ភ្នំពេញ៖ យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជា ទទួលបានចំនួនភ្ញៀវទេសចរអន្តរជាតិចំនួន ១,២លាននាក់ កើនឡើង ៧០០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយទេសចរថៃ វៀតណាម និងចិន ជាទីផ្សារទេសចរណ៍ធំបំផុតរបស់កម្ពុជា។
របាយការណ៍ដដែលបន្តថា កម្ពុជា ទទួលបានភ្ញៀវទេសចរថៃ ចំនួនជាង៤២ម៉ឺននាក់ ភ្ញៀវទេសចរវៀតណាម ជាង២០ម៉ឺននាក់ និងភ្ញៀវទេសចរមកពីប្រទេសចិនជាង ១៣ម៉ឺននាក់ ដែលរួមចំណែក ៣២ភាគរយ ១៦ ភាគរយ និង១០ភាគរយនៃចំនួនភ្ញៀវទេសចរបរទេសសរុប។ ទីផ្សារទេសចរបរទេសដទៃទៀត មានប្រទេសឡាវ សហរដ្ឋអាមេរិក កូរ៉េ បារាំង រុស្ស៊ី អង់គ្លេស និងឥណ្ឌូនេស៊ី។
ទេសចរបរទេស ចូលទស្សនាកម្ពុជា ប្រមាណជាង ៤៨ម៉ឺននាក់ ឬ៣៧ ភាគរយ ធ្វើដំណើរតាមផ្លូវអាកាស នៃអាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា ខណៈដែលទេសចរបរទេសចូលតាមច្រកព្រំដែន និងផ្លូវទឹក ប្រមាណ៨០ម៉ឺននាក់ ឬ៦៣ភាគរយ។
ទន្ទឹមនឹងនេះ ទេសចរខ្មែរ ដើរកម្សាន្តទៅក្រៅប្រទេស ក្នុងរយៈពេលបីខែដើមឆ្នាំ២០២៣នេះ មានចំនួន ជាង៤០ម៉ឺននាក់ កើនឡើងជាង១ពាន់ភាគរយ។
ក្នុងខែមីនាតែមួយ ទេសចរបរទេសទស្សនាកម្ពុជា មានចំនួន ជាង៤៥ម៉ឺននាក់ ។ ខណៈកំណើនទេសចរអន្តរជាតិ គឺបន្ទាប់ពីរាជរដ្ឋាភិបាល បានបើកប្រទេសឡើងវិញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ នៅពេលដែលរាជរដ្ឋាភិបាល គ្រប់គ្រងការរីករាលដាលជំងឺកូវីដ-19 បានយ៉ាងមានប្រសិទ្ធភាព។
សូមជម្រាបថា មុនការរាតត្បាតនៃជំងឺកូវិដ១៩ កាលពីឆ្នាំ២០១៩កន្លងទៅ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានចំនួនជាង ៦.៦លាននាក់ ដោយបង្កើតមុខរបរ និងការងារទេសចរណ៍ប្រមាណ ៦៣ម៉ឺននាក់ ចំណូលទេសចរណ៍អន្តរជាតិប្រមាណ ៤,៩១៩លានដុល្លារ និងរួមចំណែកប្រមាណ ១២%នៃផលិតផលក្នុងស្រុកសរុប៕ ដោយ៖សហការី