ភ្នំពេញ : សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងថា គិតចាប់ពីខែសីហា ឆ្នាំ២០២៣ ទៅ គឺរាជរដ្ឋាភិបាលកម្ពុជា នឹងអនុវត្តន៍នូវគោលនយោបាយថ្មី ចំពោះស្ត្រីពពោះ និងឆ្លងទន្លេគឺត្រូវផ្លាស់ប្ដូរ ដោយនឹងបន្ថែមថវិកាទាំងការពិនិត្យផ្ទៃពោះ និងការឆ្លងទន្លេ រួមទាំងការឧបត្ថម្ភក្រោយសម្រាលផងដែរ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបែបនេះ នៅព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) សរុបចំនួន ១៩.០០០នាក់ មកពីរោងចក្រ ម៉ាវ៉ល ហ្គាមិន (Marvel Garment), Rongwing Garment និងរោងចក្រ DNQIAN TEXTILE CAMBODIA។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ចាប់ពីខែសីហា ឆ្នាំ២០២៣នេះទៅ ស្ត្រីដែលមានផ្ទៃពោះទៅពិនិត្យផ្ទៃពោះម្ដងនៅមណ្ឌលសុខភាព និងទទួលបានប្រាក់ឧបត្ថម្ភ ៨ម៉ឺនរៀល ខណៈការឆ្លងទន្លេនឹងទទួលថវិកាបានចំនួន ៤០ម៉ឺនរៀល និងការថែទាំក្រោយឆ្លងទន្លេការពិនិត្យសុខភាពម្ដងទៀត នៅមណ្ឌលសុខភាពនឹងទទួលបានប្រាក់ចំនួន ៨ម៉ឺនរៀលបន្ថែម រហូតដល់កូនអាយុបាន២ឆ្នាំ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖ កម្មករ-កម្មារិនីនៅកម្កុជា ទទួលបានបៀវត្សខ្ពស់ជាងគេបើធៀបនឹងបណ្តាប្រទេសមួយចំនួន ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យដឹងថា ប្រាក់បៀវត្សកម្មករ-កម្មារិនីនៅប្រទេសស្រីលង្កាទទួលបាន ៣៦ដុល្លារអាមេរិកក្នុងមួយខែ, ប្រទេសបង់ក្លា ៧៦ដុល្លារអាមេរិក ប្រទេសឡាវ ទទួលបាន ៧១ដុល្លារ តែប្រទេសឡាវប្រហែលជាមានទាក់ទិនជាមូយនឹងអត្រាប្តូរប្រាក់ តែគោលនយោបាយប្រាក់បៀវត្សអាចនឹងខ្ពស់ជាង ប៉ុន្តែដោយសារអតិផរណា បាត់បង់តម្លៃប្រាក់ទាប ទើបធ្វើឱ្យកម្មករទទួលបានប្រាក់បៀវត្សតិចជាង ហើយប្រទេសម៉ាយ៉ាន់ម៉ា កម្មករទទួលបានប្រាក់បៀវត្សត្រឹម ៦៩ដុល្លារតែប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា នៅពេលដែលមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុដទាំងអស់ មិនទទួលបានការតម្លើងប្រាក់ខែនៅឆ្នាំ២០២០ ឆ្នាំ២០២១ ឆ្នាំ២០២២ ប៉ុន្តែក្មួយៗ កម្មករ-កម្មារិនីបែរជាទទួលបានការឡើងប្រាក់ខែទៅវិញ បើទោះបានឡើងតិចតួចក្តីក៏ប្រសើរជាងមិនបានឡើងដែរ។ សម្តេចតេជោបញ្ជាក់ថា នេះជាបញ្ហាដែលរាជរដ្ឋាភិបាលបានខិតខំដោះស្រាយបញ្ហាការទ្រទ្រង់ជីវភាពរបស់ក្មួយៗកម្មករបានជោគជ័យ ស្របពេលដែលស្ថានភាពប្រទេសកម្ពុជាជួបនឹងវិបត្តិជំងឺកូវីដ១៩ ដោយសង្ឃឹមថា នឹបន្តដំណើរអភិវឌ្ឍសេដ្ឋកិច្ច និងប្រទេសជាតិឱ្យមានភាពជឿនលឿនថែមទៀត៕
ដោយ : សហការី