ភ្នំពេញ : នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីបំភ្លឺ ដោយបញ្ជាក់ថា, ការលើកឡើងរបស់លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃ អង្គការខុមហ្វែ្រលថា “ច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមិនបានកំណត់ថា គណបក្សត្រូវ យកឯកសារដើមទៅចុះឈ្មោះឡើយ និងសំណួររបស់លោក ជួប នរក្សា អ្នកសារព័ត៌មាន RFI ថា “ការផ្លាស់ប្តូរនីតិវិធីរបស់ គ.ជ.ប * ក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ បានធ្វើឱ្យមានការភាន់ច្រឡំ បាត់ទំនុកចិត្ត និងមិនឆ្លុះបញ្ចាំងពីស្មារតី នៃការអនុវត្តការងារ តាមផ្លូវច្បាប់របស់ គ.ជ.ប ក្នុងដំណាក់កាលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ទេ។ ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប. សូមបំភ្លឺជូនសាធារណមតិឱ្យបានជ្រាបថា គ.ជ.ប មិនបានកែប្រែ នីតិវិធីរបស់ខ្លួនទេ ហើយឯកសារដើមដែល គ.ជ.ប តម្រូវក្នុងការដាក់ពាក្យ គឺមានដូចយោងក្នុង ច្បាប់ ការណែនាំរបស់ក្រសួងមហាផ្ទៃ និង គ.ជ.ប ខាងក្រោមនេះ ៖
កថាខណ្ឌទី២ នៃមាត្រា ២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចែងថា “ដើម្បីចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រជាផ្លូវការ គណបក្សនយោបាយ ត្រូវធ្វើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមបែបបទកំណត់ដោយ គ.ជ.ប មក គ.ជ.ប យ៉ាងយូរ៧០ (ចិតសិប)ថ្ងៃ មុនថ្ងៃបោះឆ្នោត ដោយភ្ជាប់មកជាមួយនូវឯកសារចំនួន ១០ ប្រភេទ ដែលប្រភេទទី១. សេចក្តីចម្លងលិខិត បញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ១ ច្បាប់ និងប្រភេទទី២ … ។ ផ្អែកតាមលិខិតក្រសួងមហាផ្ទៃលេខ ៨៩៥ សជណ ចុះថ្ងៃទី២០ មីនា ឆ្នាំ២០០ ត្រទី១ និងត្រេទី២ បានធ្វើការណែនាំដល់ អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានី ខេត្ត និងអភិបាលក្រុង ស្រុក ខណ្ឌ ក្នុងការជួយសម្របសម្រួលធ្វើនីត្យានុកូលកម្មលើប្រកាស ស្តីពីការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃដោយមិនគិតកម្រៃសេវា
ដោយជួយសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលក្នុងការចេញលិខិតបញ្ជាក់ផ្សេងៗ ជូនបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ របស់គណបក្សនយោបាយដែល បានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ សម្រាប់យកទៅប្រើប្រាស់ក្នុងការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ស្របតាម ច្បាប់ស្តីពីការបោះឆ្នោត និងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ។
ផ្អែកតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប លេខ ០២៧ គ.ជ.ប ស.ជ.ណ ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ស្តីពីការរៀបចំបែបបទសម្រាប់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះ បោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រង់ចំណុចទី១ បានកំណត់ថា “គណបក្សនយោបាយត្រូវភ្ជាប់សេចក្តីចម្លង លិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបពា្ជក់ នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ”។
ផ្អែកតាមសេចក្តីជូនដំណឹងលេខ ០៤៤ គ.ជ.ប ស.ជ.ណ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ពីការរៀបចំបែបបទសម្រាប់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និង បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ត្រង់ ចំណុចទី១ បានកំណត់ថា “គណបក្សនយោបាយត្រូវភ្ជាប់សេចក្តីចម្លងលិខិតបញ្ជាក់ការ ចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយ អាជ្ញាធរ ក្រុង ស្រុក ខណ្ឌ”។
ជាថ្មីម្តងទៀត សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយ នៅក្រសួង មហាផ្ទៃដែល គ.ជ.ប តម្រូវក្នុងការដាក់ពាក្យ គឺសំដៅទៅលើប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជី គណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម មិនមែនគ្រាន់តែថត ចម្លង (កូពី) ជាការស្រេចនោះទេ ។
គ.ជ.ប អនុវត្តស្ដង់ដារតែមួយ តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ចំពោះគ្រប់គណបក្សនយោបាយដែលមានបំណងចូលរួមប្រកួតប្រជែងការបោះឆ្នោត ដោយឯករាជ្យ សេរី ត្រឹមត្រូវ យុត្តិធម៌ និងស្មើភាព ៕
ដោយ : សិលា