Update៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្មចំនួន៣

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ១១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្មចំនួន០៣ ដែលក្នុងនោះរួមមាន សាកលវិទ្យាល័យភូមិន្ទកសិកម្ម,
វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដែលសរុបទាំងអស់ចំនួន ៣២៧៩នាក់ (នារី ១ ៣១៩នាក់ ស្មើនឹងជាង៤០%) ដែលបានបញ្ចប់ការសិក្សាតាមជំនាញរបស់ខ្លួនដោយជោគជ័យ ក្នុងឆ្នាំ២០១៩, ២០២០, ២០២១ និងឆ្នាំ២០២២។ ពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។

សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ ចំពោះការបណ្ដុះបណ្ដាល​ធនធានមនុស្សរបស់គ្រឹះស្ថានឧត្តមសិក្សាទាំង០៣ដែលនិស្សិតទទួលសញ្ញាបត្រនៅក្នុងនេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វិស័យកសិកម្មមិនមែនគ្រាន់តែជាការធ្វើស្រែ ដកស្ទូងប៉ុណ្ណោះទេ វិស័យកសិកម្មនេះ វាមានវិសាលភាពធំធេងខ្លាំងណាស់ ដែលគ្របដណ្ដប់លើវិស័យផ្សេងៗជាច្រើន ហើយក៏ជាផ្នែកមួយក្នុងការចូលរួមជំរុញសេដ្ឋកិច្ចជាតិ និងវិស័យសន្ដិសុខស្បៀងផងដែរ។ សម្តេចតេជោបានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលមិនខ្លាចក្នុងការចំណាយទៅលើមន្រ្ដីបច្ចេកទេសកសិកម្ម ដើម្បីឱ្យទៅបម្រើពលរដ្ឋនៅតាមមូលដ្ឋាននោះទេ។​ សម្ដេចតេជោបានមានប្រសាសន៍ថា ការអភិវឌ្ឍតាមបែបបើកទូលាយ ទៅជាការអភិវឌ្ឍតាមបែបស៊ីជម្រៅ គឺសម្ដេចបានខិតខំប្រឹងប្រែងធ្វើកំណែទម្រង់កន្លងមកនេះ សុទ្ធតែត្រូវយកអាយុជីវិតទៅប្ដូរ ដើម្បីស្វែងរកសន្ដិភាព និងកំណើនសេដ្ឋកិច្ចជូនជាតិមាតុភូមិ។

នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហាកសិកម្មឱ្យទទួលផលកាន់តែច្រើន ចំណុចសំខាន់ គឺការដោះស្រាយបញ្ហាប្រភពទឹកជូនប្រជាកសិករ និងបណ្ដុះបណ្ដាលជំនាញបច្ចេកទេសបន្ថែម ដើម្បីពង្រីកការដាំដុះ។ សម្ដេចតេជោបានបញ្ជាក់ថា ក្រសួងកសិកម្ម មិនត្រឹមតែជំរុញឱ្យប្រជាពលរដ្ឋចេះដាំដុះ ឬចិញ្ចឹមសត្វនោះទេ ប៉ុន្ដែក្រសួងក៏ត្រូវជំរុញប្រជាពលរដ្ឋឱ្យចេះកែច្នៃផលិតផលសម្រេចលើផលិតផលរបស់ខ្លួនផងដែរ។សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យក្រសួងកសិកម្ម និងភាគីពាក់ព័ន្ធរៀបចំឱ្យមានក្រុមការងារដើម្បីពង្រឹងកម្លាំងកសិករ លើការដាំដុះ ការផលិត និងការស្វែងរកទីផ្សារ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើការផ្គត់ផ្គង់ទឹកសម្រាប់វិស័យកសិកម្ម។ សម្ដេចបានបន្ថែមថា ពេលមានទឹកគ្រប់គ្រាន់ហើយ អ្វីដែលត្រូវគិតគូរបន្ត គឺការស្វែងរកផលិតផលយុទ្ធសាស្រ្ដក្នុងការដាំដុះ ដូចជាមហិច្ឆតារបស់សម្ដេច គឺចង់ឱ្យកម្ពុជាក្លាយទៅជាប្រទេសនាំស្វាយចន្ទីសម្រាប់ផ្គត់ផ្គង់ទីផ្សារច្រើនជាងគេលើពិភពលោក។

ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ស៊ីហ្គេម សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅសល់តែ ២ ថ្ងៃទៀតព្រឹត្តិការណ៍ស៊ីហ្គេមត្រូវបញ្ចប់។ សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមប្រកបដោយភាពជោគជ័យ។ សម្ដេចតេជោបានបញ្ជាក់ទៀតថា ការសម្រេចចិត្តរបស់សម្ដេច គឺត្រឹមត្រូវចំពោះការមិនគិតថ្លៃសំបុត្រ និងការផ្សព្វផ្សាយពីបណ្ដាញផ្សព្វផ្សាយនានា រួមជាមួយនឹងការផ្ដល់ការឧបត្ថម្ភដល់ប្រតិភូកីឡា និងកីឡាករដោយមិនគិតថ្លៃ។ នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសអនុញ្ញាតឱ្យកីឡាករ កីឡាការិនី និងប្រតិភូកីឡាដែលមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម អាចចូលទស្សនានៅប្រសាទអង្គរវត្តរបស់កម្ពុជាដោយគ្មានការលក់សំបុត្រឡើយ។

សម្ដេចតេជោ ហ៊ុន សែន ពិតជាមានមោទនភាពចំពោះការដឹកនាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC ដែលបានដឹកនាំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះប្រកបដោយជោគជ័យ។ សម្ដេចក៏បានកោតសរសើរដល់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានគិតគូរ ចាត់ចែងយ៉ាងល្អក្នុងការសន្សំថវិការៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានបង្ហាញដោយក្តីមោទនភាពចំពោះការខិតខំប្រកួតរបស់កីឡាករ កីឡាការិនីកម្ពុជា ដែលបានប្រឹងប្រែងដើម្បីទទួលបាននូវមេដាយមាសជាច្រើន ធ្វើឱ្យកម្ពុជាឈានឡើងមួយកម្រិតទៀតក្នុងវិស័យកីឡានៅក្នុងតំបន់ ក្នុងនោះក៏មានប្រភេទកីឡាមួយចំនួនអាចឈានទៅរកមេដាយមាសជាប្រវិត្តិសាស្រ្ដលើកដំបូងជូនជាតិក្នុងឱកាសព្រឹត្តិការណ៍កីឡានេះផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងនូវការកោតសរសើរ និងអរគុណដល់សមត្ថកិច្ច និងអាជ្ញាធរដែនដី ប្រជាពលរដ្ឋ កីឡាករ កីឡាការិនី សិល្បករសិល្បការិនីគ្រប់ទម្រង់ ក្រុមយុវជនស្ម័គ្រចិត្ត និងភាគីពាក់ព័ន្ធ ដែលបានចូលរួមគ្រប់រូបភាព គ្រប់ផ្នែក គ្រប់សកម្មភាព ធ្វើឱ្យព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ អាចដំណើការរៀបចំទៅដោយជោគជ័យ និងមានមោទនភាពជាតិបំផុតជាប្រវត្តិសាស្រ្ដនេះ។

...

មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់នៅថ្ងៃនេះ និងជូនពរឲ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត៕ដោយ​៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print