លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២នៅ ទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី ថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ : តបតាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៣ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបាន ប្រព្រឹត្តទៅថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ូនបាចូ។

នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលទាំងនេះ ប្រមុខដឹកនាំអាស៊ានបានបញ្ជាក់នូវការគាំទ្រចំពោះភាពជាប្រធានរបស់ឥណ្ឌូនេស៊ី ក្រោមមូលបទ៖ “សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន” និង បានសម្តែងនូវសេចក្ដីពេញចិត្តចំពោះវឌ្ឍនភាព ក្នុងការសម្រេចបាននូវអាទិភាពរបស់អាស៊ាន សម្រាប់ឆ្នាំ២០២៣ ជាពិសេស ក្នុងការប្រែក្លាយអាស៊ានទៅជាសហគមន៍មួយដែលមានស្ថាប័ន ប្រកបដោយភាពស្វាហាប់ រឹងមាំ និងពោរពេញទៅដោយសមត្ថភាពនិងប្រសិទ្ធភាព។

ប្រមុខដឹកនាំអាស៊ានក៏បានស្វាគមន៍អាទិភាព និងគំនិតផ្តួចផ្តើមទាំងឡាយរបស់ឥណ្ឌូនេស៊ី មានជាអាទិ៍៖ (១) ការស្តារនិងកសាងឡើងវិញ (២) សេដ្ឋកិច្ចឌីជីថល និង (៣) ចីរភាព។ ប្រមុខ ដឹកនាំអាស៊ានបានប្ដេជ្ញាចិត្តនឹងធ្វើឲ្យអាស៊ានក្លាយជាចលករនៃកំណើនសាកល និងជាកម្លាំងជំរុញ សម្រាប់សន្តិភាព តាមរយៈសមាហរណកម្មសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដំណើរការបន្លាស់ឌីជីថល ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាពហិរញ្ញវត្ថុ សន្តិសុខថាមពល និងស្បៀង និងការអភិវឌ្ឍ ធនធានមនុស្ស។ ជាងនេះទៀត ប្រមុខដឹកនាំអាស៊ានបានសង្កត់ធ្ងន់លើសារៈសំខាន់ក្នុងការធ្វើការ ជាមួយដៃគូនានា ដើម្បីជំរុញការអនុវត្តទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក តាមរយៈគម្រោង ជាក់លាក់ទាំងឡាយ និងកិច្ចសហប្រតិបត្តិការជាក់ស្តែង។

ប្រមុខដឹកនាំបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តបន្តពង្រឹងមជ្ឈភាព និងឯកភាពអាស៊ាន ក្នុង ការធ្វើទំនាក់ទំនងជាមួយដៃគូខាងក្រៅនានា ក្នុងពេលដែលមានភាពមិនប្រាកដប្រជាដ៏ធំ ហើយ ដែលសណ្ដាប់ធ្នាប់តំបន់ និងពិភពលោកកំពុងមានការវិវត្តយ៉ាងឆាប់រហ័ស។ កិច្ចប្រជុំកំពូលក៏បាន សង្កត់ធ្ងន់អំពីសារៈសំខាន់នៃសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ក្នុង ការគ្រប់គ្រងទំនាក់ទំនងអន្តររដ្ឋ និងការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាព ក្នុងតំបន់។ ប្រមុខ ដឹកនាំអាស៊ានបានស្វាគមព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រទេសប៉ាណាម៉ា និងម៉ិកស៊ិក ចូលជា ភាគីនៃ TAC ហើយសង្ឃឹមថា ការចុះហត្ថលេខាដោយប្រទេសទាំងបីនេះចូលជាភាគីនៃ TAC នឹង អាចប្រព្រឹត្តទៅនៅក្នុងឆ្នាំ២០២៣នេះ។

ប្រមុខដឹកនាំអាស៊ានក៏ទន្ទឹងរង់ចាំផងដែរនូវការរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-ជប៉ុនលើកទី៥០ នៃទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន ថ្ងៃទី១៦- ១៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ និងការរៀបចំកិច្ចប្រជុំកំពូលពិសេសដើម្បីរំលឹកខួបអនុស្សាវរីយ៍ លើកទី៥០ នៃទំនាក់ទំនងកដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី ក្នុងខែមីនា ឆ្នាំ២០២៤ នៅអូស្ត្រាលី។ លើសពីនេះទៀត ប្រមុខដឹកនាំក៏បានស្វាគមន៍លើសំណើរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សា សហប្រតិបត្តិការឈូងសមុទ្រ ក្នុងឆមាសទី២ នៃឆ្នាំនេះ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ សម្ដេចតេជោនាយករដ្ឋមន្រ្តី រួមជាមួយ នឹងប្រមុខរដ្ឋដឹកនាំអាស៊ានដទៃទៀត ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំប្រមុខដឹកនាំអាស៊ានជាមួយ តំណាងអន្តរសភាអាស៊ាន (AIPA) កិច្ចប្រជុំប្រមុខដឹកនាំអាស៊ានជាមួយតំណាងយុវជនអាស៊ាន កិច្ចប្រជុំប្រមុខដឹកនាំអាស៊ានជាមួយតំណាងក្រុមប្រឹក្សាផ្ដល់យោបល់ធុរកិច្ចអាស៊ាន និងកិច្ចប្រជុំ ប្រមុខដឹកនាំអាស៊ាន ជាមួយក្រុមការងារជាន់ខ្ពស់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥។ នៅក្នុងកិច្ចប្រជុំទាំងនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់នូវចំណុចសំខាន់ៗ ដូចខាង ក្រោម៖

– អាស៊ានត្រូវឆ្លើយតបចំពោះបញ្ហាប្រឈមទាំងឡាយទាំងនៅក្នុងតំបន់ និងសាកលលោក ឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងបុរេសកម្ម ជាពិសេសបញ្ហាដែល អាស៊ានពុំអាចទទួលបានកុងសង់ស៊ីស ដោយមិនទុកឱ្យបញ្ហាទាំងនោះប៉ះពាល់ដល់ ដំណើរការកសាងសហគមន៍អាស៊ាន និងសមាហរណកម្មតំបន់ឡើយ។

ការពង្រឹងសហគមន៍អាស៊ានមិនត្រូវធ្វើឲ្យប៉ះពាល់ដល់គោលការណ៍គ្រឹះទាំងឡាយ ដែល មានចែងក្នុងធម្មនុញ្ញអាស៊ានឡើយ ជាពិសេស គោលការណ៍ស្តីពីការធ្វើសេចក្ដីសម្រេច ចិត្តដោយផ្អែកលើការពិគ្រោះយោបល់និងកុងសង់ស៊ីស និងការមិនជ្រៀតជ្រែកកិច្ចការផ្ទ ក្នុងផងគ្នា។

...

សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print