ក្បាច់គុនបុរាណខ្មែរចំនួន៣គ្រោងសំយោគបញ្ចូលគ្នា ដើម្បីបញ្ចូលក្នុងកម្មវិធីលំហាត់ហ្វឹកហ្វឹនដល់កងទ័ពកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីចូលរួមអភិវឌ្ឍ និងអភិ រក្សក្បាច់គុនបុរាណខ្មែរចំនួន៣ផ្សេងគ្នា គឺប្រដាល់ក្បាច់បុរាណខ្មែរ, យុទ្ធគុនខម និងក្បាច់គុនល្បុក្កតោ

...
គឺសហព័ន្ធកីឡាទាំង ៣នេះគ្រោងធ្វើសំយោគបញ្ចូលគ្នាដោយជ្រើសរើសយកក្បាច់គុនសំខាន់ៗមួយចំនួនដែលស័ក្តិសមឲ្យកងយោធពលខេមរភូមិន្ទធ្វើការហ្វឹកហាត់ដោយ បង្កើតគណៈកម្មការចម្រុះមួយដើម្បីដាក់បញ្ចូលក្នុងកម្មវិធីលំហាត់ហ្វឹកហ្វឺនរបស់កងយោធពលខេមរភូមិន្ទទាំងនេះគឺជាខ្លឹមសារសំខាន់ឈានទៅរកការចុះអនុស្សរណៈយោគយល់គ្នា រវាងក្រសួងការពារជាតិនឹងសហព័ន្ធកីឡាបុរាណទាំង៣ខាងលើសម្រាប់ទៅចងក្រងជាសៀវភៅដើម្បីបណ្តុះបណ្តាលដល់កងទ័ព។ ការពិភាក្សាស្តីពីគម្រោងនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២២ ខែមិថុនាឆ្នាំ២០១៦នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ពីធីចុះអនុស្សរណៈយោគយល់គ្នា រវាងលោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនិងជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនឹងជាអនុប្រធាន គណៈកម្មការរៀបចំក្បាច់គុននៃកងយោធពលខេមរភូមិន្ទជាមួយលោក វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡា ប្រដាល់កម្ពុជា និងលោក យូ ស៊ីណែត ប្រធានសមាគមយុទ្ធគុនខម ដោយមាន ការអញ្ជើញចូលរួមជាសាក្សីពីសំណាក់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំ ពិកកម្ពុជានាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា នេះជាប្រវត្តិសាស្ត្រមួយដែលក្បាច់គុន បុរាណខ្មែរទាំង៣ត្រូវបានយកមកសំយោគ បញ្ចូលគ្នាឲ្យក្លាយជាក្បាច់គុនថ្មីមួយ សម្រាប់ដាក់បញ្ចូលក្នុងកម្មវិធីលំហាត់ ហ្វឹកហ្វឺនរបស់កងទ័ព។ ពិសេសនៅដើមឆ្នាំ២០១៧ខាងមុខកម្ពុជានឹងដាក់ឯកសាររបស់ក្បាច់គុនល្បុក្កតោទៅអង្គការយូណេស្កូដើម្បីចុះបញ្ជីបេតិកភណ្ឌពិភពលោកនៃសម្បត្តិវប្បធម៌អរូបីរបស់មនុស្សជាតិ ។

ដោយឡែកនាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ ថា ថ្វីដ្បិតតែពេលនេះ ជាយុគសម័យនៃការរីកចម្រើនខាងសព្វាវុធ ប៉ុន្តែក្បាច់គុនគឺជាផ្នែកមួយសំខាន់ដល់កងទ័ពពិសេសកងរាជអាវុធហត្ថ ។ ការចុះអនុស្សរណៈយោគយល់គ្នានេះដើម្បីកសាង ក្បាច់គុនថ្មីមួយសម្រាប់កងទ័ពហើយក៏ជាការរក្សាកេរដំណែលមរតកដូនតារបស់ខ្មែរដែល មានតាំងពីយូរលង់មកហើយដោយពួកគាត់យកក្បាច់ទាំងនេះសម្រាប់ធ្វើសឹកសង្គ្រាម និងការពារទឹកដី ។

លោក ថោង ខុន ក្នុងនាមប្រធានគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជាលោកយល់ឃើញថា យន្តការរួមគ្នានេះគឺជ័រកាវសម្រាប់ ផ្សារភ្ជាប់សមរភូមិមុខនិងសមរភូមិក្រោយ ពីព្រោះមហាជនប្រជាជនជាអ្នកហាត់ក្បាច់គុនជាតិ ហើយផ្ទេរចំណេះដឹងនេះដល់ កងទ័ព និងធ្វើការរួមគ្នាបំពេញកាតព្វកិច្ច ឲ្យគ្នាទៅវិញទៅមកដើម្បីផ្សំផ្គុំទស្សនៈ ក្បាច់គុនជាតិខ្មែរតែមួយឲ្យស្ថិតក្នុងដួង ព្រលឹងជាតិខ្មែរគ្រប់ៗរូបគ្រប់មជ្ឈដ្ឋាននៃជីវភាពសង្គម ពិសេសឲ្យព្រលឹងក្បាច់គុនបុព្វបុរសខ្មែរសណ្ឋិតក្នុងដួងព្រលឹងយោធិនរបស់យើងគ្រប់ៗគ្នា។

លោករដ្ឋមន្ត្រីបន្តថា ឆ្នាំ២០២៣គឺជាពេលវេលាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាសុីហ្គេម។ ដូច្នេះកម្ពុជានឹងត្រៀមខ្លួនបង្ហាញ នូវក្បាច់គុនដែលជាកេរមរតករបស់ខ្លួននៅពេលនោះគ្រប់បណ្តាប្រទេសលើពិភពលោកនឹងបានស្គាល់ពីអារ្យធម៌ វប្បធម៌ សិល្បៈក្បាច់គុនបុរាណខ្មែរគ្រប់ទម្រង់។ ជាមួយគ្នានោះដែរក្បាច់គុនបុរាណខ្មែរក៏មានឈ្មោះនៅក្នុងបញ្ជីនៃការប្រកួតកីឡាសុីហ្គេមព្រមគ្នាតែម្តង ។

ក្រោយពិធីចុះអនុស្សរណៈយោគយល់គ្នាខាងលើរួច លោក ហ៊ុន ម៉ាណែត បាន បញ្ជាក់ថា ក្បាច់គុនសំខាន់ៗទាំង៣នឹង ត្រូវសំយោគបញ្ចូលគ្នាដោយចាប់ផ្តើមពីឆ្នាំ២០១៧ខាងមុខក្រោយពីធ្វើសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលគ្រូបង្គោលរួចក្បាច់គុននេះនឹងត្រូវដាក់ឲ្យកងយោធពលខេមរ ភូមិន្ទហ្វឹកហាត់គ្រប់អង្គភាពតែម្ដង។ លោកបញ្ជាក់ថា ក្រោយពេលកងយោធ ពលខេមរភូមិន្ទបង្កើតក្រុមការងារមួយដើម្បីសិក្សាស្រាវជ្រាវ និងចងក្រងឯកសារសៀវភៅស្តីពីក្បាច់គុនទាំង៣រួចហើយយើងនឹងដាក់បញ្ចូលទៅក្នុងកម្មវិធីលំហាត់ហ្វឹកហ្វឺន របស់កងទ័ពឲ្យបានរលូននិងមានប្រសិទ្ធភាពខ្ពស់ ៕

photo798693325706209272

photo798693325706209274

photo798693325706209273

8x0157ta

photo798693325706209275

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print