ខេត្តបន្ទាយមានជ័យ ៖ ជម្លោះវិវាទដីធ្លារវាងគ្រួសារលោកស្រី លី ម៉ារី និងប្រជាពលរដ្ឋ១៣គ្រួសារ នៅក្រុងប៉ោយប៉ែត ដែលអូសបន្លាយរយៈពេលជាង១៨ឆ្នាំកន្លងមក ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរតាមរយៈដំណោះស្រាយតាមបែបឈ្នះឈ្នះក្រៅប្រព័ន្ធតុលាការ ដែលដឹកនាំដោយលោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី និងបានចាប់ឆ្នោតបែងចែកក្បាលដីឡូតិ៍ នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។
លោក ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់ថា វិវាទជាង១៨ឆ្នាំរវាងភាគីគ្រួសារលោកស្រី លី ម៉ារី និងបងប្អូនប្រជាពលរដ្ឋ១៣គ្រួសារអាចបញ្ចប់ជាស្ថាពរបានដូចពេលនេះ គឺដោយសារមានកិច្ចសហការយ៉ាងល្អរវាងរដ្ឋបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលក្រុងប៉ោយប៉ែត រដ្ឋបាលសង្កាត់ពាក់ព័ន្ធ និងប្រជាពលរដ្ឋគូភាគីវិវាទផ្ទាល់យល់អំពីភាពចំណេញនៃការបញ្ចប់វិវាទ។
ជាការពិតណាសដំណោះស្រាយតាមបែបឈ្នះឈ្នះ ជាយន្តការដោះស្រាយដ៏មានប្រសិទ្ធភាព ដែលជាកេរមរតកដ៏មានតម្លៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាដំណោះស្រាយប្រកបដោយគុណប្រយោជន៍សម្រាប់គូវិវាទ ព្រោះដំណោះស្រាយតាមបែបឈ្នះឈ្នះនេះបានធ្វេីឱ្យគូវិវាទមានការយោគយល់គ្នា ចេះស្រលាញ់រាប់អានគ្នា និងធ្វេីឱ្យគូវិវាទរស់នៅប្រកបដោយភាពសុខសាន្ត និងភាពរីកចម្រេីនជាមួយគ្នា ៕