ខេត្តពោធិ៍សាត់ ៖ ថ្ងៃអង្គារ ៥រោច ខែពិសាខ ឆ្នាំថោះ បព្ចាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល បានធ្វើការបង្រ្កាប និងនាំខ្លួនមនុស្សប្រុសស្រីយ៉ាងតិចចំនួន១៣នាក់ ដើម្បីយកទៅសួរនាំពាក់ព័ន្ធករណីព្រហ្មទណ្ឌ ។
យោងរបាយការណ៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ រាយការណ៍ជូនថ្នាក់លើ បាននាំខ្លួនស្រ្តីមុខសញ្ញាបន្លំលួចខ្សែកផ្លាកទីនចំនួន០២ខ្សែ និងបណ្តោងផ្លាកទីនចំនួន០៣គ្រាប់ផងដែរ របស់អាជីករលក់ទិញមាស(ទុយ សុភាព)កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ រួចគេចខ្លួនបាត់រហូតដល់ថ្ងៃឃាត់ខ្លួន ខណៈបង្ហាញខ្លួននៅតាមតូបអាជីករលក់មាស នៅផ្សារធំថ្មី ភូមិពាលញែកទី-១ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ហើយប្ដី និងកូនប្រុសស្រីរងចាំនៅនៅកន្លែងផ្សេង ស្រ្តីជាជនសង្ស័យឈ្មោះ វីន រុន អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិបត់គគីរចាស់ ឃុំអូរប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ជនសង្ស័យ(សាភាពមុខសមត្ថកិច្ចខ្លួនប្រព្រិត្ត)។
រាយការណ៍នគរបាលបញ្ជាក់ទៀតថា នៅថ្ងៃដដែលខាងលើ បានបង្រ្កាបក្រុមញៀនល្បែង(បៀ)១ករណីទៀត នៅចំណុចជើងភ្នំបរវង្ស ស្ថិតនៅភូមិបរវង្ស សង្កាត់ចំរើនផល ក្រុង.ខេត្តពោធិ៍សាត់ ដោយធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន០៩នាក់ រួមទាំងវត្ថុតាងផងដែរ បច្ចុប្បន្ន ជនសង្ស័យទាំងអស់កំពុងបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ៕ ដោយៈ ប៉ឹម ពិន