រដ្ឋបាលខេត្តបាត់ដំបង បានប្រារព្ធទិវាជាតិនៃការចងចាំ រំលឹកដល់អ្នកដែលបានស្លាប់ នៅរបបប្រល័យពូជសាសន៍ ប៉ុលពត នៅឯបរិវេណវត្តពោធិ៍ក្នុង ក្រុងបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង : នៅព្រឹកថ្ងៃសៅរ៍ ១កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមជាអធិបតីក្នុងទិវាជាតិនៃការចងចាំ ដើម្បីរំលឹកដល់អ្នកដែលបានស្លាប់ នៅរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលប្រារព្ធឡើងនៅឯបរិវេណវត្តពោធិ៍ក្នុង ក្រុងបាត់ដំបង ។

ក្នុងពិធីនេះដែរ ក៏មានការនិមន្ត និងអញ្ជើញចូលរួមដោយ ព្រះរាជាគណៈថ្នាក់ចត្វា ព្រះសង្ឃកិច្ចកោសល្យ ព្រះមេគណគណៈមហានិកាយខេត្តបាត់ដំបង ព្រះរាជាគណៈថ្នាក់ចត្វា ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្ត និងជព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីប្រធាន និងអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្រ្ដីរាជការមកពីមន្ទីរអង្គភាព លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស ក្នុងខេត្តបាត់ដំបង ។

លោក សុខ លូ បានមានប្រសាសន៍លើកឡើងថា ទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅនិងខ្មៅងងឹត។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ដែល បានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោកបានបន្តទៀតថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

លោក បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ យើងត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្សពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print