ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃសៅរ៍ទី០៦ ខែឧសភា ឆ្នាំ២០២៣នេះថា៖ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០១ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិចិនចំនួន ០២នាក់ ,នេះបេីគិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី០៤ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានគូសបញ្ជាក់ថា បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ រួមមាន៖
១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៨៦៩ករណី មានមនុស្ស ២,១៥៩នាក់។
២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៨៤០សំណើ និងបិទសំណុំរឿង ២៩១សំណើ (រកឃើញមនុស្ស ១,២៥២នាក់, ឃាត់ខ្លួនជនសង្ស័យ ១៣១នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)។
៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ២៩ករណី។
ជាមួយគ្នានេះ នៅថ្ងៃដដែលនេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានឱ្យដឹងទៀតថា មានជនសង្ស័យចំនួន ៦០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញនេះ។
លោកអ្នកនាំពាក្យ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង ៦០នាក់នោះ មាន ១៩នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ ១៣ករណី និងជនសង្ស័យ ៤១នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសគ្រឿងញៀន ១៣ករណី។
បន្ថែមពីនេះ លោកនាយឧត្តមសេនីយ៍ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាន។
លោកអ្នកនាំពាក្យ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ៕ដោយ៖សហការី