពុងតែធ្វើសកម្មភាពបូមរ៉ែមាស តែសំណាងអាក្រក់ក៏ត្រូវដីបាក់សង្កត់ជាប់ នៅក្នុងរណ្តៅតែម្តង ហើយទំរាំតែប្រជាពលរដ្ឋរស់នៅក្បែរទីតាំងកើតហេតុដឹងបាននាំគ្នាទៅជួយសង្គ្រោះជនរងគ្រោះចេញពីក្នុងរណ្តៅបានក្រុមជនរងគ្រោះ បានដាច់ខ្យល់ស្លាប់អស់ទៅហើយ។
ករណីបាក់រណ្ដៅខាងលេីនេះ បានកើតឡើង កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ ស្ថិតនៅចំនុចអូករហាក់ ក្នុងតំបន់ស្នងអន នៅក្នុងភូមិវាលព្រីង ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
បេីតាមការបញ្ជាក់ពីមន្រ្តីនគរបាលមូលដ្ឋាន បានឱ្យដឹងថា រណ្តៅបូមរ៉ែមាសខាងលើ ជារបស់ឈ្មោះ ស្វាយ ភឿន ភេទប្រុស អាយុ ៣៣ឆ្នាំ មានប្រពន្ធឈ្មោះ មឿន សុខវី អាយុ៣២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកអ្នកស្លា.ប់ទាំង ៤នាក់នេះ រួមមាន៖ ទី១-ឈ្មោះ បៀន ហោ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិវាលព្រីង ឃុំឈើទាល ស្រុកសណ្ដាន់ ទី២- ឈ្មោះ សុខ ឈាន់ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិផ្ទោល ឃុំមានជ័យ ស្រុកសណ្ដាន់ៗ ទី៣- ឈ្មោះ យឹម ចិត្ត ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិ វាលព្រីង ឃុំឈើទាល ស្រុកសណ្ដាន់ និងទី ៤- ឈ្មោះ ពេល វទ្ធី (ហៅតាវ៉ែនតា)ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិទួលថ្ម ឃុំតាឡោ ស្រុកបាកាន ខេត្តពោធិ៍សាត់។
មន្រ្តីដដែលបន្តថា មុនពេលកើតហេតុ ក្រុមជនរងគ្រោះកំពុងតែធ្វើសកម្មភាពបូមរ៉ែមាស ស្រាប់តែត្រូវដីបាក់សង្កត់ជាប់ នៅក្នុងរណ្តៅតែម្តងដោយមិនមានអ្នកជិតខាងដឹងនោះទេ ហើយទំរាំតែប្រជាពលរដ្ឋដឹង ក៏រាយការណ៍ប្រាប់សមត្ថកិច្ច ដេីម្បីជួយសង្រ្គោះ ប៉ុន្តែជាអកុសលជនរងគ្រោះទាំង៤នាក់នោះ បានស្លាប់បាត់ទៅហេីយ។
ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើកោសលវិនិច្ឆ័យរួចសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណេីតរៀងរៀងៗ។
លោកវីរៈសេនីយ៍ត្រី លក វង្ស មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” តាមទូរសព្ទយ៉ាងដូច្នេះថា , ពាក់ព័ន្ធនឹងករណីបាក់រណ្ដៅដីបូមមាស បើតាមខ្ញុំដឹងជាបឋម គឺជាកន្លែងដែលបងប្អូនប្រជាពលរដ្ឋ គាត់នាំគ្នារករ៉ែមាស ជាលក្ខណៈគ្រួសារ នៅក្នុងដីក្រុមហ៊ុនរបស់ចិន ។ ប៉ុន្តែមិនដឹងថា ក្រុមហ៊ុននោះឈ្មោះអ្វីពិតប្រាកដ ។ ម្យ៉ាងទៀតបងប្អូនប្រជាពលរដ្ឋ ចេះតែនាំគ្នា បូមរករ៉ែមាសនេះ ជាលក្ខណៈគ្រួសារ និងគ្មានបច្ចេកទេស ទើបបណ្ដាលឲ្យមានគ្រោះថ្នាក់នេះកើតឡើង។
