ខេត្តកំពង់ស្ពឺ៖ មន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋនាំគ្នាភ្ញាក់ផ្អើលនាំគ្នា ចុះចាប់ត្រីក្នុងស្ទឹងព្រែកត្នោត ខណៈត្រីតូចធំបានពុលអណ្តែត និងងាប់ជាច្រើនក្បាល ខណៈអាជ្ញាធរដាក់ ការសង្ស័យលើរោងចក្រមួយបានបង្ហូរទឹកស្អុយចូលក្នុងស្ទឹង ហេីយនេះជាលើកទី២ផងដែរ ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ។
ចំពោះរោងចក្រដែលអាជ្ញាធរសង្ស័យថាបានបំពុលបរិស្ថានរហូតងាប់ត្រីជាលើកទី២ ក្នុងឆ្នាំនេះគឺក្រុមហ៊ុន Boengket Planting & Industrial Co., Ltd ផលិតដំណាប់ស្វាយ។ ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់រួមមាន៖ នៅភូមិពាមទុង ឃុំត្រែងត្រយឹង និងនៅភូមិកុមារពេទ្យ ភូមិចេក និងភូមិក្រាំងរលួស ស្ថិតក្នុងឃុំអូរ ស្រុកភ្នំស្រួច។
មន្ត្រីបរិស្ថានខេត្ត បានបន្ដថា ភ្លាមៗមន្ត្រីជំនាញ បានចុះត្រួតពិនិត្យនៅទីតាំងជាក់ស្ដែង រោងចក្រពុំបានរៀបចំសាងសង់អាងប្រព្រឹត្តិកម្មសំណល់រាវ និងរបាយការណ៍ EIA ទៅតាមការកំណត់ឡើយ រោងចក្រនៅតែបន្តបង្ហូរសំណល់រាវ ពីរោងចក្រផ្ទាល់ ដោយពុំមានការសម្អាត ចូលតាម ប្រឡាយដី (ប្រវែង ០,៨គីឡូម៉ែត្រ) បន្ទាប់មកចូលទៅស្រះស្រុកចំនួន៤ដែលមានស្ថានភាពគោករាក់ រួចហូរចូលអាងទឹកទំនប់ពាមទុង ដែលមានទំហំប្រមាណ ៣ហិកតា ហើយទឹកសំណល់ទាំងនោះបានហូរចេញតាមប្រឡាយអូរ (ប្រវែង ០,៣គីឡូម៉ែត្រ) បន្តចូលទៅស្ទឹងតូច (ខ្សែទឹកខាងលើ) ប្រវែងប្រមាណ ៥ គីឡូម៉ែត្រ បន្ទាប់មកហូរ ចូលស្ទឹងស្រែខ្លុង (ខ្សែទឹកខាងក្រោម) ប្រវែងប្រមាណ ១០ គីឡូម៉ែត្រ និងចុងក្រោយ ហូរធ្លាក់ទៅស្ទឹងព្រែកត្នោត។
ជាក់ស្ដែងក្រុមការងារបានសង្កេតឃើញថា ការបង្ហូរសំណល់រាវចេញពីរោងចក្រ បានបង្កឱ្យទឹកស្ទឹងតូច និងស្ទឹងស្រែខ្លុង ឡើងពណ៌ខ្មៅ និងមានក្លិនស្អុយ ព្រោះពុំមានចរន្តទឹក ហូរពីផ្នែកខាងលើ (Up-Stream) មកផ្នែកខាងក្រោម (Down-Steam) ដើម្បីជួយពង្រាវ ឬ ជំរុញឱ្យទឹកសំណល់ទាំងនោះហូរចុះលឿនទៅផ្នែកខាងក្រោមទេ ដោយនៅផ្នែកខាងលើ នៃដងស្ទឹងតូចត្រូវបានគេទប់ទឹកសម្រាប់ធ្វើការស្រោចស្រព។
ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា ស្ថានភាពទឹកនៃដងស្ទឹងតូច និងស្ទឹងស្រែខ្លុង (ពីចំណុចអាងទឹកទំនប់ពាមទុងហូរចូលស្ទឹងតូចដល់ចំណុចស្ទឹងព្រែកត្នោត) ដែលមានប្រវែងសរុបប្រមាណ១៥គម មានពណ៌ខ្មៅ ក្លិនស្អុយ ត្រីពុលងាប់ និងពុំអាចប្រើប្រាស់បានឡើយ ។
