ភ្នំពេញ៖ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះថា៖ មន្រ្តីជំនាញ ក.ប.ប. តាមបណ្ដាសាខារាជធានី-ខេត្ត បានបន្តអនុវត្តច្បាប់លើម្ចាស់អាជីវកម្មប្រេងឥន្ធនៈប្រសិនមន្រ្តីជំនាញរកឃើញថាមានបទល្មើស ដែលប្រកបអាជីវកម្មមិនសុចរិតតាមរយៈផ្ដល់ផលិតផលប្រេងឥន្ធនៈមិនមានអនុលោមភាព។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងទៀតថា ជាក់ស្ដែងថ្ងៃទី២-៥ ខែឧសភា ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. រាជធានី-ខេត្តចំនួន ៧ បានចុះអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបង្រ្កាប និងទប់ស្កាត់អំពើមិនសុចរិតភាពក្នុងវិស័យប្រេងឥន្ធនៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងប្រតិបត្តិការនោះតាមលទ្ធផលមន្រ្តីជំនាញបានត្រួតពិនិត្យលើស្ថានីយ/ដេប៉ូប្រេងឥន្ធនៈចំនួន ៣៧ទីតាំងផ្សេងគ្នា ក្នុងនោះមាន ៥ទីតាំងមិនមានអនុលោមភាព និងពិន័យអន្តរការណ៍រួមទាំងធ្វើកិច្ចសន្យាកែតម្រូវស្របតាមច្បាប់។
គួរជម្រាបផងដែរថា មន្ត្រីជំនាញ ក.ប.ប. នៅតែបន្តអនុវត្តច្បាប់ ក៏ដូចជាបន្តណែនាំដល់អាជីវករអំពីច្បាប់នឹងបទប្បញ្ញត្តិនានា ជាពិសេសច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ដើម្បីបន្តបញ្ជ្រាបការយល់ដឹង និងជំរុញឱ្យមានការចូលរួមអនុវត្តច្បាប់ពីគ្រប់មជ្ឈដ្ឋាន៕ដោយ៖សហការី