កូរ៉េខាងត្បូង មានចំនួនពលរដ្ឋធ្វើអត្តឃាតខ្ពស់បំផុត ក្នុងចំណោម ៣៨ប្រទេស នៅក្នុងអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច OECD ។ តាមតួលេខឆ្នាំ២០២១ បង្ហាញឲ្យឃើញថា ក្នុងចំណោមពលរដ្ឋ១សែននាក់ មានដល់ទៅ២៦នាក់បានធ្វើអត្តឃាត។
រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីវេជ្ជបណ្ឌិត និងប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីពង្រឹងគោលនយោបាយសុខភាពផ្លូវចិត្ត ក្រោយពេលមានការ ធ្វើអត្តឃាតខ្ពស់បំផុតនៅលើពិភពលោក ។
ជារៀងរាល់ឆ្នាំ មនុស្សរាប់ពាន់នាក់បានផ្តាច់ជីវិតខ្លួនឯងនៅក្នុងប្រទេស«គីមឈី»។ ការធ្វើអត្តឃាតខ្លះត្រូវបានគេរើសអើង វាយតម្លៃថាជាមនុស្សរំជើបរំជួល និងទន់ខ្សោយ ខណៈពេលដែលអ្នកផ្សេងទៀតត្រូវបានស្រាវជ្រាវ និងពិនិត្យយ៉ាងខ្ជាប់ខ្ជួនអំពីការស្លាប់របស់ពួកគេ។
កាលពីខែមុន Moonbin សមាជិកក្រុមចម្រៀងប្រុស Astro ត្រូវបានគេប្រទះឃើញស្លាប់នៅផ្ទះរបស់គាត់ក្នុងទីក្រុងសេអ៊ូល។ ប៉ូលិសមូលដ្ឋានបានសន្និដ្ឋានថា បុរសអាយុ២៥ឆ្នាំរូបនេះបានសម្លាប់ខ្លួនឯង។ អ្នកគាំទ្ររាប់ពាន់នាក់បានសម្ដែងការសោកស្ដាយចំពោះការស្លាប់ភ្លាមៗរបស់គាត់នៅលើបណ្ដាញសង្គម។
តារា K-pop មួយចំនួនបានធ្វើអត្តឃាតក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជំរុញឱ្យមានការអំពាវនាវឱ្យមានច្បាប់កាន់តែខ្លាំងសម្រាប់ការយាយី និងការរំលោភបំពានតាមអ៊ីនធឺណិត និងបង្កើនការយកចិត្តទុកដាក់ចំពោះសុខភាពផ្លូវចិត្តរបស់មនុស្សល្បី។
Goo Hara សមាជិកក្រុម Kara ត្រូវបានគេប្រទះឃើញស្លាប់ក្នុងខែវិច្ឆិកា ឆ្នាំ 2019 ក្នុងវ័យ 28 ឆ្នាំ។ មួយខែក្រោយមក Sulli អាយុ 25ឆ្នាំ សមាជិកក្រុម F(x) ក៏បានធ្វើអត្តឃាតនៅផ្ទះរបស់នាងផងដែរ បន្ទាប់ពីតស៊ូអស់រយៈពេលជាយូរ។ ជាមួយនឹងការគំរាមកំហែងតាមអ៊ីនធឺណិត។
ក្នុងឆ្នាំ 2017 Jong Hyun សមាជិកក្រុម Shinee បានទទួលមរណភាពបន្ទាប់ពីតស៊ូជាមួយជំងឺធ្លាក់ទឹកចិត្ត។
ទីភ្នាក់ងារមាតិកាច្នៃប្រឌិតកូរ៉េ ដែលជាមជ្ឈមណ្ឌលគាំទ្រវប្បធម៌ប៉ុបសម្រាប់សិល្បករ រាយការណ៍ថាចំនួនសិល្បករដែលត្រូវការការប្រឹក្សាផ្លូវចិត្តបានកើនឡើងពី 146 ករណីក្នុងឆ្នាំ 2020 ដល់ 661 ករណីក្នុងឆ្នាំ 2022 ។
កាលពីខែមេសាកន្លងទៅនេះ ក្រសួងសុខាភិបាល និងសុខុមាលភាពកូរ៉េបានប្រកាសផែនការកាត់បន្ថយអត្រាធ្វើអត្តឃាត 30% នៅឆ្នាំ 2027។ ផែនការរយៈពេល 5 ឆ្នាំរួមមានការត្រួតពិនិត្យសុខភាពផ្លូវចិត្តជាទៀងទាត់ សេវាប្រឹក្សាយោបល់ប្រសើរជាងមុនសម្រាប់ជនរងគ្រោះ និងការកែលម្អការថែទាំសម្រាប់អ្នកដែលបានប៉ុនប៉ងធ្វើអត្តឃាត៕
រូបថត : zingnews