សារលិខិតជូនពរ របស់ សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំឭកខួបអនុស្សាវរីយ៍ លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា!!!

ចែករំលែក៖

ភ្នំពេញ : សារលិខិតជូនពរ
សម្តេចរគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំពួកខួបអនុស្សាវរីយ៍លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី កងកម្លាំងនគរបាលជាតិជាទីស្នេហា ! គិតចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ មកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នេះគឺមាន រយៈពេល ៧៨ឆ្នាំហើយ ដែលអង្គប្រតិបត្តិច្បាប់មួយត្រូវបានចាប់បដិសន្ធិឡើង និងត្រូវបានប្រសិទ្ធនាមថា « នគរបាលជាតិ» ក្រោមស្នាព្រះហស្តដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ក្នុងព្រះរាជបំណងពង្រឹងវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គម។

ការរៀបចំទិវារំឭកខួបអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្រនេះ គឺជាសក្ខីកម្មប្រកបដោយអត្ថន័យយ៉ាង ជ្រាលជ្រៅ ដែលបានរំឭកឡើងវិញនូវការចងចាំមិនអាចបំភ្លេចបានចំពោះគុណូបការៈ នៃស្នាព្រះហស្ត របស់ព្រះបិតាស្ថាបនិកនគរបាលជាតិ ក៏ដូចជាការធ្វើពលិកម្មរបស់បុព្វបុរសរៀមច្បង និងយុទ្ធជន យុទ្ធនារី នគរបាលជាតិគ្រប់ជំនាន់ ដែលបានតស៊ូឆ្លងកាត់រាល់ការប្រែប្រួលដ៏ស្មុគស្មាញនៃនិន្នាការសង្គម បង្កើតបាន នូវស្នាដៃ សមិទ្ធផលជាច្រើនឥតគណនា ដើម្បីបុព្វហេតុសន្តិសុខជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមឆ្លៀតយកឱកាសដ៏ប្រសើរថ្លៃថ្លានេះផ្ដាំ ផ្ញើការសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីស្រលាញ់រាប់អានដ៏ស្ម័គ្រស្មោះអស់ពីដួងចិត្តជូនចំពោះថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ព្រមទាំងនិវត្តន៍ជននគរបាលជាតិទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ពេលវេលា និងសេចក្តីសុខផ្ទាល់ខ្លួន ប្តូរផ្តាច់ការពារសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ធានាបាននូវស្ថិរភាពនយោបាយ និងការពារបានយ៉ាងរឹងមាំនូវ ខឿនសន្តិសុខជាតិ។ ទន្ទឹមនេះក៏សូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ និងជូនពរដល់មន្ដ្រីនគរបាលជាតិដែល មានជំងឺ របួស ហើយកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព ឬ គេហដ្ឋាន សូមឆាប់ជា សះស្បើយបានវិលមកជួបជុំក្រុមគ្រួសារ មិត្តភក្កិ និងសហការី ដើម្បីបន្តភារកិច្ចជូនអង្គភាព។

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីមេត្រី !

