នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖​ សមត្ថកិច្ចកម្ពុជា បន្តទទួលបានបណ្តឹង ១ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិចិន ២នាក់

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោក​នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​០៦​ ខែឧសភា​ ឆ្នាំ​២០២៣នេះថា៖​ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០១ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិចិនចំនួន ០២នាក់​ ,នេះបេី​គិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី០៤ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី០៥ ខែឧសភា​ ឆ្នាំ២០២៣​។

លោក​នាយឧត្តមសេនីយ៍ ខៀវ សុភ័គ​ បានគូសបញ្ជាក់ថា​ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី០៥ ខែឧសភា​ ឆ្នាំ២០២៣ រួមមាន៖

១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៨៦៩ករណី មានមនុស្ស ២,១៥៩នាក់។ 

២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៨៤០សំណើ និងបិទសំណុំរឿង ២៩១សំណើ (រកឃើញមនុស្ស ១,២៥២នាក់, ឃាត់ខ្លួនជនសង្ស័យ ១៣១នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)។ 

៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ២៩ករណី។ 

ជាមួយគ្នានេះ​ នៅថ្ងៃដដែល​នេះ​ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ​ បានឱ្យដឹងទៀតថា​ មានជនសង្ស័យចំនួន​ ៦០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៥ ខែឧសភា​ ឆ្នាំ២០២៣ ម្សិលមិញនេះ។

លោកអ្នកនាំពាក្យ​ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង​ ៦០នាក់នោះ មាន ១៩នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ ១៣ករណី​ និងជនសង្ស័យ​ ៤១នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសគ្រឿងញៀន​ ១៣ករណី។

បន្ថែម​ពីនេះ​ លោកនាយឧត្តមសេនីយ៍​ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាន។ 

លោកអ្នកនាំពាក្យ​ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ៕ដោយ​៖សហការី​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print