ភ្នំពេញ : ក្រោយភ្លៀងធ្លាក់កក់ខែមួយមេ ប្រជាសហគមន៍ស្រែអំពិលនាំគ្នាចូលព្រៃដកផ្សិតប៉ក់ ដើម្បីយកធ្វើជាម្ហូបផង នឹងលក់ផង។ ផ្សិតប៉ក់ គឺជាប្រភេទផ្សិតភ្នំម្យ៉ាង ដែលភាគច្រើនសំបូរនៅ ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ហើយជាប្រភេទផ្សិតដែលលក់បានថ្លៃគួរសម និងមានរសជាតិឆ្ងាញ់ប្លែកខុសពីផ្សិតធម្មតា។
ផ្សិតប្រភេទនេះ តែងដុះចេញពីផះដែលបន្សល់ទុកពីភ្លើងឆេះព្រៃនារដូវប្រាំង ហើយជាទូទៅប្រជាពលរដ្ឋអាចប្រមូលផលបានជុំវិញ ១០ថ្ងៃ ប៉ុនណោះ។ ផ្សិតប៉ក់មានរាងមូលដូចពងក្រួច ភាគច្រើនដុះកប់ក្នុងស្រទាប់ដី ហើយគេអាចសម្គាល់បានដោយឃើញមានដីពើងប្រះឡើងលើ នៅតំបន់ដែលធ្លាប់មានភ្លើងឆេះព្រៃកន្លងមក។ អ្នកភូមិត្រូវធ្វើដំណើរក្នុងចំងាយប្រមាណ ១០ ទៅ ២០គីឡូម៉ែតពីភូមិ ដើម្បីទៅដល់កន្លែងរកផ្សិតនេះ ដែលស្ថិតក្នុងព្រៃរបស់សហគមន៍ការពារធម្មជាតិស្រែអំពិល ហើយក៍ជាសហគមន៍មួយស្ថិតនៅក្រោមការគាំទ្រពីគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ហៅកាត់ថា CSLEP ផងដែរ។
ជាទូទៅពលរដ្ឋម្នាក់ អាចរកផ្សិតប៉ក់នេះ ២ ទៅ ៣គីឡូក្រាមក្នុងមួយថ្ងៃ ឬច្រើនជាងនេះ អាស្រ័យទៅតាមតំបន់ និងអាកាសធាតុ។ នេះបើតាមការអោយដឹងពី លោក សោ ភា ប្រធានសហគមន៍ស្រែអំពិល។
លោកបន្តអោយដឹងថា បន្ទាប់ពីប៉ះផ្សិតប៉ក់បានពីព្រៃរួចមកប្រជាសហគមន៍នៅទីនេះ គេធ្វើម្ហូបសម្រាប់ហូបចុកក្នុងគ្រួសារផង និង ជាម្ហូបបែបធម្មជាតិសម្រាប់ភ្ញៀវទេសចរណ៍ផង ហើយមុខម្ហូបដែលគេតែងពេញនិយមគឺយកមកស្ងោ រឺឆា ក៏បាន ដោយវាមានរសជាតិឆ្ងាញ់ខុសប្លែកពីផ្សិតទូទៅ។ ក្រៅពីធ្វើម្ហូប ពួកគាត់អាចរកចំណូលពីការលក់ផ្សិតប៉ក់នេះចាប់ពី ៣៧,០០០រៀល ទៅ៤០,០០០ ក្នុងមួយគីឡូក្រាមទៅអោយឈ្មួញផងដែរ។
គួរបញ្ចាក់ផងដែរថា គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP)ជាគម្រោងរបស់
រាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងដឹកនាំការអនុវត្តដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក ហើយមានបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងដើម្បីបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។ នាពេលបច្ចុប្បន្ន គម្រោងនេះ បាននឹងកំពុងជួយគាំទ្រសហគមន៍ធម្មជាតិចំនួន ៣០ នៅក្នុងខេត្តគោលដៅទាំង ៧ រួមមាន៖ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តសៀមរាប៕
ដោយ : សហការី