ខេត្តកណ្តាល : ក្នុង ពាក្យស្នើសុំអន្តរាគមន៍ សូមគោរពជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបានៅរសៀលនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជាក់ថា, យើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋរស់នៅតាមបណ្ដោយទន្លេបាសាក់ (ផ្លូវជាតិ21A) ក្នុងភូមិព្រែកត្រែង សង្កាត់សិត្ស និងភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សំណើសុំអន្តរាគមន៍ទៅរដ្ឋបាលខេត្តកណ្តាលបិទអាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែនិង បញ្ឈប់ប្រតិបត្តិការបូមខ្សាច់ទាំងអស់នៅតាមបណ្តោយទន្លេបាសាក់ (ផ្លូវជាតិ21A)។
ពួកគាត់បានបន្តទៀតថា យើងខ្ញុំទាំងអស់គ្នាកំពុងជួបនូវទុក្ខលំបាកគោរពស្នើសុំ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី មេត្តាជួយអន្តរាគមន៍ដូចតទៅ៖ ទាំងពេលកន្លងមក និងពេលបច្ចុប្បន្ននៅតាមបណ្ដោយទន្លេរបាសាក់ (ផ្លូវជាតិ21A) មានសកម្មភាពបូមខ្សាច់ទន្លេយ៉ាងសកម្មពាសពេញលើផ្ទៃទឹកទាំងពេលថ្ងៃ និងពេលយប់រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសបង្កឲ្យបាក់ស្រុតផ្ទះប្រជាពលរដ្ឋមួយចំនួន និងបង្កការខូចខាតផ្លូវជាតិលេខ21Aយ៉ាង ធ្ងន់ធ្ងរដោយសារតែការដឹកជញ្ជូនខ្សាច់ឥតឈប់ឈរ។ សូមបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅ យើងខ្ញុំទាំងអស់គ្នា បានដាក់ពាក្យតវា៉ចូលរដ្ឋបាលក្រុងតាខ្មៅ តាមរយះលោកចៅសង្កាត់ ដើម្បីរកដំណោះស្រាយ ប៉ុន្តែនៅពុំទាន់ទទួលបានលទ្ធផល។
សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់! ដើម្បីទប់ស្កាត់ ការបំផ្លិចបំផ្លាញផ្លូវជាតិលេខ21A និងទប់ស្កាត់ការបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋដែលអាច កើតមានធ្ងន់ធ្ងរដូចករណីនៅផ្សារស្អាងព្រែកតូចដោយសារតែការធ្វើប្រតិបត្តិការបូមខ្សាច់នេះ យើងខ្ញុំ គោរពស្នើសុំអន្តរាគមន៍ដូចខាងក្រោម៖
១- មេត្តាអន្តរាគន៍ទៅរដ្ឋបាលខេត្តកណ្តាលបិទអាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែនិង បញ្ឈប់ប្រតិបត្តិការបូមខ្សាច់ទាំងអស់នៅតាមបណ្តោយទន្លេបាសាក់ (ផ្លូវជាតិ21A) ២- ស្នើឲ្យសងនូវការខូចខាតការបាក់ដី ឬផ្ទះរបស់ប្រជាពលរដ្ឋរងគ្រោះតាមជាក់ស្ដែង
៣- ស្នើឲ្យក្រុមហ៊ុន ឬម្ចាស់អាជីវកម្មបូមខ្សាច់ ធ្វើការជួសជុលផ្លូវជាតិ21A ឲ្យបានស្អាតដូចដើម ។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី មេត្តាពិនិត្យ និងជួយផ្តល់យុត្តិធម៌ដល់យើងខ្ញុំដោយក្ដីអនុគ្រោះបំផុត។ សូម សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី មេត្តាទទួលនូវការគោរព៕
ដោយ : សិលា