ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ។
សូមជម្រាបជូនថា កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋដែលភ្ជួរដី ដើម្បីធ្វើស្រែចំការតែងតែជួបប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើន នៅតាមផ្ទៃដីថ្មីដែលពួកគាត់កំពុងភ្ជួរ។
ជាក់ស្ដែងកម្លាំងប៉ុស្តិ៍នគរបាលដូនបា នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ កាលពីថ្ងៃទី១៩ ឧសភាម្សិលមិញនេះ បានប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជូនCMAC ប្រភេទមីនតោន ចំនួន០២គ្រាប់ នៅចំណុចបឹងឈូក ភូមិគោករកា ឃុំដូនបា ប្រជាពលរដ្ឋភ្ជួរដីស្រែប្រទះឃើញ ចម្ងាយពីភូមិ២០០ម៉ែត្រ នៅខាងជើងភូមិ។
ក្រោយទទួលដំណឹងភ្លាមៗ កម្លាំងប៉ុស្តិ៍នគរបាលដូនបា បានចុះត្រួតពិនិត្យជាក់ស្ដែងឃើញថា ប្រភេទមីនតោន ចំនួន០២គ្រាប់ រួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដើម្បីយកទៅកំទេចចោលផងដែរ៕ ដោយ៖សហការី