ទំនិញគេចពន្ធជាច្រើនប្រភេទ បន្តធ្វើចរាចរណ៍ពីវៀតណាមឆ្លងកាត់ស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ កាន់តែច្រើនឡើង បន្ទាប់ពីសមត្ថកិច្ចពាក់ព័ន្ធគ្រប់គ្រងនៅមាន
យ៉ាងតិចមានឈ្មួញចំនួន៤រូប កំពុងដឹកទំនិញជាច្រើនប្រភេទពីវៀតណាមមកចែកចាយនៅកម្ពុជាឆ្លងតាមច្រកស្រុកមេម៉ត់គឺ លោកផ្កាយបី ស៊ុន ហួរ យាយញាប់ ចែដែត និងចែពិដោរ ជាមេខ្លោងរងស៊ីល្មើសច្បាប់ ឬនិយាយបានថាអ្នករកប្រភពសេដ្ឋកិច្ចសម្រាប់មេគយ ចាន់ សុផាត ជាយូរឆ្នាំមកហើយ។ លោកផ្កាយបី ស៊ុន ហួរ ស្ទាត់ជំនាញក្នុងមុខរបរដឹកទំនិញគេចពន្ធ ខណៈលោក ស៊ុន ហួរ មានបទពិសោធន៍ក្នុងការដឹកជញ្ជូន ការដែលខ្លួនអតីតគឺជាមេការដឹកជញ្ជូនទំនិញគេចពន្ធឲ្យយាយញាប់ តាំងពីមិនទាន់មានបុណ្យស័ក្តិផ្កាយពេញស្មាមកម្លេះ។ បច្ចុប្បន្នបុណ្យស័ក្តិក៏លោក ស៊ុន ហួរ មាន ការពង្រីកមុខរបរទំនិញគេចពន្ធក៏កាន់តែមានទ្រង់ទ្រាយធំ មានទាំងរថយន្តយីឌុប និងរថយន្តក្រុងលួចបង្កប់ទំនិញគេចពន្ធ ទាំងពីវៀតណាមឆ្លងកាត់ខេត្តត្បូងឃ្មុំ កំពង់ចាម ទាំងខេត្តស្វាយរៀងដ៏ចេញមុខ។ តាមរយៈមុខរបរមិនស្របច្បាប់នេះលោកផ្កាយបី ស៊ុន ហួរ ទទួលនូវការរិះគន់ពីគ្រប់មជ្ឈដ្ឋានថា បុគ្គលរូបនេះ យកតែបុណ្យស័ក្តិនិងតួនាទី សម្រាប់ការពារមុខរបរទំនិញគេចពន្ធតែប៉ុណ្ណោះ។ គេទទួលស្គាល់និងដឹងឮទូទាំងប្រទេសថា រថយន្តក្រុងរបស់ផ្កាយបី ស៊ុន ហួរ បុកកម្មករកម្មការិនីស្លាប់ជាច្រើននាក់នៅខេត្តស្វាយរៀង ទីបំផុតក្នុងនាមលោក ស៊ុន ហួរ ជាអ្នកទទួលខុសត្រូវផ្នែកសំណងរដ្ឋប្បវេណី បែរជាមិនបានគិតគូរ ហើយក៏ពុំមានចំណាត់ការពីផ្លូវច្បាប់ ឬថ្នាក់លើចំពោះបុគ្គលរូបនេះដែរ?។
ក្រុមមន្ត្រីគយបានបង្ហើបថា លោកផ្កាយបី ស៊ុន ហួរ អាចមានលទ្ធភាពចំណាយប្រាក់បំពេញតម្រូវការថ្នាក់លើ ឬស្ថាប័នជំនាញពាក់ព័ន្ធ ព្រោះថាគ្រាន់តែករណីក្រុមគយចល័តចាប់រថយន្តដឹកទំនិញគេចពន្ធរបស់ខ្លួននៅខេត្តត្បូងឃ្មុំ ឈ្មួញដ៏ឥទ្ធិពលរូបនេះមិនត្រឹមតែខឹងសម្បារគំរាមមន្ត្រីគយតាមច្រកប៉ុណ្ណោះទេ ស៊ុន ហួរ ថែមទាំងគំរាមថានឹងដកខ្លួនឈប់ដឹកទំនិញគេចពន្ធតាមច្រកទាំងនោះ ដើម្បីធ្វើឲ្យមេគយច្រកលិតអំបិលក្នុងពាង។ ចំណុចនេះគឺជាកំហុសឆ្កងរបស់មេគយដែលតែងទទួលប្រយោជន៍ពីឈ្មួញទើបធ្វើឲ្យឈ្មួញ ស៊ុន ហួរ ហ៊ានក្រឡុកតាមអំពើចិត្ត។
សព្វថ្ងៃលោក ចាន់ សុផាត ប្រធានការិយាល័យគយ និងរដ្ឋាករមេម៉ត់កំពុងមានមោទនភាពក្នុងការទទួលសេដ្ឋកិច្ចពីឈ្មួញ ស៊ុន ហួរ យាយញាប់ ចែដែត ចែពិដោរ បានលុយហើយ ពេលមានរឿងក្រុមឈ្មួញទាំងនេះចេញមុខអន្តរាគមន៍ទៅថ្នាក់លើការពារកំហុស តំណែង ប៉ុន្តែលោក ចាន់ សុផាត ពុំបានគិតដល់ថា ខ្លួនកំពុងមានចេតនាទុចរិតបំបាត់ពន្ធនាំចូលរបស់រដ្ឋ និងបំពានទៅនឹងគោលការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ស្រុកមេម៉ត់គឺជាតំបន់បទល្មើសឈើឆ្លងទៅវៀតណាម និងទំនិញគេចពន្ធហូរចូលមកកម្ពុជា ស្របពេលសមត្ថកិច្ចជំនាញពាក់ព័ន្ធ ពិសេសស្ថាប័នគយនេះតែម្តងមានភាពធុររលុងគិតរឿងប្រយោជន៍ បុគ្គល បក្ខពួក ខ្សែជាធំ ទើបធ្វើឲ្យឈ្មួញសម្រុកប្រមូលផ្តុំគ្នានៅទីនោះទាំងការចរាចរណ៍បទល្មើសព្រៃឈើទៅវៀតណាម និងទំនិញគេចព័ន្ធពីវៀតណាមទៅកម្ពុជា៕
ដោយ៖ ប្រជាពលរដ្ឋម្នាក់