ភ្នំពេញ : នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលអំណោយជាសម្ភារៈការិយាល័យពីរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ពី លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ពិធីខាងលើក៏មានការអញ្ជើញចូលរួមពី សមាជិក សមាជិកា រដ្ឋសភា និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការរដ្ឋសភាផងដែរ។
ដោយឡែក គណៈកម្មការទី៤ នៃរដ្ឋសភា ប្រជុំផ្ទៃក្នុងពិនិត្យសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ។
សូមបញ្ជាក់ថា, នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ លោក ច័ន្ទ សុផល ប្រធានស្តីទីគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណ: នៃរដ្ឋសភា (គណៈកម្មការទី៤) បានដឹកនាំលេខាធិការ សមាជិក សមាជិកាគណៈកម្មការប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ នៅបន្ទប់ប្រជុំគណៈកម្មការទី៤ នៃរដ្ឋសភា។
សូមបញ្ជាក់ផងដែរថា សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ សម្រេចប្រគល់ជូនដល់គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា (គណៈកម្មការទី៣) ដោយសហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណ: នៃរដ្ឋសភា (គណ:កម្មការទី៤) និងគណ:កម្មការនិតីកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) ដើម្បីពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ៕
ដោយ : សិលា