ប្រភពបន្តថា ក្រុមការងារបានយកសំណាកទឹកចំនួនពីរទីតាំង មកធ្វើការវិភាគនៅនឹងកន្លែងផ្ទាល់ និងនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន និងធ្វើសេចក្តីសន្និដ្ឋាន និងសំណើវិធានការអនុវត្តបន្តជារួម រយៈពេល៤ឆ្នាំមកហើយ (តាំងពីឆ្នាំ២០១៩) ក្រសួងបរិស្ថាន ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី បានធ្វើការណែនាំឱ្យរោងចក្រ Boengket Planting & Industrial Co. Ltd អនុវត្តកែលម្អបញ្ហា បង្កការបំពុលបរិស្ថាន ប៉ុន្តែរោងចក្រពុំបានអនុវត្តទេ ដោយបានត្រឹមតែធ្វើការសន្យាទទួលអនុវត្ត និងលើក ហេតុផលមកសម្អាងជាបន្តបន្ទាប់។
ផ្តើមចេញពីបញ្ហានេះ និងយោងលទ្ធផលវិភាគសំណាកទឹក ឃើញថារោងចក្រនេះ បានបង្កឱ្យអាងទឹកទំនប់ពាមទុងទំហំ៣ហិកតា និងទឹកស្ទឹងដែលមានប្រវែងសរុបចំនួន ១៥គីឡូម៉ែត្រ ទទួលរងនូវការបំពុលទាំងស្រុង (មានក្លិនស្អុយ ត្រីពុលងាប់ ទឹកពុំអាចប្រើប្រាស់បាន) ធ្វើឱ្យប៉ះពាល់ដល់ជីវៈចម្រុះ សុខភាពសាធារណៈ និងការរស់នៅរបស់ប្រជាពលរដ្ឋ។
ដើម្បីទប់ស្កាត់ការបំពុលបរិស្ថានឱ្យមានប្រសិទ្ធភាព ក្រុមការងារសូមគោរពស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ អនុវត្តនូវវិធានការរដ្ឋបាលចំពោះរោងចក្រ Boengket Planting & Industrial Co., Ltd ដូចខាងក្រោម៖
*ទី១៖ ពិន័យអន្តរការណ៍ពុំរាងចាល ជាប្រាក់ចំនួនសរុប ៦៣.០០០.០០០ រៀល ករណីមិនរៀបចំសាងសង់អាងប្រព្រឹត្តិកម្មសំណល់រាវ តាមការកំណត់ ចំនួន ២១.០០០.០០០ រៀល មិនរៀបចំរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម តាមការកំណត់ ចំនួន ២១.០០០.០០០ រៀល បានបញ្ចេញសំណល់រាវលើសស្តង់ដារ បង្កការបំពុលប្រភពទឹកធម្មជាតិ និងប៉ះពាល់ដល់ ការរស់នៅរបស់ប្រជាពលរដ្ឋ ចំនួន ២១.០០០.០០០រៀល។
*ទី២៖ តម្រូវឱ្យសងថ្លៃការស្ដារ និងការខូចខាតបរិស្ថាន និងធនធានធម្មជាតិ (គុណភាពទឹក ដី និងជីវៈចម្រុះ) ដែលចំនួនទឹកប្រាក់កំណត់ ត្រូវយោងលើរបាយការណ៍វាយតម្លៃរបស់ នាយកដា្ឋន EIA ហើយចំនួនទឹកប្រាក់នេះ ត្រូវបង់ចូលផ្នែកមូលនិធិបរិស្ថាន និងសង្គម។
*ទី៣៖ តម្រូវឱ្យរៀបចំសាងសង់អាងប្រព្រឹត្តិកម្មសំណល់រាវ ឱ្យបានរួចរាល់ក្នុងរយៈពេល៦ខែ។ ស្ថិតនៅក្នុងដំណាក់កាលនេះ មិនអនុញ្ញាតឱ្យរោងចក្រធ្វើការបង្ហូរសំណល់រាវចេញក រោងចក្រទេ ដោយតម្រូវឱ្យប្រើសេវាប្រមូល សំណល់ចេញពីរោងចក្រ ជាមួយក្រុមហ៊ុន ដែលមានការអនុញ្ញាតពីស្ថាប័ន ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
*ទី៤៖ តម្រូវឱ្យរៀបចំធ្វើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គម ឱ្យបានរួចរាល់ក្នុងរយៈពេល៦ខែ៕ដោយ៖សហការី