ខេត្តកំពត ៖ កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ប្រភពពីសមត្ថកិច្ចចរាចរណ៍ខេត្ត បានឲ្យដឹងថា មានរថយន្តម៉ាកសាំយ៉ុង១៥កៅអី ពណ៌ស ដឹកអ្នកដំណើរ១ គ្រឿងបានជួបគ្រោះអគ្គិភ័យ បណ្ដាលឱ្យផ្ទុះឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈកំពុងតែបើកបរសុខៗនៅលើផ្លូវជាតិលេខ៣ ខេត្តកំពត-ខេត្តព្រះស៊ីហនុ ចំណុចខាងជើងប៉ុស្តិ៍រដ្ឋបាលសង្កាត់អណ្តូងខ្មែរ ចម្ងាយ ២០ ម៉ែត្រ ស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ដោយមិនដឹងមូលហេតុ។
លោក ទ្រី ឌីម៉ង់ ម្ចាស់រថយន្តបានឲ្យដឹងថា រថយន្តរបស់លោកដឹកអ្នកដំណើរចំនួន១០នាក់ ក្នុងនោះស្រី៦នាក់ និងប្រុស៤នាក់ មកពីខេត្តកំពង់ចាម ដើម្បីមកលេងកម្សាន្តនៅក្នុងខេត្តកំពត។ យប់មិញ(ទី១៣) នេះ ភ្ញៀវទាំងអស់បានសម្រាកនៅក្រុងកំពតមួយយប់ រួចហើយដោយព្រឹកនេះចេញដំណើរទៅលេងកម្សាន្តនៅរមណីយដ្ឋានភ្នំបូកគោ ខណៈទើបចេញដំណើរមកដល់ចំណុចនេះ ក៏ជួបហេតុការណ៍ដ៏អាក្រក់នេះតែម្តងទៅ។
ហេតុការណ៍អគ្គិភយ័ឆាបឆេះនេះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដំណើរណាម្នាក់ទេ គ្រាន់ តែខូចខាតសម្ភារៈប្រើប្រាស់ ដូចជា ៖ ខោអាវ, គ្រឿង ឧបភោគបរិភោគមួយចំនួន ដូចជា ចង្ក្រានហ្គាស,កំប៉ុងហ្គាសឆេះអស់គ្មានសល់ និងអ្នកជិះម្នាក់ៗ យកបានតែកាបូបលុយស្ពាយជាប់តាមខ្លួនតែប៉ុណ្ណោះ។
រថយន្តពន្លត់អគ្គិភ័យ បានឲ្យដឹងថា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បានរាយការណ៍មកកម្លាំងរថយន្តពន្លត់អគ្គិភ័យស្នងការខេត្តចំនួន២គ្រឿងចេញមកអន្តរាគមន៍ពន្លត់ភ្លាមៗ ប៉ុន្តែជាអកុសលរថយន្តរងគ្រោះនេះ ត្រូវអណ្ដាតភ្លើងឆាបឆេះតែមួយប៉ប្រិចភ្នែកឆេះនៅសល់តែគ្រោងឆ្អឹងតែប៉ុណ្ណោះ។ រថយន្តរងគ្រោះនេះ ត្រូវបានកម្លាំងសមត្ថកិច្ចចរាចរណ៍ខេត្ត ស្ទូចមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល ទុកឲ្យម្ចាស់យកទៅជួសជុល ឬថ្លឹងលក់ឲ្យអេតចាយនៅពេលក្រោយបន្តទៀត៕