ខេត្តព្រះសីហនុ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា អត្ថប្រយោជន៍ដែលប្រទេសនានាទទួលបានក្នុងក្របខណ្ឌសហប្រតិបត្តិការឈ្នះឈ្នះ កសាងសន្តិភាពនៅក្នុងតំបន់ និងសកលលោក គឺចិនបានដើរតួនាទីដ៏សំខាន់។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិត ជាង ២ម៉ឺននាក់ និងទស្សនាសមិទ្ធផលក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ព្រមទាំងសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា យើងអាចពិនិត្យមើលនយោបាយរបស់ចិននៅពេលនេះ មិនមានការប្រកាសធ្វើជាសត្រូវជាមួយនឹងប្រទេសណាទេ។ ទោះបីប្រទេសដទៃបានរកវិធីរារាំងចិន ឬប្រឆាំងចិន ក៏ចិនមិនដែលដាក់ចេញគោលនយោបាយរារាំង ឬធ្វើជាសត្រូវជាមួយប្រទេសណាមួយនោះទេ ដូច្នេះបានខ្សែក្រវាត់នឹងផ្លូវចេះតែរីកដុះដាលជាបន្តបន្ទាប់។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា កិច្ចព្រមព្រៀងអាស៊ាន-ចិនផ្តល់ផលប្រយោជន៍ធំណាស់សម្រាប់បណ្តាប្រទេសអាស៊ាន ពីព្រោះប្រទេសអាស៊ាននាំចូលទំនិញទៅកាន់ប្រទេសចិន ច្រើនជាងចិននាំចេញទៅកាន់បណ្តាប្រទេសជាសមាជិកអាស៊ាន។ ដូច្នេះក្របខណ្ឌសហប្រតិបត្តិការអាស៊ាន គឺចិនបានផ្តល់ប្រយោជន៍ដល់បណ្តាប្រទេសអាស៊ាន និងមួយទៀតគឺកិច្ចព្រមព្រៀងភាពជាដៃគូតំបន់ ហៅកាត់ថា អាសិប បានចូលជាធរមានហើយ។
សូមបញ្ជាក់ផងដែរ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានកំណត់ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ជាប៉ូលសេដ្ឋកិច្ចពិសេសទី៤ ដែលជាតំបន់មានសក្តានុពលផ្នែកកសិកម្មស្រូវ និងត្រីសម្រាប់ទាក់ទាញអ្នកវិនិយោគចិន។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនបានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» ដែលមានគោលដៅក្នុងកិច្ចសហប្រតិបត្តិការនយោបាយ គុណភាព និងសមត្ថភាពផលិតកសិកម្ម ឧស្សាហកម្ម ថាមពល សន្តិសុខ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន អភិវឌ្ឍច្រករបៀងឧស្សហកម្ម និងបច្ចេកវិជ្ជា។
សម្តេចតេជោ បានថ្លែងដូច្នេះថា៖ «ខ្ញុំនឹងដាក់ខេត្ត៤ គឺខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ ទៅជាប៉ូលសេដ្ឋកិច្ចទី៤»។
សម្តេចតេជោ បានរំលឹកដល់កម្ពុជាក្នុងគ្រាដែលជួបវិបត្តិកូវីដ-១៩ ដោយមានរដ្ឋាភិបាលចិនបានផ្តល់វ៉ាក់សាំងកូវីដ-១៩ ជួយសង្គ្រោះអាយុជីវិតពលរដ្ឋកម្ពុជា។ សម្តេចបានថ្លែងថា៖ «បើមិនឱ្យខ្ញុំពឹងចិន តើឱ្យខ្ញុំទៅពឹងអ្នកណា? បើខ្ញុំមិនពឹងចិន តើឱ្យខ្ញុំបានវ៉ាក់សាំងណាឱ្យប្រជាជន»។
គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតប៉ូលសេដ្ឋកិច្ចសេដ្ឋកិច្ច ទី១ នៅភ្នំពេញ ទី២ នៅខេត្តព្រះសីហនុ ទី៣ នៅខេត្តសៀមរាប និងទី៤ នៅខេត្តភាគពាយ័ព្យ៕
ដោយ : សហការី