ត្រីគល់រាំង និងត្រីប្រាធំជាត្រីមេពូជ ត្រូវបានមន្ត្រីជំនាញយកមកលែងនៅអន្លុងអភិរក្ស ក្នុងឃុំកោះព្រះ ស្រុកសៀមបូក

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ត្រីមេពូជ២ប្រភេទ មានត្រីគល់រាំងនិងត្រីប្រាធំ ត្រូវបានរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង សហការជាមួយមន្ត្រីគម្រោងអច្ឆរិយភាព នាំយកមកលែងក្នុងអន្លុងអភិរក្សនៅឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដើម្បីឱ្យវាបន្តពូជសម្បូរបែបឡើងវិញ កាលរសៀលនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។

លោក ទំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា សកម្មភាពលែងត្រីមេពូជនេះ បង្ហាញដល់ប្រជាពលរដ្ឋយើងជាពិសេសប្រជាអ្នកនេសាទឱ្យពួក គាត់បង្កើនការការពារ និងនាំគ្នាចូលរួមអភិរក្សធនធានមច្ឆជាតិដែលយើងមានស្រាប់នៅក្នុងរដូវបិទនេសាទនេះ។

លោក ស្រី សំវិចិត្ត នាយខណ្ឌជលផលស្ទឹងត្រែង បានបញ្ជាក់ដែរថា ការងារអភិរក្សធនធានមច្ឆជាតិនៅតំបន់នេះខណ្ឌជលផលរៀបចំឱ្យមានឆ្មាំ និងប្រជាសហគមន៍នេសាទប្រចាំការនៅទីស្នាក់ការ នៅភូមិសាស្ត្រនេះ ឱ្យ ធ្វើប្រតិបត្តិការបង្ក្រាបបទល្មើស ដើម្បីយើងការពារសត្វផ្សោតផងត្រីមេពីពូជផង។ លោកបន្តថា នេះតំបន់លែងត្រីមេពូជនេះជាតំបន់ផ្សោតរស់នៅដូចនេះប្រជានេសាទ ត្រូវចៀសវាងកុំធ្វើនេសាទនៅតំបន់ហាមឃាត់នេះ ព្រោះធនធានធម្មជាតិដែលយើងអភិរក្សនេះ ជាប្រយោជន៍រួមទាំងអស់គ្នា ប្រការនេះចូរប្រជាអ្នកនេសាទត្រូវគោរព ច្បាប់ជលផល និងអនុវត្តវិធានការការពារសម្បត្តិធន ធានរបស់ខ្លួននៅតំបន់នេះ។

លោកស្រីជា សីលា អ្នកគ្រប់គ្រងនិងសម្របសម្រួលគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គបានបង្ហាញថា កិច្ច សហការលែងត្រីមេពូជ ជាត្រីប្រភេទជិតផុតពូជ ដូចជាត្រីគល់រាំង និងត្រីប្រាធំនេះជាដើម។ ត្រីទាំងនេះយើងបានភ្ជាប់ឧបករណ៍តាមដាន ដាក់លើខ្លួនត្រីទៅជា មួយ ដើម្បីតាមដានមើលការបំលាស់ទី និងការវិវត្តន៍របស់វា តើទទួលបានការជួយថែរក្សា និងតពូជពង់ ពងកូន ទៅតំបន់ណាខ្លះ និងឱ្យប្រជាអ្នកនេសាទជួយអភិរក្សដោយយកចិត្តទុកដាក់បំផុត។

...

សូមបញ្ជាក់ថា ត្រីមេពូជគល់រាំងនិងត្រីប្រាធំ ដែលនាំយកមកលែងនេះមានចំនួន ១០០ក្បាល ដើម្បីបង្ហាញពីការអភិរក្សពពួកត្រីជិតផុតពូជ ព្រោះត្រីគល់រាំងជាអត្ត សញ្ញាណជាតិ តំណាងឱ្យធនធានជលផលនៃព្រះរាជា ណាចក្រកម្ពុជាយើងអនាគតកុំឱ្យផុតពូជ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print