មន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺ៖​ ករណី​ពុលត្រីងាប់ពេញស្ទឹងព្រែកត្នោត, អាជ្ញាធរសង្ស័យថាអាចបណ្តាលមកពីការបង្ហូរទឹកស្អុយចេញពីរោងចក្រ Boengket Planting & Industrial Co., Ltd

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃ​ទី១៩​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ មានប្រជាពលរដ្ឋនាំគ្នាភ្ញាក់ផ្អើលនាំគ្នា​ ចុះចាប់ត្រីក្នុងស្ទឹងព្រែកត្នោត​ ខណៈត្រីតូចធំបានពុលអណ្តែត និងងាប់ជាច្រើនក្បាល ខណៈអាជ្ញាធរដាក់ ការសង្ស័យលើរោងចក្រមួយបានបង្ហូរទឹកស្អុយចូលក្នុងស្ទឹង​ ហេីយ​នេះជាលើកទី២ផងដែរ ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ។

ចំពោះ​រោងចក្រដែលអាជ្ញាធរសង្ស័យថាបានបំពុលបរិស្ថានរហូតងាប់ត្រីជាលើកទី២ ក្នុងឆ្នាំនេះគឺក្រុមហ៊ុន Boengket Planting & Industrial Co., Ltd ផលិតដំណាប់ស្វាយ។ ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់រួមមាន៖ នៅភូមិពាមទុង ឃុំត្រែងត្រយឹង និងនៅភូមិកុមារពេទ្យ ភូមិចេក និងភូមិក្រាំងរលួស ស្ថិតក្នុងឃុំអូរ ស្រុកភ្នំស្រួច។

មន្ត្រីបរិស្ថានខេត្ត​ បានបន្ដថា​ ភ្លាមៗ​មន្ត្រី​ជំនាញ​ បានចុះត្រួតពិនិត្យនៅទីតាំងជាក់ស្ដែង រោងចក្រពុំបានរៀបចំសាងសង់អាងប្រព្រឹត្តិកម្មសំណល់រាវ និងរបាយការណ៍ EIA ទៅតាមការកំណត់ឡើយ រោងចក្រនៅតែបន្តបង្ហូរសំណល់រាវ ពីរោងចក្រផ្ទាល់ ដោយពុំមានការសម្អាត ចូលតាម ប្រឡាយដី (ប្រវែង ០,៨គីឡូម៉ែត្រ) បន្ទាប់មកចូលទៅស្រះស្រុកចំនួន៤ដែលមានស្ថានភាពគោករាក់ រួចហូរចូលអាងទឹកទំនប់ពាមទុង ដែលមានទំហំប្រមាណ ៣ហិកតា ហើយទឹកសំណល់ទាំងនោះបានហូរចេញតាមប្រឡាយអូរ (ប្រវែង ០,៣គីឡូម៉ែត្រ) បន្តចូលទៅស្ទឹងតូច (ខ្សែទឹកខាងលើ) ប្រវែងប្រមាណ ៥ គីឡូម៉ែត្រ បន្ទាប់មកហូរ ចូលស្ទឹងស្រែខ្លុង (ខ្សែទឹកខាងក្រោម) ប្រវែងប្រមាណ ១០ គីឡូម៉ែត្រ និងចុងក្រោយ ហូរធ្លាក់ទៅស្ទឹងព្រែកត្នោត។

ជាក់ស្ដែង​ក្រុមការងារបានសង្កេតឃើញថា ការបង្ហូរសំណល់រាវចេញពីរោងចក្រ បានបង្កឱ្យទឹកស្ទឹងតូច និងស្ទឹងស្រែខ្លុង ឡើងពណ៌ខ្មៅ និងមានក្លិនស្អុយ ព្រោះពុំមានចរន្តទឹក ហូរពីផ្នែកខាងលើ (Up-Stream) មកផ្នែកខាងក្រោម (Down-Steam) ដើម្បីជួយពង្រាវ ឬ ជំរុញឱ្យទឹកសំណល់ទាំងនោះហូរចុះលឿនទៅផ្នែកខាងក្រោមទេ ដោយនៅផ្នែកខាងលើ នៃដងស្ទឹងតូចត្រូវបានគេទប់ទឹកសម្រាប់ធ្វើការស្រោចស្រព។

ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា ស្ថានភាពទឹកនៃដងស្ទឹងតូច និងស្ទឹងស្រែខ្លុង (ពីចំណុចអាងទឹកទំនប់ពាមទុងហូរចូលស្ទឹងតូចដល់ចំណុចស្ទឹងព្រែកត្នោត) ដែលមានប្រវែងសរុបប្រមាណ១៥គម មានពណ៌ខ្មៅ ក្លិនស្អុយ ត្រីពុលងាប់ និងពុំអាចប្រើប្រាស់បានឡើយ ។

