សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣នេះបានផ្សាយថា ក្រុមមេដឹកនាំនៃប្រទេស G7 នៅថ្ងៃសៅរ៍នេះបានព្រមានចិនជុំវិញការធ្វើសកម្មភាពយោធូបនីយកម្ម ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប៉ុន្តែក្នុងពេលជាមួយគ្នា ប្លុកនេះបាននិយាយថាចង់រក្សាទំនាក់ទំនងជាមួយចិនប្រកបដោយស្ថិរភាព និងលក្ខណៈស្ថាបនា។
ក្នុងសេក្ដីថ្លែងការណ៍មួយចេញផ្សាយនៅឯកិច្ចប្រជុំនៅក្នុងទីក្រុង Hiroshima ប្រទេសជប៉ុន មេដឹកនាំ G7 ក៏បានបង្ហាញការព្រួយបារម្ភផងដែរថា ចំពោះអ្វីដែលពួកគេហៅថាជាការសម្លុតគំរាមសេដ្ឋកិច្ច និងយោធាពីចិន។ ប៉ុន្តែ មេដឹកនាំទាំងនេះអះអាងថានៅតែបើកចំហទ្វារសម្រាប់កិច្ចសហប្រតិបត្តិការនិងបញ្ចៀសនូវអណ្ដាតភ្លើងនៃភាពតានតឹងរវាងចិនដែលជាមហាអំណាចសេដ្ឋកិច្ចលេខ២លើពិភពលោក នឹងក្រុមប្រទេសលោកខាងលិច បូករួមទាំងជប៉ុនផង។
សេចក្ដីថ្លែងការណ៍ខាងលើដដែលបានបញ្ជាក់ដូច្នេះថា «យើងត្រៀមលក្ខណៈជាស្រេច ដើម្បីកសាងទំនាក់ទំនងប្រកបដោយស្ថិរភាពនិងលក្ខណៈស្ថាបនាជាមួយចិន ដោយទទួលស្គាល់ពីសារៈសំខាន់នៃការចូលរួមដោយភាពស្មោះត្រង់ និងបង្ហាញពីក្ដីកង្វល់ដោយផ្ទាល់របស់យើងចំពោះចិន… យុទ្ធសាស្ត្រនយោបាយរបស់យើងមិនមែនដាក់ចេញដើម្បីបង្កការខូចខាតដល់ចិននោះទេ ហើយក៏មិនកំពុងព្យាយាមបង្អាក់ភាពរីកចម្រើននិងការអភិវឌ្ឍ សេដ្ឋកិច្ចរបស់ចិននោះដែរ»។
តែទោះជាបែបនេះក្ដី ក្រុមមេដឹកនាំ G7 នៅតែបង្ហាញការព្រួយបារម្ភ និងបានព្រមានចិនពាក់ព័ន្ធនឹងការធ្វើយោធូបនីយកម្មក្នុងតំបន់សមុទ្រចិនខាងត្បូង ព្រមទាំងបានបញ្ជាក់ឡើងវិញដែរថាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ គឺមិនអាចខ្វះបានឡើយសម្រាប់សន្តិសុខសកល៕ ដោយធីរីណា
រូបថត : CHINA DAILY