សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣នេះបានផ្សាយថា កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានប្រកាសថា ខ្លួនបានបាញ់បង្ហោះដោយជោគជ័យនូវគ្រាប់រ៉ុក្កែតនូរី (Nuri) ដែលផលិតក្នុងស្រុក ហើយបានដាក់ផ្កាយរណបដែលកំពុងដំណើរការទៅកាន់គន្លងតារាវិថី ដែលនេះជាជំហានឆ្ពោះទៅមុខដ៏សំខាន់នៃកម្មវិធីអវកាសដែលកំពុងរីកចម្រើនរបស់ប្រទេស។
នេះគឺជាការបាញ់បង្ហោះលើកទី ៣នៃគ្រាប់រ៉ុក្កែត Nuri ដែលធ្លាប់ទទួលបានជោគជ័យក្នុងការសាកល្បង នាំយកផ្កាយរណបទៅកាន់គន្លងតារាវិថីកាលពីឆ្នាំ២០២២ បន្ទាប់ពីបរាជ័យកាលពីឆ្នាំ២០២១។ គ្រាប់រ៉ុក្កែត៣កំណាត់ដែលមានប្រវែងជាង៤៧ម៉ែត្រនិងទម្ងន់ ២០០តោន បានហោះឡើងទៅលើអាកាសកាលពីវេលាម៉ោង ៦និង ២៤នាទីល្ងាច (ម៉ោងក្នុងតំបន់) ចេញពីមជ្ឈមណ្ឌលអវកាសណារ៉ូ (Naro) ដែលស្ថិតនៅឯតំបន់ឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសកូរ៉េខាងត្បូង។
លោក លី ចុងហូ (Lee Jong-ho) រដ្ឋមន្ត្រីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកូរ៉េខាងត្បូង បានគូសបញ្ជាក់ថា «ផ្កាយរណបដ៏សំខាន់ត្រូវបានភ្ជាប់ជាមួយស្ថានីយឃីង សេចុង (King Sejong) របស់កូរ៉េខាងត្បូងនៅទ្វីបអង់តាក់ទិក ដែលនេះបានសបញ្ជាក់ឱ្យឃើញពីសក្តានុពលរបស់យើង សម្រាប់បេសកម្មបាញ់បង្ហោះផ្កាយរណបផ្សេងៗ និងការរុករកនៅទីអវកាស»។
កូរ៉េខាងត្បូងបានដាក់ចេញនូវមហិច្ឆតាធ្វើប្រតិបត្តិការនៅទីអវកាស រួមទាំងកំណត់គោលដៅចុះចតយានអវកាសលើឋានព្រះចន្ទ នៅឆ្នាំ២០៣២ និងភពអង្គារនៅឆ្នាំ ២០៤៥។ សម្រាប់តំបន់អាស៊ី ចិន ជប៉ុន និងឥណ្ឌា សុទ្ធតែមានកម្មវិធីអវកាសទំនើបៗ ហើយថ្មីៗនេះកូរ៉េខាងជើងបានឈានជើងចូលជាសមាជិកនៃប្រទេសដែលមានសមត្ថភាពបាញ់បង្ហោះផ្កាយរណបផ្ទាល់ខ្លួន៕ ដោយធីរីណា
រូបថត: Reuters