ភ្នំពេញ៖ បើយោងតាម លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានថ្លែងថា៖ សម្រាប់ឆ្នាំ២០២២ កំពង់ផែស្វយ័តភ្នំពេញ(ក. ស. ភ.) សម្រេចបានលទ្ធផលអាជីវកម្ម ដោយទទួលបាននូវបរិមាណកុងតឺន័រ ចំនួនជិត៤២ម៉ឺន TEUs (៤១៧.៦៩៦ TEUs) ដែលអនុវត្តបានលើសផែនការឆ្នាំ២០២២ ចំនួន១០៦ភាគរយ និងកើនឡើងចំនួន២០ភាគរយ ធៀបនឹងការអនុវត្ត ឆ្នាំ២០២១។
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជារូបនេះ បានថ្លែងនៅក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី៨ របស់កំពង់ផែស្វយ័តភ្នំពេញយ៉ាងដូច្នេះថា៖ ចំពោះលទ្ធផលហិរញ្ញវត្ថុក.ស.ភ ទទួលបាននូវប្រាក់ចំណេញ ចំនួនជាង១៤លានដុល្លារអាមេរិក (១៤.៣១៣.២៨៣ដុល្លារ) ដែលអនុវត្តបានលើសផែនការឆ្នាំ២០២២ ចំនួន១ភាគរយ និងកើនឡើងចំនួន១៣ភាគរយ ធៀបនឹងការអនុវត្តឆ្នាំ២០២១។ ការថ្លែងបែបនេះរបស់លោក ហ៉ឺ បាវី ថ្លែងនៅក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី៨ របស់កំពង់ផែស្វយ័តភ្នំពេញ។
លោកប្រតិភូ បានថ្លែងបញ្ជាក់បន្ថែមថា ទន្ទឹមនឹងលទ្ធផល ដែលសម្រេចបានកន្លងមកនេះ ក.ស.ក ក៏នៅមានផែនការការងារជាអាទិភាពបន្តទៀត សម្រាប់អនុវត្តឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់ទៀត ក្នុងនោះរួមមាន៖ គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ត្រៀមអភិវឌ្ឍជំហានទី៤ គម្រោងពង្រីកទីលានស្ដុកកុងតឺន័រ នៃចំណតផែកុងតឺន័រ LN១៧ និងគម្រោងអភិវឌ្ឍន៍ចំណតផែរណបតាមដងទន្លនៅតាមបណ្ដាទីតាំងចំនួន៧ទៀត រួមមាន៖ ចំណតផែរណបពហុបំណងឆ្លូង (ក្រចេះ),ចំណតផែពហុ បំណង បឹងកេត (កំពង់ចាម), ចំណតផែរណបពហុបំណងភ្នំក្រោម (សៀមរាប), ចំណតផែរណបពហុបំណងកំពង់ឆ្នាំង, ចំណតផែរណបពហុបំណងកំពង់លែង,ចំណត ផែរណបពហុបំណងព្រែកក្ដាម, និងចំណតផែរណបពហុបំណងសុវណ្ណភូមិ IM២៥ ដើម្បីបង្ខិតសេវាកម្មរបស់ក.ស.ភ ឲ្យកាន់តែកៀកអតិថិជននិងជំរុញការនាំចេញ កសិផលតាមតំបន់នីមួយៗ៕ ដោយ៖សហការី