ប្រភពបន្តថា ក្រុមការងារបានយកសំណាកទឹកចំនួនពីរទីតាំង មកធ្វើការវិភាគនៅនឹងកន្លែងផ្ទាល់ និងនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន និងធ្វើសេចក្តីសន្និដ្ឋាន និងសំណើវិធានការអនុវត្តបន្តជារួម រយៈពេល៤ឆ្នាំមកហើយ (តាំងពីឆ្នាំ២០១៩) ក្រសួងបរិស្ថាន ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី បានធ្វើការណែនាំឱ្យរោងចក្រ Boengket Planting & Industrial Co. Ltd អនុវត្តកែលម្អបញ្ហា បង្កការបំពុលបរិស្ថាន ប៉ុន្តែរោងចក្រពុំបានអនុវត្តទេ ដោយបានត្រឹមតែធ្វើការសន្យាទទួលអនុវត្ត និងលើក ហេតុផលមកសម្អាងជាបន្តបន្ទាប់។

ផ្តើមចេញពីបញ្ហានេះ និងយោងលទ្ធផលវិភាគសំណាកទឹក ឃើញថារោងចក្រនេះ បានបង្កឱ្យអាងទឹកទំនប់ពាមទុងទំហំ៣ហិកតា និងទឹកស្ទឹងដែលមានប្រវែងសរុបចំនួន ១៥គីឡូម៉ែត្រ ទទួលរងនូវការបំពុលទាំងស្រុង (មានក្លិនស្អុយ ត្រីពុលងាប់ ទឹកពុំអាចប្រើប្រាស់បាន) ធ្វើឱ្យប៉ះពាល់ដល់ជីវៈចម្រុះ សុខភាពសាធារណៈ និងការរស់នៅរបស់ប្រជាពលរដ្ឋ។

ដើម្បីទប់ស្កាត់ការបំពុលបរិស្ថានឱ្យមានប្រសិទ្ធភាព ក្រុមការងារសូមគោរពស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ អនុវត្តនូវវិធានការរដ្ឋបាលចំពោះរោងចក្រ Boengket Planting & Industrial Co., Ltd ដូចខាងក្រោម៖

*ទី១៖ ពិន័យអន្តរការណ៍ពុំរាងចាល ជាប្រាក់ចំនួនសរុប ៦៣.០០០.០០០ រៀល ករណីមិនរៀបចំសាងសង់អាងប្រព្រឹត្តិកម្មសំណល់រាវ តាមការកំណត់ ចំនួន ២១.០០០.០០០ រៀល មិនរៀបចំរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម តាមការកំណត់ ចំនួន ២១.០០០.០០០ រៀល បានបញ្ចេញសំណល់រាវលើសស្តង់ដារ បង្កការបំពុលប្រភពទឹកធម្មជាតិ និងប៉ះពាល់ដល់ ការរស់នៅរបស់ប្រជាពលរដ្ឋ ចំនួន ២១.០០០.០០០រៀល។

*ទី២៖ តម្រូវឱ្យសងថ្លៃការស្ដារ និងការខូចខាតបរិស្ថាន និងធនធានធម្មជាតិ (គុណភាពទឹក ដី និងជីវៈចម្រុះ) ដែលចំនួនទឹកប្រាក់កំណត់ ត្រូវយោងលើរបាយការណ៍វាយតម្លៃរបស់ នាយកដា្ឋន EIA ហើយចំនួនទឹកប្រាក់នេះ ត្រូវបង់ចូលផ្នែកមូលនិធិបរិស្ថាន និងសង្គម។

*ទី៣៖ តម្រូវឱ្យរៀបចំសាងសង់អាងប្រព្រឹត្តិកម្មសំណល់រាវ ឱ្យបានរួចរាល់ក្នុងរយៈពេល៦ខែ។ ស្ថិតនៅក្នុងដំណាក់កាលនេះ មិនអនុញ្ញាតឱ្យរោងចក្រធ្វើការបង្ហូរសំណល់រាវចេញក រោងចក្រទេ ដោយតម្រូវឱ្យប្រើសេវាប្រមូល សំណល់ចេញពីរោងចក្រ ជាមួយក្រុមហ៊ុន ដែលមានការអនុញ្ញាតពីស្ថាប័ន ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។

...

*ទី៤៖ តម្រូវឱ្យរៀបចំធ្វើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គម ឱ្យបានរួចរាល់ក្នុងរយៈពេល៦ខែ៕ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print