លោក ទិត្យ សំណាង ស្នងការរងទទួលផែនព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន” នគរវត្ត ” តាមទូរសព្ទថា, ខ្ញុំបានដឹកនាំកម្លាំង ជំនាញ ចុះមកពិនិត្យទីតាំងកន្លែងកើតហេតុ ដំបូងយើងយល់ឃើញថា ប្រជាពលរដ្ឋគាត់បានបូមរករ៉ែមាស ជាលក្ខណៈគ្រួសារ ខ្លះទៀតនៅតាមដីរបស់គាត់ ដែលគ្មានច្បាប់ទម្លាប់អ្វីទាំងអស់ ។ លោកស្នងការរង បញ្ជាក់ថា, រណ្តៅដែលពួកគាត់បានជីកបូមរករ៉ែមាស គ្មានបច្ចេកទេស គ្រាន់តែជីក ជារណ្ដៅ ស្រះ មានទំហំខ្លះ ៤មគុណ៤ម , ជម្រៅ 5 ទៅ 9 ម៉ែត្រ ។ ពួកគាត់បានប្រើ ម៉ាស៊ីនចិនប្រភេទតូចៗ ប្រើប្រេងម៉ាស៊ូត រៀបចំក្បាលបូម ដែលគ្មានបច្ចេកទេស ហើយម្យ៉ាងទៀត ដីនៅកន្លែងនោះ ភាគច្រើនសម្បូរទៅដោយខ្សាច់ ទើបបណ្ដាលឲ្យបាក់ស្រុត ខ្សាច់គ្រប់សង្កត់ពីលើជនរងគ្រោះ អន្តរាគមន៍ជួយមិនទាន់ ក៏បណ្ដាលឱ្យបាត់បង់ជីវិត។
លោកស្នងការរង ទិត្យ សំណាង បានបន្តថា , បើទោះជាការបូមរកមាសនេះ ជាលក្ខណៈគ្រួសារ ប៉ុន្តែកន្លែងខ្លះ គេបានជួលអ្នកភូមិ ឱ្យមកធ្វើការងារឲ្យ តែទោះជាយ៉ាងណា កម្លាំងជំនាញក៏បានស៊ើបអង្កេត ស្រាវជ្រាវ ក្នុងរឿងនេះឲ្យបានដិតដល់ ។ លោកបន្តថា, ទីមួយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ , ទីពីរ យើងក៏ត្រូវស្រាវជ្រាវ រកឲ្យឃើញពីមូលហេតុ , ព្រោះមានអ្នកខ្លះ ជួលកម្មករ ដោយប្រើម៉ាស៊ីន ហើយបងរករ៉ែមាស បានក្នុងមួយថ្ងៃ ១ជី ២ជី ដែលសម្រាប់មធ្យោបាយប្រើប្រាស់ប្រេងម៉ាស៊ីនផង កម្លាំងពលកម្មកម្មករផង ។ ដូច្នេះយើងតាមដានរក អ្នកដែលប្រើប្រាស់កម្មករ ប្រសិនបើពួកគាត់បណ្ដាលឱ្យស្លាប់ដោយសារការជួលនេះ ! ប៉ុន្តែការពិនិត្យជាក់ស្ដែង ឃើញថាឪពុកនិងកូនទេ បាននាំគ្នា រៀបចំក្បាលបូម ក្នុងរណ្ដៅ ជម្រៅ 5 ម៉ែត្រ ដល់បូមយូរៗទៅ កន្លែងនោះសម្បូរទៅដោយខ្សាច់ ទើបទឹកច្រោះ បណ្ដាលឱ្យខ្សាច់ ច្រៀល បាក់រណ្ដៅជម្រៅ 5 ម៉ែត្រនោះ សង្កត់លើមនុស្ស 4នាក់ ឈានដល់ស្លាប់។
លោកបញ្ជាក់ថា, ទោះជាការធ្វើមុខរបរនេះជាលក្ខណៈគ្រួសារក៏ដោយ ខាងជំនាញមន្ត្រីនគរបាលយុត្តិធម៌ កំពុងស្វះស្វែងប្រមូលរក វត្ថុតាង អ្នកពាក់ព័ន្ធ ដើម្បីបន្តនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕
ដោយ : ស តារា