ឆ្នាំ២០២៣ នេះសង្គ្រាមប្រឆាំងជំងឺកូវីដ-១៩ នៅតែបន្តដោយពុំអាចកំណត់អំពីពេលវេលាបញ្ចប់ បានច្បាស់លាស់ឡើយ ស្របពេលដែលសភាពការណ៍សន្តិសុខសាកលលោកនៅតែវិវឌ្ឍន៍ប្រែប្រួលស្មុគស្មាញ ពោរពេញដោយគ្រោះថ្នាក់មិនអាចប៉ាន់ស្មានបាន ហើយស្ថានការណ៍ទាំងអស់នេះនឹងបន្តជះឥទ្ធិពលដោយ ផ្ទាល់ ឬ ប្រយោលដល់បរិយាកាសសន្តិសុខនៅក្នុងប្រទេសរបស់យើងជាក់ជាមិនខាន។ ក្នុងអំឡុងពេលនេះ ដែរព្រឹត្តិការណ៍សំខាន់ៗមួយចំនួនត្រូវបានរៀបចំដំណើរការនៅកម្ពុជារួមមានៈ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ប៉ារ៉ាហ្គេមលើកទី១២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលសុទ្ធសឹង ជាគោលដៅនៃការប៉ុនប៉ងវាយប្រហាររបស់ពួកអមិត្ត និងបក្ខពួកដែលមាននិន្នាការប្រឆាំងជ្រុលនិយម ដើម្បី បំផ្លាញមុខមាត់របស់រាជរដ្ឋាភិបាល និងប្រទេសជាតិ ព្រមទាំងឆក់ឱកាសដណ្ដើមអំណាចផ្ទុយពីគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ។ ក្រៅពីនេះសភាពការណ៍ទូទៅនៃសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ក៏នៅតែមានបញ្ហា ប្រឈមដែលបណ្តាលមកពីការបន្តកើតឡើងនូវឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ បទល្មើស គ្រឿងញៀន អំពើជួញដូរពលកម្ម ជួញដូរមនុស្ស ពិសេសស្ត្រី-កុមារ បទល្មើសបច្ចេកវិទ្យា និងបទល្មើសផ្សេងៗ ទៀតល

ជាការពិតណាស់កិច្ចការទាំងអស់នេះគឺជាអម្រែកដ៏ធ្ងន់ធ្ងរ និងជាវិញ្ញាសាដ៏ស្មុគស្មាញដែលតម្រូវឲ្យ កងកម្លាំងនគរបាលជាតិមានសមត្ថភាព និងគុណភាពខ្ពស់ ធ្វើការរែកពុនដោះស្រាយបញ្ហាប្រឈមទាំងនោះ ប្រកបដោយភាពអធន ដើម្បីបុព្វហេតុសន្តិសុខជាតិ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ។

រាជរដ្ឋាភិបាលពិតជាមានក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយម ចំពោះមនសិការស្នេហាជាតិមាតុភូមិ និងភក្តីភាពរបស់កងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស ហើយក៏សូមលើកទឹកចិត្តដល់ កងកម្លាំងគ្រប់ជំនាញ គ្រប់ថ្នាក់ បន្តសកម្មភាព បង្កើតស្នាដៃ ប្រែក្លាយការប្រឈមឲ្យទៅជាថាមពល បង្កើត នូវឱកាសដែលមានសក្តានុពល ដើម្បីពង្រឹងវិស័យសន្តិសុខជាតិដែលជាសសរស្តម្ភដ៏រឹងមាំបម្រើឲ្យការអភិវឌ្ឍ ប្រទេសជាតិ ប្រកបដោយចីរភាព។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមសម្ដែងនូវអំណរគុណ និងកោតសរសើរចំពោះសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានលះបង់ស្វាមី ភរិយា កូនចៅ និងសមាជិកគ្រួសារ ឲ្យចូលបម្រើក្នុងជួរកងកម្លាំងនគរបាលជាតិ ព្រមទាំងបានជួយទំនុក បម្រុង លើកទឹកចិត្ត និងបង្កលក្ខណៈសម្បត្តិគ្រប់បែបយ៉ាងដល់បេសកកម្មរបស់នគរបាលជាតិតាំងពីដើម រៀងរហូតមក។

មុននឹងបញ្ចប់ ខ្ញុំសូមឆ្លៀតយកឱកាសប្រកបដោយសិរីមង្គលនេះ ឧទ្ទិសនូវទឹកចិត្តកតញ្ញូកតវេទី ជូនចំពោះដួងវិញ្ញាណក្ខន្ធនៃកងកម្លាំងនគរបាលជាតិ ដែលបានបូជាជីវិតបម្រើឲ្យបុព្វហេតុសន្តិសុខមាតុភូមិ និងសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក ជួយប្រោះព្រំសព្ទសារធុការពរជ័យ សិរីមង្គល វិបុលសុខ គ្រប់ប្រការជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ សូម ប្រកបដោយពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print