ភ្នំពេញ : ស្រណោះណាស់ ! ដូនចាស់វ័យ ៨៥ឆ្នាំ យំខ្សឹបខ្សួលចង់បានខោអាវថ្មីស្លៀកពាក់ និងអង្ករទុកបរិភោគ បានអង្រួនបេះដូងមាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឱ្យទប់ចិត្តមិនបាន ចាត់ឱ្យសហការីចុះជួយភ្លាមៗ …!!
បន្ទាប់ពីបានឃើញព័ត៌មានតាមបណ្តាញសង្គម ពីករណីលោកយាយ ចេង យ៉ាន អាយុ ៨៥ឆ្នាំ ដែលរស់នៅផ្ទះចាស់ទ្រុឌទ្រោម នៅភូមិឃ្លាំងលិច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល យំខ្សឹបខ្សួលចង់បានខោអាវថ្មីស្លៀកពាក់ និងអង្ករទុកបរិភោគផងនោះ នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មានអារម្មណ៍ក្តុកក្តួលរំជួលចិត្តឥតឧបមា និងក្តីអាណិតអាសូរយ៉ាងក្រៃលែង បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី ចុះដល់លំនៅដ្ឋានរបស់លោកយាយភ្លាមៗ ដើម្បីសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាស្បៀងអាហារ សម្ភារប្រើប្រាស់ សំលៀកបំពាក់ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់លោកយាយ និងពិនិត្យលទ្ធភាពសង់ផ្ទះជូនលោកយាយឱ្យបានឆាប់ៗ។
ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការគិតគូរពីជីវភាពរស់នៅរបស់លោកយាយ និងបានគូសបញ្ជាក់ថា «មាតាមនុស្សធម៌ គឺ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែមានក្តីអាណិតស្រឡាញ់ សណ្តោសប្រណីចំពោះប្រជាពលរដ្ឋជួបការលំបាកគ្រប់ពេលវេលា គ្រប់ទីកន្លែង ដែលទង្វើ និងកាយវិការទាំងអស់នេះ គឺធ្វេីចេញពីបេះដូងពិតប្រាកដ ហេីយទាំងនេះហេីយ គឺជាអ្វីដែលកាកបាទក្រហមកម្ពុជា បាននិងកំពុងធ្វេីដេីម្បីបរិយាបន្នសង្គម។» លោកស្រី បានបួងសួងជូនពរដល់លោកយាយ សូមមានសុខភាពល្អ អាយុយឺនយូរ ជាម្លប់ដល់កូនចៅតទៅ។ ទន្ទឹមនឹងនេះ លោកស្រី ក៏បានផ្តាំផ្ញើដល់កូនស្រីរបស់លោកយាយ គឺអ្នកស្រី ចេង ប៉ៃ ស្ត្រីមេម៉ាយកូន ៤នាក់ សូមជួយមើលថែទាំលោកយាយឱ្យបានល្អ និងត្រូវជំរុញកូនៗឱ្យបានទៅសិក្សារៀនសូត្រគ្រប់ៗគ្នា ព្រោះមានតែចំណេះវិជ្ជាទេទើបធ្វើឱ្យកូនៗមានអនាគតភ្លឺស្វាង។
ក្នុងឱកាសនោះដែរ លោកស្រី ម៉ែន នារីសោភ័គ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានសម្រេចជួយជួសជុលផ្ទះជូនលោកយាយឱ្យបានសមរម្យ ក្នុងឱកាសដែលឯកឧត្តម បានដឹងដំណឹងពីករណីដ៏លំបាកនេះ ពេលដែលចុះពិនិត្យការងារនៅស្រុកកោះធំ។ ជាមួយគ្នានេះ លោកស្រី ក៏បានថ្លែងអំណរគុណដល់បងប្អូនអ្នកជិតខាង ដែលបានយកចិត្តទុកដាក់ជួយមើលថែលោកយាយ ដាំបាយ ដាំស្លរជូនលោកយាយពិសា ដោយក្តីអាណិត ជួយគ្នាទៅវិញទៅមកក្នុងនាមជាអ្នកភូមិផងរបងជាមួយ។
លោកយាយ ចេង យ៉ាន បន្ទាប់ពីទទួលបានសម្លៀកបំពាក់ថ្មី ២ឈុត និងពិសាអាហារដ៏ឆ្ងាញ់ដែលក្រុុមការងារបានខ្ចប់ជូន រួមជាមួយអំណោយជាច្រេីនផងនោះ មានក្តីរំភើបដល់ស្រក់ទឹកភ្នែក ព្រមទាំងបានពោលពាក្យថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាអ្នកម្តាយមនុស្សធម៌ តែងតែគិតគូរចំពោះសុខទុក្ខ ជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសបានជួយសម្រេចបំណងរបស់លោកយាយនាពេលនេះផងដែរ។
សូមបញ្ជាក់ថា អំណោយផ្តល់ជូនគ្រួសារលោកយាយរួមមាន ៖ អង្ករ ១០០គីឡូក្រាម, មី ៤កេស, ត្រីខ ៤០កំប៉ុង, ទឹកត្រី ១២ដប, ទឹកស៊ីអ៊ីវ ១២ដប, សម្ភារចានឆ្នាំង ១ឈុត, ប៉ោតទឹក ២, សម្លៀកបំពាក់ថ្មី ២សម្រាប់, សម្លៀកបំពាក់កុមារ ២សម្រាប់ និងថវិកា ២លានរៀល។
បន្ទាប់ពីកម្មវិធីខាងលើនេះ លោកស្រី អគ្គលេខាធិការរងទី១ និងក្រុមការងារនៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល បានបន្តចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសារងាយរងគ្រោះបំផុតចំនួន ៤គ្រួសារទៀត ដែលរស់នៅក្បែរនោះផងដែរ៕
ដោយ : សិលា