ភ្នំពេញ÷ អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម វិចិត្រអក្ខរា មានប្រសាសន៍នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នេះថា ក្រុមប្រឹក្សាធម្មនុញ្ញបានទទួលពាក្យបណ្តឹងរបស់គណបក្សភ្លើងទៀន និងគណបក្សមហា សាមគ្គីជាតិខ្មែរ រួចហើយ ។ តាមច្បាប់មានពេល ១០ថ្ងៃ ក្រោយទទួលពាក្យបណ្តឹងដើម្បីពិនិត្យសម្រេច។ មក ដល់ពេលនេះ ខាងជំនាញបានបញ្ជូនឯកសារក្នុងក្រប ខណ្ឌបច្ចេកទេសជូនទៅសមាជិកទាំង ៩រូប ដើម្បីពិនិត្យបឋម។ លោកបានបញ្ជាក់ថា តាមគម្រោង នៅក្នុងសប្តាហ៍នេះ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងប្រជុំពិនិត្យសម្រេចលើពាក្យប្តឹងតវ៉ា របស់គណបក្សទាំងពីរ។
គួរបញ្ជាក់ថា គណបក្សភ្លើងទៀន និងគណបក្សមហា សាមគ្គីជាតិខ្មែរបានដាក់ពាក្យប្តឹងតវ៉ាទៅនឹងការសម្រេច របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទៅក្រុមប្រឹក្សាធម្មនុញ្ញ ។ គណបក្សភ្លើងទៀន និងគណ បក្សមហាសាមគ្គីជាតិខ្មែរ នឹងដឹងលទ្ធផលចុងក្រោយរបស់ ខ្លួនក្នុងសប្តាហ៍នេះ ពាក់ព័ន្ធនឹងការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញជុំវិញអនាគតចួលរួម ឬ មិនបានចូលរួមក្នុងការបោះឆ្នោតសកលខែកក្កដាខាងមុខនេះ។
គណបក្សភ្លើងទៀននិងគណបក្សមហាសាមគ្គីជាតិខ្មែរ កាលពីថ្ងៃទី១៩ឧសភាឆ្នាំ២០២៣ បានដាក់ពាក្យប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមិនឱ្យគណបក្សនយោបាយទាំង២ចុះបញ្ជីឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រ ដោយសារមិនបំពេញតាម ឯកសារនៃនីតិវិធីរបស់គជបបានតម្រូវ។
យោងតាមគ.ជ.ប.គណបក្សនយោបាយទាំង២នេះមិន បានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃដែលមានបញ្ជាក់នីត្យានុកូលកម្មដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ ការិយាល័យច្រកចេញចូលតែមួយឱ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២នៃចំណុចទី១ក្នុង មាត្រា២៧ច្បាប់ស្តីការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ។
អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញលោក ព្រហ្មវិចិត្រអក្ខរា បានថ្លែងនៅថ្ងៃទី២៣ឧសភាឆ្នាំ ២០២៣ថាក្រុមប្រឹក្សាធម្មនុញ្ញបានទទួលពាក្យបណ្តឹងរបស់ គណបក្សទាំង២រួចហើយ និង ថាក្រុមប្រឹក្សាច្បាប់កំពូលរបស់ជាតិនេះ នឹងប្រជុំពិនិត្យសម្រេចលើពាក្យប្តឹងតវ៉ា៕